ក្រុមហ៊ុន​ភាពីមិច ចាប់​រឹបអូស​គោយន្ត​ពលរដ្ឋ​នៅ​ពោធិ៍សាត់

ប្រជាពលរដ្ឋ​នៅ​ឃុំ​ពេជចង្វារ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង បាន​ប្រតិកម្ម​ចំពោះ​តំណាង​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច ជា​ជន​ជាតិ​ចិន​ប្រចាំ​នៅ​ការដ្ឋាន​ទី១ ក្នុង​ឃុំ​អន្សាចំបក់ ដែល​បាន​ចាប់​រឹបអូស​យក​ម៉ាស៊ីន​ភ្ជួរ ឬ​ហៅ​ថា​គោយន្ត​របស់​អ្នក​ភូមិ។
ដោយ មណ្ឌល កែវ
2012-08-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អាជ្ញាធរ​ស្រុក​បរិបូណ៌ និង​ស្រុក​ក្រគរ បាន​ធ្វើ​លិខិត​អន្តរាគមន៍ តែ​ពុំ​មាន​ប្រសិទ្ធភាព។

ម៉ាស៊ីន​ភ្ជួរ ឬ​ហៅ​ថា​គោយន្ត​របស់​អ្នក​ភូមិ​ម្នាក់ ត្រូវ​បាន​មេការ​ជន​ជាតិ​ចិន​នៅ​ការដ្ឋាន​ទី១ របស់​ក្រុមហ៊ុន​ភាពីម៉ិច ចាប់​រឹបអូស​យក​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​រូប​នេះ កំពុង​ភ្ជួរ​ស្រែ​របស់​ខ្លួន។

បុរស​ឈ្មោះ កា ស៊ីន ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ ឃុំ​ពេជចង្វារ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ថា មេការ​ចិន​នៅ​ការដ្ឋាន​ទី១ ដែល​គាត់​មិន​ស្គាល់​ឈ្មោះ បាន​នាំ​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់​មក​រឹបអូស​យក​គោយន្ត​គាត់ ដោយ​ចោទ​ប្រកាន់​ថា គាត់​ភ្ជួរ​លើ​ដី​ក្រុមហ៊ុន។

គាត់​ថា គាត់​កាន់​កាប់ និង​បង្ក​បង្កើន​ផល​លើ​ដី​ដែល​មាន​ទទឹង​ប្រមាណ​៥០​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ​២០០​ម៉ែត្រ នៅ​ចំណុច​ដំបូកក្រហម នេះ តាំង​ពី​ឆ្នាំ​១៩៩១ មក​ម្ល៉េះ ស្រាប់​តែ​កាល​ពី​ថ្ងៃ​ទី​០១ សីហា នៅ​ពេល​ដែល​គាត់​កំពុង​ភ្ជួរ មេការ​ចិន​នៅ​ការដ្ឋាន​ទី១ នាំ​កម្លាំង​មក​ចាប់​រឹបអូស​យក​គោយន្ត​គាត់​តែ​ម្ដង៖ «វាល​ណា​បង មិន​មែន​ព្រៃ​ទេ ខ្ញុំ​លើក​ភ្លឺ​ប៉ុណ្ណា​ណី តែ​ចិន​គេ​នាំ​កម្លាំង​ប្រដាប់​អាវុធ និង​កម្មករ​ប្រហែល​៥០​នាក់ កាំភ្លើង​ច្រូងច្រាង​មក​រឹបអូស​យក​តាឡេថង ខ្ញុំ​ទៅ។ ខ្ញុំ​មាន​តែ​២នាក់​បង​ប្អូន អត់​ហ៊ាន​តវ៉ា​គេ​ទេ។ ខ្ញុំ​គ្រាន់​តែ​សុំ​គេ​ថា បើ​យក​ដី​ខ្ញុំ​ក៏​យក​ចុះ តែ​កុំ​យក​តាឡេថង ខ្ញុំ។ គេ​មិន​ព្រម គេ​ថា​ដក​យក​ដើម្បី​កុំ​ឲ្យ​អ្នក​ផ្សេង​យក​តម្រាប់​តាម»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​មេការ​ចិន នៃ​ការដ្ឋាន​ទី១ ឃុំ​អន្សាចំបក់ បាន​ទេ នៅ​ថ្ងៃ​ទី​១៧ សីហា។

