ពួកគាត់អះអាងថា ក្តីបារម្ភនេះ ដោយសារក្រុមហ៊ុនអភិវឌ្ឍដាំដំណាំកៅស៊ូ ឈ្មោះ សុវណ្ណវុទ្ធី ប្រើគ្រឿងចក្រឈូសរំលោភយក។ ប្រជាពលរដ្ឋបានស្នើទៅក្រុមយុវជនស្ម័គ្រចិត្តរបស់រដ្ឋាភិបាល ជួយចុះវាស់ដីផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ដើម្បីជៀសផុតពីការរំលោភយកពីក្រុមហ៊ុន។
ជនជាតិដើមភាគតិចស្ទៀងជាង១០គ្រួសារ ស្ថិតក្នុងចំណោមជនជាតិដើមភាគតិចដទៃទៀតជាង៥០គ្រួសារ រស់នៅភូមិសំរោងស្រែស្រាយ ឃុំឃ្សិម ស្រុកស្នួល ខេត្តក្រចេះ បានចោទក្រុមហ៊ុន សុវណ្ណវុទ្ធី ថាបានប្រើគ្រឿងចក្រឈូសរំលោភយកដីចម្ការដំឡូងពួកគាត់កំពុងបង្កបង្កើនផល អស់ជាច្រើនហិកតារ។
តំណាងជនជាតិដើមភាគតិចស្ទៀង លោក មុំ រ៉ុន បានអំពាវនាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុន សុវណ្ណវុទ្ធី ឲ្យបញ្ឈប់ឈូសរំលោភយកដីចម្ការពួកគាត់តទៅទៀត។
ជនជាតិស្ទៀងរូបនេះ បានស្នើឲ្យប្រមុខដឹកនាំ ជួយបញ្ជូនក្រុមយុវជនស្ម័គ្រចិត្តចុះវាស់ដីផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ផង ព្រោះកំពុងប្រឈមបាត់បង់ដីលំនៅឋាន និងដីចម្ការ៖ «ដីប្រជាពលរដ្ឋប៉ះពាល់ជាមួយក្រុមហ៊ុន សុវណ្ណវុទ្ធី ជាង១១គ្រួសារ។ ប្រើគ្រឿងចក្រឈូសដាំដំឡូងក្នុងកៅស៊ូពលរដ្ឋតែម្តង»។
លោកបន្តថា ជនជាតិដើមភាគតិចរបស់ពួកគាត់ បានមករស់នៅ និងបង្កបង្កើនផលនាមូលដ្ឋាននេះនៅក្រោយថ្ងៃរំដោះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ។
ជនជាតិដើមផ្សេងទៀត ក៏បានទទូចឲ្យប្រមុខដឹកនាំ និងមន្ត្រីដឹកនាំខេត្តក្រចេះ ជួយផ្តល់សិទ្ធិគ្រប់គ្រងដីលំនៅឋាន និងដីចម្ការឲ្យបានស្របច្បាប់ ដើម្បីជៀសវាងការរំលោភបំពាននាថ្ងៃអនាគត៖ «មិនដឹងថាក្រុមហ៊ុនយួន ឬខ្មែរទេ ប៉ុន្តែពីមុនមកក្រុមហ៊ុន សុវណ្ណវុទ្ធី ខ្ញុំហាមមិនឲ្យឈូសចម្ការ បន្ទាប់មកខ្ញុំដាំ ដល់ដាំដំឡូងហើយ គេឈូសចម្ការចោលទៀត។ ឆ្នាំហ្នឹង ខ្ញុំដាំដំឡូង គេឈូសថែមទៀត ខ្ញុំហាមយ៉ាងម៉េចក៏គេមិនស្តាប់ដែរ គេថាដីរបស់ក្រុមហ៊ុនគេ ហើយមកហាមម៉េចកើត។ ខ្ញុំដាំដំឡូងរួចហើយ តៃកុងគ្រឿងចក្រជនជាតិយួនមកឈូសបំផ្លាញចោល។ ខ្ញុំស្ដាយណាស់ ដាំដំឡូងបានហើយ គេឈូសចោល។ ពួកខ្ញុំរងគ្រោះពីទៅបីដងហើយ ឥឡូវខំធ្វើបានបន្តិចបន្តួច គេរកឈូសបំផ្លាញចោលទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន សុវណ្ណវុទ្ធី ដែលពលរដ្ឋចោទថាបានប្រើគ្រឿងចក្រឈូសរំលោភយកដីចម្ការពួកគាត់បានទេ នៅថ្ងៃសុក្រ ទី២០ ខែកក្កដា។
លោក សំរិទ្ធិ វណ្ណា មន្ត្រីសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តក្រចេះ បានស្នើឲ្យក្រុមការងារចុះវាស់ដី ផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋឲ្យបានគ្រប់គ្នា ដើម្បីកាត់បន្ថយទំនាស់ដីធ្លីនាថ្ងៃខាងមុខ។
លោកទទួលស្គាល់ថា សកម្មភាពចុះបែងចែកដីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរបស់យុវជនស្ម័គ្រចិត្តរដ្ឋាភិបាល ក្នុងប៉ុន្មានសប្ដាហ៍មកនេះ មានសកម្មភាពរស់រវើក និងគាំទ្រពីប្រជាពលរដ្ឋ។ ទាក់ទងបញ្ហានេះ លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ បានឲ្យដឹងថា សកម្មភាពចុះវាស់ដីផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ក្នុងមូលដ្ឋានខ្លួន កំពុងមានសកម្មភាពរាល់ថ្ងៃ និងបានបែងចែកក្រុមការងារជាច្រើនមុខសញ្ញា។
លោកថា សកម្មភាពចុះវាស់ដីមិនអាចចុះធ្វើសកម្មភាពជូនពលរដ្ឋបានព្រមគ្នានោះទេ គឺត្រូវអនុវត្តជាដំណាក់កាលៗ៖ «យុវជនរបស់ខ្ញុំនៅគ្រប់គោលដៅ បើកាលណាទៅដល់ គេធ្វើឲ្យហើយ ប៉ុន្តែបើមិនទាន់ធ្វើឲ្យទេ ខ្ញុំចែកតាមក្រុមនៅតំបន់ហ្នឹង ខ្ញុំដាក់នៅស្វាយជ្រះ នៅស្រែចារ និងនៅពីរធ្នូ។ កាលណាចប់ បានគេចុះមកធ្វើកន្លែងហ្នឹង។ អញ្ចឹង ចំណុចដែលគាត់បានសួរនាំ ប្រហែលអត់ទាន់បានចុះទេ រង់ចាំជំហានទី២»។
ទោះយ៉ាងណា ជនជាតិដើមភាគតិចស្ទៀង រស់នៅឃុំឃ្សិម ស្រុកស្នួល បានស្នើទៅប្រមុខដឹកនាំ និងមន្ត្រីខេត្តក្រចេះ ជួយពន្លឿនសកម្មភាពចុះវាស់ដីផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ព្រោះថា នៅដើមសប្ដាហ៍នេះ ដីចម្ការដំឡូងពួកគាត់ ត្រូវបានគ្រឿងចក្ររបស់ក្រុមហ៊ុនឈ្មោះ សុវណ្ណវុទ្ធី ឈូសរំលោភយក និងគ្មានអាជ្ញាធរជួយទប់ស្កាត់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។