សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​លើក​គ្នា​ទាម​ទារ​ដី​ព្រៃ​អភិរក្ស​៤​ហិកតារ

ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ភូមិ​តឺន ឃុំ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី មាន​គ្នា​ជាង​១០០​នាក់ នៅ​ថ្ងៃ​អង្គារ ទី​៣ ខែ​កក្កដា ឆ្នាំ​២០១២ បាន​លើក​គ្នា​ទាម​ទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់ ប្រគល់​ដី​ប្រមាណ​បួន​ហិកតារ​នៅ​ក្នុង​ភូមិ​តឺន ដោយ​សំអាង​ថា​ដី​នោះ គឺ​ជា​ដី​តំបន់​ព្រៃឈើ​សហគមន៍​អភិរក្ស ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​មក​ពី​តំបន់​ផ្សេង​ទៅ​កាប់​រាន​យក​ដោយ​ខុស​ច្បាប់។
ដោយ រដ្ឋា វីសាល
2012-07-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

តំណាង​សហគមន៍ លោក ប៊ុន ស្រួច មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កំណើត​ខ្មែរ​ម្នាក់​ឈ្មោះ ធួន បាន​ចូល​មក​កាប់​រាន​ព្រៃឈើ​នៃ​តំបន់​សហគមន៍​គ្រប់​គ្រង ហេតុ​នេះ​ហើយ​ទើប​ក្រុម​សហគមន៍​ទាម​ទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នោះ​ប្រគល់​ដី​មក​វិញ ដើម្បី​ក្រុម​សហគមន៍​រក្សា​ទុក​ជា​ដី​សមូហភាព​របស់​សហគមន៍។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ឈ្មោះ ធួន នេះ បាន​ចូល​មក​កាប់​រាន​ព្រៃ​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២។ ករណី​នេះ ក្រុម​សហគមន៍​បាន​ប្ដឹង​តវ៉ា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ច្រើន​លើក​មក​ហើយ ក៏​ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះ​ស្រាយ​អ្វី ទើប​ក្រុម​សហគមន៍​សម្រេច​គ្នា​ទៅ​ទារ​យក​ដី​នោះ​មក​វិញ ដោយ​ខ្លួន​ឯង៖ «ប្រជាជន​កំពុង​តស៊ូ​នេះ យក​ដី​សហគមន៍​អានាធិបតេយ្យ។ ដី​នេះ ដី​ព្រៃ ប៉ុន្មាន​លើក​ប៉ុន្មាន​សារ​ហើយ គេ​ប្ដឹង​ហ្នឹង អត់​ចេះ​ព្រម​អត់​ចុះ​ញ៉ម​ទេ»

ទោះ​យ៉ាង​នេះ​ក្តី មិន​មាន​អំពើ​ហិង្សា​អ្វី​ក្នុង​ការ​តវ៉ា​ទាម​ទារ​ដី​នោះ​ទេ ក៏​ប៉ុន្តែ​គេ​ឃើញ​មាន​ក្រុម​ប៉ូលិស​មូលដ្ឋាន​ចំនួន​ប្រាំ​នាក់ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្រុក​ម្នាក់ នៅ​ឃ្លាំ​មើល​នៅ​ទី​កើត​ហេតុ។

ក្រុម​សហគមន៍​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​ខ្មែរ​ឈ្មោះ ធួន បាន​គេច​ខ្លួន​ចេញ​ពី​ដី​មាន​ទំនាស់ បន្ទាប់​ពី​គេ​បាន​បដិសេធ​មិន​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​សហគមន៍​វិញ​ទេ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​បុរស​ឈ្មោះ ធួន ដើម្បី​សុំ​បញ្ជាក់​ពី​ហេតុការណ៍​កើត​មាន​ក្នុង​បញ្ហា​ទាម​ទារ​ដី​នោះ​បាន​ទេ នៅ​ថ្ងៃ​អង្គារ នេះ។

