ពលរដ្ឋ​១២​គ្រួសារ​ស្នើ​ដក​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​អង្គការ​សុវណ្ណា

តំណាង​អ្នក​ភូមិ​ប្រលាន អ្នកស្រី គីម យាង ឲ្យ​ដឹង​ថា អ្នក​ភូមិ​ចំនួន​១២គ្រួសារ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​លើ​លិខិត​ស្នើសុំ​ដក​ខ្លួន​ចេញ ទៅ​សាលា​ឃុំ​កណ្ដោល ក្នុង​ស្រុក​បុទុមសាគរ នៅ​ថ្ងៃ​ទី​១ ខែ​សីហា។
ដោយ ទេព សុរ៉ាវី
2012-08-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្នុង​លិខិត​នោះ អ្នក​ភូមិ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ឃុំ ធ្វើ​លិខិត​បញ្ជាក់​ថា ពួក​គេ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​អង្គការ​បរិស្ថាន​ឈ្មោះ អង្គការ​សុវណ្ណា ប្រយោជន៍​ដើម្បី​ឲ្យ​ពួក​គាត់​អាច​រស់នៅ​ដោយ​ឯករាជ្យ។

អ្នកស្រី​បន្ត​ថា អង្គការ​សុវណ្ណា ដែល​មាន​ទិសដៅ​ការពារ​បរិស្ថាន បាន​កៀងគរ​ប្រមូល​អ្នក​ភូមិ​ដែល​រស់នៅ​ក្នុង​តំបន់​ព្រៃ ឲ្យ​មក​រស់នៅ​ជុំ​គ្នា ក្នុង​ភូមិ​ថ្មី​មួយ​ឈ្មោះ​ថា ភូមិ​សុវណ្ណា​បៃតង ដែល​មាន​ទំហំ​ជាង​៣ពាន់​ហិកតារ តាំង​ពី​ឆ្នាំ​២០០៤។ អង្គការ​នេះ​បាន​ចែក​ដី​ទំហំ​១ហិកតារ​កន្លះ ដល់​អ្នក​ភូមិ​ក្នុង​មួយ​គ្រួសារ សម្រាប់​បង្កបង្កើន​ផល និង​សន្យា​ថា នៅ​ពេល​ដែល​អ្នក​ភូមិ​មក​រស់នៅ​បាន​រយៈពេល​៥ឆ្នាំ នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ពួក​គេ​ស្រប​ច្បាប់។

តែ​រយៈពេល​៨ឆ្នាំ​មក​ហើយ អង្គការ​សុវណ្ណា នៅ​តែ​មិន​ទាន់​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​អ្នក​ភូមិ ធ្វើ​ឲ្យ​ពួក​គាត់​អស់​សង្ឃឹម។ រួម​ផ្សំ​នឹង​ការ​បង្កបង្កើន​ផល​មិន​បាន​ទាន់​តាម​ការ​កំណត់ តាម​គោលការណ៍​របស់​អង្គការ ម្យ៉ាង​វិញ​ទៀត អង្គការ​នេះ​ក៏​បាន​ផ្តាច់​ជំនួយ​អង្ករ​ដល់​អ្នក​ភូមិ​ជិត​៣ឆ្នាំ​មក​ហើយ ធ្វើ​ឲ្យ​ពួក​គាត់​ខ្វះខាត​ជីវភាព ទើប​សម្រេច​ផ្តាច់​ខ្លួន​ចេញ​ពី​អង្គការ​តែ​ម្តង៖ «កុំ​ឲ្យ​គ្មាន​ដី​នឹង​គេ គ្មាន​ធ្វើ​អី​បាន​ហា​ម៉ាត់​ណា ក៏​គេ​ថា​ដី​គម្រោង ហា​ម៉ាត់​ថា​ដី​គម្រោង​អញ្ចឹង។ ចង់​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​ខ្ញុំ»

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ មៀច ម៉ន អាយុ ៥៤ឆ្នាំ ឲ្យ​ដឹង​ស្រដៀង​គ្នា ដោយ​បញ្ជាក់​បន្ថែម​ថា អ្នក​ភូមិ​ទទួល​ដំណឹង​ថា​ក្រុម​និស្សិត​ចុះ​វាស់វែង​ដី​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ទៅ​វាស់វែង​ដី​នៅ​ភូមិ​ប្រលាន នៅ​ដើម​ខែ​សីហា នេះ ទើប​អ្នក​ភូមិ​ចង់​ផ្តាច់​ខ្លួន​ចេញ​ពី​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ និង​ស្នើសុំ​អាជ្ញាធរ​ឃុំ ឲ្យ​ក្រុម​និស្សិត​ទាំង​នោះ​ចុះ​ទៅ​វាស់វែង​ដី ដែល​ពួក​គាត់​កំពុង​កាន់​កាប់​ក្នុង​តំបន់​ដែល​អង្គការ​បរិស្ថាន​គ្រប់គ្រង៖ «ទាម​ទារ​ប្រាប់​មេឃុំ​ថា ខ្ញុំ​មិន​រស់នៅ​ក្រោម​គម្រប មិន​ឲ្យ​មាន​នរណា​គាប​សង្កត់​ខ្ញុំ​អញ្ចឹង។ ខ្ញុំ​ចង់​ធ្វើ​អី​បាន​ស្រេច​តែ​ខ្ញុំ​អញ្ចឹង ប៉ុន្តែ​ថា នៅ​តែ​ដី​ហ្នឹង​ដដែល»