យ៉ាង​នេះ​ក្ដី អភិបាល​រង​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង គឺ​លោក ឃួន សៅរ៉ុម មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ភាពីម៉ិច ពិត​ជា​បាន​ចាប់​រឹបអូស​យក​ម៉ាស៊ីន​គោយន្ត​របស់​អ្នក​ភូមិ​មែន។ លោក​បន្ត​ថា លោក​បាន​ធ្វើ​អន្តរាគមន៍​សុំ​ឲ្យ​ដោះលែង​ម៉ាស៊ីន​គោយន្ត​របស់​អ្នក​ភូមិ​មក​វិញ តែ​ក្រុមហ៊ុន​មិន​ព្រម៖ «រឿង​កើត​ឡើង​នៅ​ខាង​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ ទេ តែ​មនុស្ស​នៅ​ខាង​ខ្ញុំ។ ខ្ញុំ​ធ្វើ​លិខិត​អន្តរាគមន៍​សុំ​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច ប្រគល់​គោយន្ត​មក​វិញ សុំ​ទោស​សុំ​ពៃ​អី​គេ​ទៅ តែ​គេ​មិន​ទាន់​ព្រម»

អភិបាល​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោក ទឹម សារិន មាន​ប្រសាសន៍​ថា លោក​ក៏​បាន​ធ្វើ​អន្តរាគមន៍​ឲ្យ​ប្រគល់​ម៉ាស៊ីន​គោយន្ត​មក​ឲ្យ​អ្នក​ភូមិ​វិញ​ដែរ តែ​កិច្ច​អន្តរាគមន៍​របស់​លោក​ហាក់​ពុំ​មាន​ប្រសិទ្ធភាព៖ «ខ្ញុំ​ចារ​លិខិត​ទៅ​សុំ​ឲ្យ​ក្រុមហ៊ុន​សម្រប​សម្រួល​ហើយ។ តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ គេ​នៅ​មិន​ទាន់​ព្រម​ប្រគល់​មក​វិញ​នៅ​ឡើយ»

រាជ​រដ្ឋាភិបាល​តាម​រយៈ ស.ជ.ណ លេខ​១០៩១ បាន​ផ្ដល់​សិទ្ធិ​សម្បទាន​ដី​ព្រៃ​រេចរឹល​ជាង​៣​សែន​ហិកតារ ដល់​ក្រុមហ៊ុន​ភាពីម៉ិច ដើម្បី​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម។ ដី​នេះ​លាត​សន្ធឹង​លើ​ដែន​រដ្ឋបាល នៃ​ខេត្ត​ចំនួន​២ គឺ​កំពង់ឆ្នាំង និង​ពោធិ៍សាត់។

កង្វះ​ការ​សិក្សា​ជា​មុន ពី​ផល​ប៉ះពាល់​បណ្ដាល​ឲ្យ​កើត​មាន​ជម្លោះ​ជា​រឿយៗ រវាង​ក្រុមហ៊ុន​ជាមួយ​អ្នក​ភូមិ។ ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ប្រើ​រូបមន្ត​ស្បែក​ខ្លា ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផល​ប៉ះពាល់​នេះ។ ប៉ុន្តែ អំពើ​ពុក​រលួយ​គួបផ្សំ​នឹង​កង្វះ​ឆន្ទៈ នៃ​មន្ត្រី​ទទួល​បន្ទុក ស្វែង​រក​ដំណោះ​ស្រាយ​ធ្វើ​ឲ្យ​ទំនាស់​ដីធ្លី​នៅ​តែ​មាន​មិន​ចេះ​ចប់​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល