ពលរដ្ឋជិត១០០នាក់ តំណាងអោយពលរដ្ឋជាង៩០០គ្រួសារ ដែលមានជម្លោះដីធ្លីនៅក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បាននាំគ្នាទៅសាលាស្រុក នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា។ ពួកគេទាមទារអោយអភិបាលស្រុកឆ្លូង បំភ្លឺពីករណីដែលអាជ្ញាធរពុំបានវាស់វែងដីប្រគល់អោយពួកគេ អោយបានចប់សព្វគ្រប់ទៅតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលសម្រេចប្រគល់ដីទំហំជាង៣.០០០ហិកតារ ទៅអោយពលរដ្ឋ ដើម្បីបញ្ចប់ជម្លោះដីធ្លីនៅក្នុងឃុំ។
តំណាងអ្នកភូមិម្នាក់បាននិយាយដោយមិនបញ្ចេញឈ្មោះថា អ្នកភូមិបានទន្ទឹងចាំការចុះវាស់វែងដីធ្លី នោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ម្ដងហើយម្ដងទៀត រហូតដល់មានក្រុមនិស្សិតចុះទៅវាស់វែងដីក្នុងតំបន់ក្បែរនោះ បានបដិសេធពុំវាស់ដីអោយពួកគេទៀត ទើបដាច់ចិត្តនាំគ្នាមកសុំការបំភ្លឺពីសាលាស្រុក។
ការប្រមូលផ្ដុំរបស់អ្នកភូមិបានបញ្ចប់ទៅវិញនៅម៉ោងជាង៣ បន្ទាប់ពីពួកគេបានការសន្យាពីអភិបាលរងស្រុកឆ្លូង ថានឹងពិនិត្យករណីនេះឡើងវិញ និងជូនដំណឹងទៅពលរដ្ឋនៅពេលក្រោយទៀត។
តាមការអះអាងរបស់ពលរដ្ឋបានអោយដឹងថា រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយ កាលពីខែមេសា ឆ្នាំ២០១២ កន្លងមក ដោយសម្រេចប្រគល់ដីទំហំ៣.៦៧១ហិកតារ ទៅអោយពលរដ្ឋចំនួន៩៩៨គ្រួសារ ដែលត្រូវរំលោភយកដោយឈ្មួញ និងអ្នកមានអំណាចមួយក្រុម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។