មេឃុំ​កណ្ដោល លោក គីម ជួន ឲ្យ​ដឹង​ថា លោក​មិន​ទាន់​បាន​ឃើញ​លិខិត​ស្នើសុំ​របស់​អ្នក​ភូមិ​នៅ​ឡើយ​ទេ តែ​គាត់​បាន​ប្រជុំ​ជាមួយ​តំណាង​សហគមន៍​អំពី​បញ្ហា​នេះ​ដែរ នៅ​ថ្ងៃ​ទី​១ ខែ​សីហា។ លោក​នៅ​មិន​ទាន់​អាច​ឆ្លើយ​តប​អ្វី​ចំពោះ​សំណើ​សុំ​របស់​អ្នក​ភូមិ​ទេ ដោយ​រង់ចាំ​សិក្សា​ពី​ករណី​នេះ​បន្ថែម​ទៀត។

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កណ្ដោល លោក ឆាយ បូ ដែល​ចូល​រួម​ប្រជុំ​ជាមួយ​តំណាង​សហគមន៍ នៅ​សាលា​ឃុំ ឲ្យ​ដឹង​ថា អ្នក​ភូមិ​ចង់​ឲ្យ​ក្រុម​និស្សិត​វាស់វែង​ដី​ទំហំ​១ហិកតារ​កន្លះ ដែល​អង្គការ​សុវណ្ណា ចែក​ឲ្យ​ពួក​គេ ដើម្បី​ឲ្យ​ដី​ទាំង​នោះ​ក្លាយ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​គាត់។

លោក​បន្ត​ថា អ្នក​ភូមិ​មួយ​ចំនួន​ចង់​ធ្វើ​ការ​ចំណាក​ស្រុក ទៅ​រក​ការងារ​ធ្វើ តែ​ពួក​គេ​មិន​អាច​ទៅ​បាន ដោយ​សារ​តែ​ដី​នោះ​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​អង្គការ​សុវណ្ណា។ ម្យ៉ាង មិន​មាន​ប្លង់​កាន់​កាប់ និង​ខ្លាច​ក្រែង​អង្គការ​នេះ​ដក​ហូត​យក​ដី​ទៅ​វិញ។

លោក​បន្ត​ថា តាម​គម្រោង​ក្រុម​និស្សិត​ទាំង​នោះ នឹង​ទៅ​ចុះ​វាស់វែង​ដី​នៅ​ភូមិ​ប្រលាន នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ខាង​មុខ ហើយ​បើ​ទោះ​បី​ជា​ដី​នោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​បរិស្ថាន​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មាន​គោលដៅ​ទៅ​វាស់​ដីធ្លី​ជូន​អ្នក​ភូមិ នៅ​តំបន់​នោះ​ដដែល ព្រោះ​អង្គការ​បរិស្ថាន បាន​ធ្វើ​ការ​បែងចែក​ដី​ឲ្យ​អ្នក​ភូមិ​កាន់​កាប់​រួច​ហើយ៖ «គាត់​មាន​ក្បាល​ដី​គ្រប់គ្រាន់​អញ្ចឹង ងាយ​ធ្វើ​ការ​ណាស់។ គាត់​ស្នើ​ហ្នឹង មិន​ឲ្យ​អំណោយ ឲ្យ​ស្អី​ក៏​ដោយ ក៏​ក្រុម​ការងារ​របស់​យុវជន​ហ្នឹង​ក៏​នៅ​តែ​វាស់​ឲ្យ និង​នៅ​តែ​ចេញ​ប្លង់​ឲ្យ​ហ្នឹង»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គការ​សុវណ្ណា បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​សីហា។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) លោក អ៊ិន គង់ជិត ឲ្យ​ដឹង​ថា អ្នក​ភូមិ​មាន​សិទ្ធិ​ស្នើសុំ​រស់នៅ​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ស្ថិត​ក្រោម​ការ​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​បរិស្ថាន។ ម្យ៉ាង​វិញ​ទៀត វា​អាច​ជួយ​សម្រាល​បន្ទុក​របស់​អង្គការ​សុវណ្ណា ផង​ដែរ ប្រសិន​បើ​អ្នក​ភូមិ​ទាំង​នោះ អាច​មាន​ឯករាជ្យ​ភាព​ក្នុង​ការ​រស់នៅ​ដោយ​ខ្លួន​ឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល