អាជ្ញាធរស្រុកបរិបូណ៌ និងស្រុកក្រគរ បានធ្វើលិខិតអន្តរាគមន៍ តែពុំមានប្រសិទ្ធភាព។
ម៉ាស៊ីនភ្ជួរ ឬហៅថាគោយន្តរបស់អ្នកភូមិម្នាក់ ត្រូវបានមេការជនជាតិចិននៅការដ្ឋានទី១ របស់ក្រុមហ៊ុនភាពីម៉ិច ចាប់រឹបអូសយកក្នុងពេលដែលប្រជាពលរដ្ឋរូបនេះ កំពុងភ្ជួរស្រែរបស់ខ្លួន។
បុរសឈ្មោះ កា ស៊ីន ជាប្រជាពលរដ្ឋនៅភូមិអូរ ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ សីហា ថា មេការចិននៅការដ្ឋានទី១ ដែលគាត់មិនស្គាល់ឈ្មោះ បាននាំកម្លាំងប្រដាប់អាវុធជាច្រើននាក់មករឹបអូសយកគោយន្តគាត់ ដោយចោទប្រកាន់ថា គាត់ភ្ជួរលើដីក្រុមហ៊ុន។
គាត់ថា គាត់កាន់កាប់ និងបង្កបង្កើនផលលើដីដែលមានទទឹងប្រមាណ៥០ម៉ែត្រ និងបណ្ដោយប្រមាណ២០០ម៉ែត្រ នៅចំណុចដំបូកក្រហម នេះ តាំងពីឆ្នាំ១៩៩១ មកម្ល៉េះ ស្រាប់តែកាលពីថ្ងៃទី០១ សីហា នៅពេលដែលគាត់កំពុងភ្ជួរ មេការចិននៅការដ្ឋានទី១ នាំកម្លាំងមកចាប់រឹបអូសយកគោយន្តគាត់តែម្ដង៖ «វាលណាបង មិនមែនព្រៃទេ ខ្ញុំលើកភ្លឺប៉ុណ្ណាណី តែចិនគេនាំកម្លាំងប្រដាប់អាវុធ និងកម្មករប្រហែល៥០នាក់ កាំភ្លើងច្រូងច្រាងមករឹបអូសយកតាឡេថង ខ្ញុំទៅ។ ខ្ញុំមានតែ២នាក់បងប្អូន អត់ហ៊ានតវ៉ាគេទេ។ ខ្ញុំគ្រាន់តែសុំគេថា បើយកដីខ្ញុំក៏យកចុះ តែកុំយកតាឡេថង ខ្ញុំ។ គេមិនព្រម គេថាដកយកដើម្បីកុំឲ្យអ្នកផ្សេងយកតម្រាប់តាម»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីមេការចិន នៃការដ្ឋានទី១ ឃុំអន្សាចំបក់ បានទេ នៅថ្ងៃទី១៧ សីហា។
យ៉ាងនេះក្ដី អភិបាលរងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គឺលោក ឃួន សៅរ៉ុម មានប្រសាសន៍ថា ក្រុមហ៊ុនភាពីម៉ិច ពិតជាបានចាប់រឹបអូសយកម៉ាស៊ីនគោយន្តរបស់អ្នកភូមិមែន។ លោកបន្តថា លោកបានធ្វើអន្តរាគមន៍សុំឲ្យដោះលែងម៉ាស៊ីនគោយន្តរបស់អ្នកភូមិមកវិញ តែក្រុមហ៊ុនមិនព្រម៖ «រឿងកើតឡើងនៅខាងទឹកដីខេត្តពោធិ៍សាត់ ទេ តែមនុស្សនៅខាងខ្ញុំ។ ខ្ញុំធ្វើលិខិតអន្តរាគមន៍សុំឲ្យក្រុមហ៊ុនភាពីម៉ិច ប្រគល់គោយន្តមកវិញ សុំទោសសុំពៃអីគេទៅ តែគេមិនទាន់ព្រម»។
អភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ទឹម សារិន មានប្រសាសន៍ថា លោកក៏បានធ្វើអន្តរាគមន៍ឲ្យប្រគល់ម៉ាស៊ីនគោយន្តមកឲ្យអ្នកភូមិវិញដែរ តែកិច្ចអន្តរាគមន៍របស់លោកហាក់ពុំមានប្រសិទ្ធភាព៖ «ខ្ញុំចារលិខិតទៅសុំឲ្យក្រុមហ៊ុនសម្របសម្រួលហើយ។ តែមិនដឹងជាយ៉ាងម៉េចទេ គេនៅមិនទាន់ព្រមប្រគល់មកវិញនៅឡើយ»។
រាជរដ្ឋាភិបាលតាមរយៈ ស.ជ.ណ លេខ១០៩១ បានផ្ដល់សិទ្ធិសម្បទានដីព្រៃរេចរឹលជាង៣សែនហិកតារ ដល់ក្រុមហ៊ុនភាពីម៉ិច ដើម្បីវិនិយោគដាំដំណាំកសិឧស្សាហកម្ម។ ដីនេះលាតសន្ធឹងលើដែនរដ្ឋបាល នៃខេត្តចំនួន២ គឺកំពង់ឆ្នាំង និងពោធិ៍សាត់។
កង្វះការសិក្សាជាមុន ពីផលប៉ះពាល់បណ្ដាលឲ្យកើតមានជម្លោះជារឿយៗ រវាងក្រុមហ៊ុនជាមួយអ្នកភូមិ។ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រើរូបមន្តស្បែកខ្លា ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់នេះ។ ប៉ុន្តែ អំពើពុករលួយគួបផ្សំនឹងកង្វះឆន្ទៈ នៃមន្ត្រីទទួលបន្ទុក ស្វែងរកដំណោះស្រាយធ្វើឲ្យទំនាស់ដីធ្លីនៅតែមានមិនចេះចប់រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។