ប៉ុន្តែក្រុមហ៊ុនខ្លះព្រមានមិនឲ្យប្រជាពលរដ្ឋទាំងនោះចេញចូលឆ្លងកាត់បរិវេណដីក្រុមហ៊ុននោះតទៅទៀតទេ។
លោកស្រី អង ដានី អាយុ ៤៥ឆ្នាំ រស់នៅឃុំអូរស្វាយ ស្រុកថាលាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីសប្ដាហ៍មុននេះ អ្នកស្រីទើបតែបានទទួលការវាស់វែងចំណែកដីដាំដុះរបស់គ្រួសារគាត់ចំនួន២ហិកតារ ឋិតនៅក្នុងបរិវេណក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះបូណារីតា ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អ្នកស្រីមានប្រសាសន៍បែបកំប្លែងថា ក្រុមហ៊ុនបានផ្តល់ស្លាបមួយគូដល់ពូកគាត់ ដើម្បីហោះចេញចូលទៅដាំដុះលើចម្ការដំឡូង ដែលក្រុមនិស្សិតទើបវាស់វែងកាត់ចេញពីដីសម្បទានក្រុមហ៊ុន ផ្តល់ជាកម្មសិទ្ធិជូនគាត់។
អ្នកស្រីគឺជាកសិកររស់នៅពឹងផ្អែកលើដីដែលក្រុមគ្រួសារអ្នកស្រីបានកាប់រាន តាំងពីឆ្នាំ២០០៤ មក ដើម្បីធ្វើកសិកម្មចិញ្ចឹមកូនចំនួន៦នាក់។ អ្នកស្រីមានប្រសាសន៍បញ្ជាក់ថា តំណាងក្រុមហ៊ុនបានព្រមានថានឹងមិនអនុញ្ញាតិឲ្យក្រុមគ្រួសារអ្នកស្រីចេញចូលតាមបរិវេណដីក្រុមហ៊ុន ដើម្បីចូលទៅចម្ការអ្នកស្រីបានទៀតឡើយ ពីព្រោះចំណែកដីអ្នកស្រីមានត្រឹមតែការវាស់វែងដោយក្រុមនិស្សិតតែប៉ុណ្ណោះ។
អ្នកស្រីកត់សម្គាល់ថា នេះគឺជាការដាក់សំពាធមួយពីសំណាក់ក្រុមហ៊ុន បន្ទាប់អ្នកស្រីបានទទួលចំណែកដីស្របច្បាប់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកាត់ចេញពីដីក្រុមហ៊ុន ប៉ុន្តែដីនោះគ្មានផ្លូវចេញចូលបាន៖ «ខ្ញុំនិយាយលេងឲ្យគេសើច ខ្ញុំថាក្រុមហ៊ុនឲ្យស្លាបម្នាក់មួយគូ ដល់ពេលហ្នឹង ហោះទៅហោះមក។ និយាយទៅថា បម្រុងដោះដូចជាបច្ច័យឲ្យខ្ញុំវិញ ខ្ញុំអត់ព្រមទេ»។
ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ អ្នកស្រី អង ដានី បានសុំកិច្ចអន្តរាគមន៍ទៅមេឃុំ ដើម្បីជួយសម្របសម្រួលជាមួយក្រុមហ៊ុន ក៏ប៉ុន្តែមិនបានជោគជ័យទេ ពីព្រោះក្រុមហ៊ុនបានបដិសេធដដែល ហើយទាមទារឲ្យអ្នកស្រីលក់ដីនោះមកក្រុមហ៊ុន ដើម្បីបញ្ចប់បញ្ហា។ អ្នកស្រីបានហៅទង្វើនេះថា ជាអំពើផ្តាច់អាយុជីវិតក្រុមគ្រួសារអ្នកស្រី ពីព្រោះអ្នកស្រីពឹងផ្អែកលើផលដំណាំលើដីនេះទាំងស្រុង ដើម្បីលក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដូច្នេះអ្នកស្រីមិនអាចលក់ដីនោះបានទេ៖ «គិតមួយឆ្នាំៗ ប្រាំងមិញ ដំឡូងខ្ញុំបានជិត២០តោនដែរ ហើយចុះបើថា លក់ទៅវាដាច់ជើង យើងគ្មានដី។ ហ្នឹងហើយ ខ្ញុំអត់លក់ទេ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១២ មិនអាចស្វែងរកអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនងតំណាងក្រុមហ៊ុនបូណារីតា អធិប្បាយបញ្ហានេះបានទេ។
យ៉ាងនេះក្តី មេឃុំអូរស្វាយ លោក ម៉ាន់ លីហ៊រ ទទួលស្គាល់ថា ក្រុមហ៊ុនពិតជាមិនទទួលយកការសម្របសម្រួលរបស់អាជ្ញាធរ ដែលសុំអន្តរាគមន៍ឲ្យក្រុមហ៊ុនផ្តល់ផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋ ដែលទទួលបានសិទ្ធិគ្រប់គ្រងដីធ្លីតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះទេ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានឃុំ មិនមានសិទ្ធិសម្រេចក្នុងបញ្ហានេះបានទេ ក៏ប៉ុន្តែលោកនឹងព្យាយាមរកដំណោះស្រាយតទៅទៀត។
លោកអះអាងថានឹងធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរស្រុក ដើម្បីជួយដោះស្រាយ ប្រសិនបញ្ហានេះមិនអាចដោះស្រាយបាន៖ «ជាក់ស្តែងកន្លងមក គាត់ធ្វើនៅខាងក្នុង តែពេលដែលគាត់ធ្វើដីហ្នឹង ក្រុមហ៊ុនអត់ទាន់មានមកធ្វើទេ ក្រុមហ៊ុនហ្នឹងទើបចាប់ធ្វើឆ្នាំទៅទេ។ ថ្ងៃមុន ខ្ញុំបានចុះអន្តរាគមន៍ជាមួយគណៈកម្មការហ្នឹង ជាមួយក្រុមហ៊ុនហ្នឹង គេថាអត់ទេ ព្រោះពីមុនហ្នឹងអត់ផ្លូវ»។
គោលនយោបាយធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកំណត់ឲ្យក្រុមអាជ្ញាធរជំនាញ និងក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងតែដីប្រជាពលរដ្ឋណាកាន់កាប់ និងមានផលដំណាំជាក់ស្តែងនៅលើដីជាសម្បត្តិរដ្ឋ ដូចជាដីព្រៃសម្បទាន ដីសម្បទានសេដ្ឋ ដីតំបន់គ្រប់គ្រងដោយក្រសួងបរិស្ថាន និងដីមានដីកាដកហូតពីអាជ្ញាធររាជធានី-ខេត្ត។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម ខេត្តរតនគិរី លោក ទឹម ស៊ីណាត បានចាត់ទុកសេចក្តីរាយការណ៍របស់អ្នកស្រី អង ដានី ថាជាទំនាស់ថ្មីមួយកើតចេញពីគោលនយោបាយចែកដីជូនប្រជាពលរដ្ឋ។ លោកថ្លែងបញ្ជាក់ថា មិនមានគោលការណ៍ណាមួយតម្រូវឲ្យបិទផ្លូវមិនឲ្យប្រជាពលរដ្ឋចេញចូលទៅកាន់ដី ដែលពួកគាត់ធ្លាប់បានប្រើប្រាស់ជាអចិន្ត្រៃយ៍នោះឡើយ។
លោកបន្តថា ក្រុមហ៊ុនមិនអាចបិទ ឬហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរលើដីដែលពួកគាត់ធ្លាប់ធ្វើដំណើរមកកាន់ចម្ការជាប្រចាំទៅហើយនោះ បើទោះបីដីនោះជាដីក្នុងបរិវេណដីក្រុមហ៊ុនយ៉ាងណាក្តី៖ «ដល់ពេលហ្នឹង គឺអាជ្ញាធរដែនដីគេសម្របសម្រួលថា ត្រូវតែឲ្យគាត់ដើរចូលចម្ការគាត់ ព្រោះចម្ការគាត់នៅក្នុង មិនអាចថាផ្លូវឯងធ្លាប់ដើរអញបិទផ្លូវមិនឲ្យឯងដើរ ចម្ការឯងនៅក្នុងអត់បានទេ ព្រោះអាហ្នឹង ជាសេវាបម្រើមួយសម្រាប់ផ្គត់ផ្គង់សេវាទៅកន្លែងរបស់គេនោះ អ៊ីចឹង យើងមិនអាចបិទបានទេ»។
ចំណែកអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សូផាត បានចាប់អារម្មណ៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ហេតុនេះការផ្តល់ដីជាកម្មសិទ្ធិជូនប្រជាពលរដ្ឋមិនអាចកាត់ផ្តាច់ផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋនោះបានទេ។ លោកសង្កត់ធ្ងន់ទៅលើតួនាទីរបស់ក្រុមអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការសម្របសម្រួលជាមួយភាគីក្រុមហ៊ុន ដើម្បីរកមធ្យោបាយឲ្យប្រជាពលរដ្ឋមានផ្លូវចេញចូលទៅកាន់ដីចម្ការពួកគាត់បានដូចធម្មតា៖ «និយាយពីច្បាប់ បើមានដីនៅកណ្ដាល គេមានផ្លូវហើយ ច្បាប់គោលរបស់រាជរដ្ឋាភិបាលមិនដែលធ្វើអ៊ីចឹង។ ដូចផ្ទះអ៊ីចឹង បើមានដីនៅកណ្ដាលហើយ គេត្រូវតែទុកផ្លូវឲ្យគេចេញចូលហើយ»។
យ៉ាងនេះក្តី បំណងប្រាថ្នារបស់អ្នកស្រី អង ដានី គឺរស់ចិញ្ចឹមជីវិតនៅលើដីកសិកម្ម ដែលរាជរដ្ឋាភិបាលទើបនឹងវាស់វែងផ្តល់ជាកម្មសិទ្ធិស្របច្បាប់មកអ្នកស្រី។ អ្នកស្រីសម្ដែងក្តីរីករាយ ក៍ប៉ុន្តែ ក៏មិនពេញចិត្តមួយចំណែកដែរ ពីព្រោះដីដែលអ្នកស្រី និងស្វាមីបានកាប់រានមានរហូតដល់ទៅ៤ហិកតារ ប៉ុន្តែកាលពីឆ្នាំ២០០៩ ក្រុមហ៊ុនបានឈូសឆាយផលដំណាំ និងដុតបំផ្លាញរោងចម្ការយកដីគាត់អស់២ហិកតាររួចទៅហើយ។ អ្នកស្រីសំណូមពរថា ប្រសិនក្រុមហ៊ុនមានឆន្ទៈគោរពសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ក្រុមហ៊ុនអាចប្តូរដីសមស្របណាមួយប្រៀបធៀបទៅនឹងដីដែលរដ្ឋបានផ្តល់ជូនអ្នកស្រី ដើម្បីអ្នកស្រីប្រកបរបរកសិកម្មចិញ្ចឹមជីវភាពក្រុមគ្រួសារតទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។