ក្រុមអ្នកភូមិជាច្រើនគ្រួសារ បានអំពាវនាវសុំឲ្យក្រុមយុវជនស្ម័គ្រចិត្តរបស់រដ្ឋាភិបាល ចុះទៅពិនិត្យមើលទីតាំងដីព្រៃរបស់រដ្ឋជាច្រើនហិកតារ នៅភូមិយាងដង្គុំ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ដែលពុំមានដីបង្កបង្កើនផលនៅក្នុងមូលដ្ឋាន។
លោក ឌឿន អើយ ជំនួយការភូមិយាងដង្គុំ បានថ្លែងនៅថ្ងៃសុក្រ ទី១៧ ខែសីហា ថា ដីព្រៃរបស់រដ្ឋជាច្រើនរយហិកតារ នៅចំណុចព្រៃដា ចំណុចគោកទោល និងដីនៅជាប់ព្រំប្រទល់ឃុំសឹង សរុបមានទំហំជាង៣០០ហិកតារ ត្រូវបានគេឃុបឃិតលក់ដូរ និងកំពុងរត់ការធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យអ្នកមានធនធានមួយចំនួន នៅក្រៅឃុំអូរបីជាន់ និងទៅពីខេត្តផ្សេង។
លោក ឌឿន អើយ៖ «៤៥ហិកតារ នៅគោកទោល តាតាំង ជាប់ឃុំសឹង ២៨ហិកតារ ព្រៃដា ២៤៧ហិកតារ អត់មានអ្នកណាឈូសឆាយទេ។ ខ្ញុំឈ្លោះគ្នាជាមួយចៅហ្វាយស្រុកម្ដង ខ្ញុំថា លោកអ្ហែង ហ៊ានតែមកឈូសឆាយដីនេះ ប្រជាពលរដ្ឋខ្ញុំក៏អាចទៅរស់នៅបានដែរ អ៊ីចឹង គាត់អត់ហ៊ានទៅឈូសឆាយទេ ស្អាត អត់មានចម្ការទេ ចែកជូនគាត់អ្នកអត់ហ្នឹងមួយរ៉ៃ ពីររ៉ៃក៏ដោយ ឲ្យតែមាន»។
លោកបន្តថា នៅភូមិយាងដង្គុំ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋជាងមួយរយគ្រួសារ ពុំមានដីស្រែ ដីចម្ការ និងគ្រួសារទើបរៀបការថ្មីមួយចំនួនទៀត នៅពុំទាន់មានដីលំនៅឋានសម្រាប់សង់លំនៅឋាន។ ប្រជាពលរដ្ឋបានចូលទៅរស់នៅក្នុងភូមិយាងដង្គុំ តាំងពីឆ្នាំ១៩៩៥ និងឆ្នាំ១៩៩៦។ ពីមុនមក ភូមិនេះចម្រុះឲ្យឃុំសឹង ប៉ុន្តែនៅឆ្នាំ១៩៩៨ រដ្ឋាភិបាលបានកាត់ចេញពីឃុំសឹង មកដាក់នៅក្នុងឃុំអូរបីជាន់ វិញ។
លោក ហេង សុវណ្ណ មេភូមិយាងដង្គុំ បានថ្លែងថា ពុំមានដីនៅសេសសល់នៅក្នុងភូមិ សម្រាប់រៀបចំដីសម្បទានសង្គមកិច្ចចែកជូនប្រជាពលរដ្ឋ។ ទោះយ៉ាងនេះក្ដី ក្រុមអ្នកភូមិបានអះអាងថា ដីព្រៃនោះត្រូវបានគេលក់ ប៉ុន្តែនៅពុំមានការកាប់ឆ្ការបង្កបង្កើនផលនោះទេ។
ទាក់ទិនករណីនេះ លោក កែវ សែន អភិបាលស្រុកអូរជ្រៅ បានប្រតិកម្ម ដោយចោទសួររកឈ្មោះប្រជាពលរដ្ឋ និងលិខិតស្នើសុំតាមរយៈអាជ្ញាធរមូលដ្ឋាន៖ «ខ្ញុំមានមេភូមិ ខ្ញុំមានមេឃុំ ខ្ញុំធ្វើអត្តសញ្ញាណកម្មហើយអស់ហើយថា រង់ចាំតែការងារគេចុះធ្វើតាមដំណាក់កាលនីមួយៗហើយតើ មានបញ្ហាអីគឺថាគេមានរចនាសម្ព័ន្ធភូមិឃុំរបស់គេដឹងថា»។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំសេចក្ដីបញ្ជាក់ពីលោកមេឃុំអូរបីជាន់ ប៉ុន្តែនៅពុំទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីខាងលើនេះបានទេ។
លោក ឌឿន អើយ ជាជំនួយការភូមិយាងដង្គុំ បានអះអាងថា លោក សួង មឿន ជាមេឃុំអូរបីជាន់ បានហៅលោកទៅស្ដីបន្ទោស ដោយចោទថា រូបលោកបានបង្កើតចលនាទាមទារដីធ្លីខុសច្បាប់។
លោកបន្តថា អាជ្ញាធរមូលដ្ឋានពុំបានគិតគូរជួយដោះស្រាយរកដីចែកជូនប្រជាពលរដ្ឋ ដែលអត់ដីនោះទេ។ ករណីនេះ ក្រុមអ្នកភូមិបានត្រៀមខ្លួនរង់ចាំក្រុមនិស្សិតចុះទៅតំបន់នោះ ដើម្បីពួកគាត់នាំគ្នាចុះទៅចង្អុលបង្ហាញទីតាំងដីព្រៃរបស់រដ្ឋ ដែលគេបានកាត់លក់។
ប្រធានសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែងថា សមាគមអាដហុក មានការព្រួយបារម្ភ និងមើលឃើញថា បុគ្គលមួយចំនួនកាន់កាប់ដីកាន់តែច្រើនឡើង។ នៅក្នុងយុទ្ធនាការអនុវត្តគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋមានជនឱកាសនិយមជាច្រើន បានទៅរំលោភបំពានយកដីសាធារណៈរបស់រដ្ឋ ដូចជាដីព្រៃ ដីក្នុងតំបន់អភិរក្សជាដើម៖ «យើងឃើញដីមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ គឺគ្មានដីកន្លែងណាថាជាដីអត់ម្ចាស់ទេ សូម្បីដីនៅក្នុងតំបន់អភិរក្សក៏ដោយ។ បញ្ហាដែលរងគ្រោះជាងគេ គឺទាក់ទងទៅនឹងកំណើនប្រជាពលរដ្ឋ គាត់មានគូរស្រករ លំនៅឋានថ្មី ត្រូវការដីស្រែចម្ការសម្រាប់ប្រកបមុខរបរ»។
លោកបន្តថា នៅខេត្តបន្ទាយមានជ័យ អ្នកមានលុយមានអំណាចនៅតែបន្តកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋកាន់តែច្រើន និងកាន់តែខ្លាំង។ ចំណែកអ្នកក្រីក្រ នៅតែអត់ដីដដែល។ លោកបានសុំឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ឲ្យបានខ្លាំង ចំពោះប្រជាពលរដ្ឋដែលនៅតាមតំបន់ព្រំដែន ដើម្បីបានដីបង្កបង្កើនផលចិញ្ចឹមជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។