ជំទប់​ទី២ ឃុំ​តឺន លោក គង់ ភៀន ទទួល​ស្គាល់​ថា ដី​ដែល​ក្រុម​សហគមន៍​នាំ​គ្នា​ទៅ​ទាម​ទារ​វិញ​នោះ គឺ​ជា​ដី​បាន​មក​ពី​ការ​កាប់​រាន​ព្រៃឈើ​ក្នុង​សហគមន៍​ភូមិ​តឺន។ លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​នឹង​ហាម​ឃាត់​មិន​ឲ្យ​ឈ្មោះ ធួន ដាំ​ដុះ​លើ​ដី​នោះ​ទេ ហើយ​ដក​ហូត​ដី​នោះ​ទុក​ជូន​សហគមន៍​ប្រើ​ប្រាស់​វិញ៖ «គាត់​កាន់​កាប់​មិន​មែន​កាន់​កាប់​តែ​លើ​ប្លង់​ដី​គាត់​ទេ គឺ​កាន់​កាប់​ព្រៃ​តែម្តង ព្រៃ​ធំៗ ឈើ​ប៉ុន​ណាណី​នោះ អស់​រលីង​ហើយ។ ក្នុង​ហ្នឹង វា​មាន​ការ​បំផ្លាញ​ដំណាំ​ដាំ​ដុះ​ប្រជាពលរដ្ឋ កាប់​ចន្ទី កាប់​ដំឡូង​ខ្ទេច»

អ្នក​សម្រប​សម្រួល​សមាគម អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បាន​បញ្ជាក់​ថា តាម​ការ​ស្រាវ​ជ្រាវ​របស់​សមាគម លោក​រក​ឃើញ​ថា ឈ្មោះ ធួន មាន​ឯកសារ​ទិញ​លក់​ដី​នៅ​តំបន់​នោះ ក៏​ប៉ុន្តែ​ទីតាំង​ទិញ​លក់​ដី​នោះ មិន​មែន​នៅ​តំបន់​ព្រៃ​ដែល​កាប់​រាន​នោះ​ទេ។

លោក​បន្ត​ថា សហគមន៍​មិន​មាន​ជម្រើស​អ្វី ក្រៅ​ពី​រឹបអូស​ដី​ពួក​គេ​មក​រក្សា​ទុក​វិញ​នោះ​ទេ៖ «គាត់​ថា រឹបអូស​មែន ប៉ុន្តែ​ផ្លូវ​ច្បាប់​មិន​មែន​ជា​ការ​រឹបអូស​ទេ គឺ​គាត់​ទៅ​ការពារ​ដី​ហ្នឹង​កុំ​ឲ្យ​គេ​ធ្វើ។ រឿង​ហ្នឹង គាត់​បាន​ទូរស័ព្ទ​ទៅ​ខាង​មេព្រៃ​ច្រើន​ដង»

នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក ផាន់ ភិន មាន​ប្រសាសន៍​ថា សកម្មភាព​កាប់​រាន​ព្រៃឈើ​យក​ដី គឺ​ជា​ប្រការ​ខុស​ច្បាប់ ហើយ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​មាន​សិទ្ធិ​ទប់ស្កាត់​ករណី​នេះ និង​រាយការណ៍​មក​ស្ថាប័ន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​បំពេញ​នីតិវិធី​ដក​ហូត​តាម​ផ្លូវ​ច្បាប់៖ «បើ​មេឃុំ​ធ្វើ​អញ្ចឹង សល់​ព្រៃ​ល្អ​ទៀត​ណា! មេឃុំ​គាត់​អ្នក​គ្រប់​គ្រង​ដី​សាធារណៈ​របស់​រដ្ឋ​ដែរ​តើ! ឲ្យ​តែ​គាត់​ដាក់​មក យើង​រៀប​ចំ​សំណុំ​បែប​បទ​ឲ្យ»។

ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចំនួន​៧ក្រុម​របស់​រាជរដ្ឋាភិបាល បាន​បញ្ជូន​មក​កាន់​ខេត្ត​រតនគិរី រួច​ហើយ កាល​ពី​សប្ដាហ៍​មុន​នេះ ដើម្បី​វាស់​វែង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ចែក​ដី​ជូន​ប្រជាពលរដ្ឋ។ ក៏​ប៉ុន្តែ មិន​មាន​ប្រភព​ព័ត៌មាន​ផ្លូវការ​ណា​មួយ បញ្ជាក់​ថា​តើ​ការងារ​វាស់​វែង​ដី​នោះ បាន​លទ្ធផល​យ៉ាង​ណា​ទេ។

យ៉ាង​នេះ​ក្តី មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​ឲ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​ក៏​បាន​បញ្ជូន​ក្រុម​ត្រួត​ពិនិត្យ​មួយ​ក្រុម​ផ្សេង​ទៀត ដើម្បី​ឃ្លាំ​មើល​ទៅ​លើ​ការងារ​របស់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ទាំង​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល