ក្រសួង​យុត្តិធម៌​បង្កើត​យុទ្ធនាការ​១០០​ថ្ងៃ​វាយ​តម្លៃ​គុណភាព​និង​ប្រសិទ្ធភាព​តុលាការ

ដោយ​​ យាង​ សុជាមេត្តា
2017-05-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់ ថ្មគោល អតីត​បឹងកក់ និង​សហគមន៍​បុរីកីឡា ប្រមាណ ៤០​នាក់ ដង្ហែ​ក្បួន​ចេញ​ពី​វត្ត​ព្រះពុទ្ធ ឆ្ពោះ​ទៅ​ជួបជុំ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បរិហារ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថា​មិន​ឯករាជ្យ និង​មាន​ភាព​ខ្មៅ​កខ្វក់ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥។
ក្រុម​សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់ ថ្មគោល អតីត​បឹងកក់ និង​សហគមន៍​បុរីកីឡា ប្រមាណ ៤០​នាក់ ដង្ហែ​ក្បួន​ចេញ​ពី​វត្ត​ព្រះពុទ្ធ ឆ្ពោះ​ទៅ​ជួបជុំ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បរិហារ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថា​មិន​ឯករាជ្យ និង​មាន​ភាព​ខ្មៅ​កខ្វក់ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបថត​ពី​ហ្វេសប៊ុក​អ្នកស្រី ទេព វន្នី

ក្រសួង​យុត្តិធម៌​បង្កើត​យុទ្ធនាការ ១០០​ថ្ងៃ​ដើម្បី​វាយ​តម្លៃ​គុណភាព និង​ប្រសិទ្ធភាព​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដោយ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ខែ​មិថុនា ខាង​មុខ​នេះ​ត​ទៅ។ មន្ត្រី​ក្រសួង​យុត្តិធម៌ ថ្លែង​ថា​លទ្ធផល​ទទួល​បាន​ពី​យុទ្ធនាការ​នេះ នឹង​ដាក់​ជូន​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។ ចំណែក​សង្គម​ស៊ីវិល​យល់​ថា​យុទ្ធនាការ​នេះ​នឹង​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទេ បើ​ក្រសួង​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រសួង​យុត្តិធម៌ ដាក់​ចេញ​ការ​អនុវត្ត​យុទ្ធនាការ​១០០​ថ្ងៃ​ដើម្បី​វាយ​តម្លៃ​គុណភាព និង​ប្រសិទ្ធភាព​តុលាការ​នៅ​កម្ពុជា ចាប់​តាំង​ពី​ច្បាប់​គោល​ទាំង​៣ នៃ​វិស័យ​យុត្តិធម៌​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​កាល​ពី​ចុង​ឆ្នាំ​២០១៤ មក។

​សេចក្ដី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ដឹក​នាំ​ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៃ​ក្រសួង​យុត្តិធម៌ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា យុទ្ធនាការ​នេះ​មាន​គោលដៅ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ឲ្យ​មាន​ភាព​ជាក់លាក់ ជាពិសេស​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា ដោយ​តម្រូវ​ឲ្យ​ធ្វើការ​វាយតម្លៃ ពី​ប្រសិទ្ធភាព​ការងារ​របស់​តុលាការ​គ្រប់​រាជធានី-​ខេត្ត ព្រម​ទាំង​បញ្ហា​ប្រឈម​ផង​ដែរ។

ក្រសួង​ថា យុទ្ធនាការ​នេះ ត្រូវ​បាន​រៀបចំ​តាក់តែង​ឡើង និង​អនុវត្ត​តាម​បែប​វិទ្យាសាស្ត្រ​ផ្អែក​លើ​ធាតុ​ទាំង​៧ នៃ​កម្មវិធី​តុលាការ​ប្រណិត ដែល​រួមមាន ការ​ដឹកនាំ និង​គ្រប់គ្រង​ស្ថាប័ន ផែនការ និង​គោលនយោបាយ​ស្ថាប័ន ធនធាន​ស្ថាប័ន (មនុស្ស សម្ភារៈ និង​ហិរញ្ញវត្ថុ) នីតិវិធី ដំណើរការ​ស្ថាប័ន សេចក្ដី​ត្រូវការ និង​ការ​ពេញ​ចិត្ត​របស់​អតិថិជន ភាព​ងាយ​ស្រួល និង​តម្លៃ​សេវា​របស់​ស្ថាប័ន ព្រមទាំង​ភាព​ជឿ​ទុកចិត្ត និង​ជឿជាក់​ពី​សាធារណជន។

​យុទ្ធនាការ​នេះ ធ្វើ​ឡើង​ក្នុង​២​ដំណាក់កាល ទី​១ គឺ​ការ​បំពេញ​របាយការណ៍​ស្វ័យ​វាយ​តម្លៃ​របស់​តុលាការ​ដោយ​ផ្អែកលើ​កម្រង​សំណួរ​អង្កេត​ដែល​ប្រគល់​ជូន និង​ទី​២ គឺ​ការសិក្សា​បឋម លើ​របាយការណ៍​ស្វ័យ​វាយ​តម្លៃ​របស់​តុលាការ និង​ការ​ចុះ​ជួប​ដោយ​ផ្ទាល់​នៅ​តាម​តុលាការ ដើម្បី​ពិនិត្យ និង​ពិភាក្សា​បន្ថែម​ដោយ​ផ្អែក​ទៅ​លើ​របាយការណ៍​ស្វ័យ​វាយ​តម្លៃ។

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹក​នាំ​ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់​បន្ថែម​ថា យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ដឹង​ពី​ការ​សម្រេច​បាន​លទ្ធផល​ការ​អនុវត្ត​ផែនការ​របស់​តុលាការ​ដែល​ក្រសួង​ដាក់​ចេញ​កន្លង​មក និង​ដឹង​ពី​បញ្ហា​ប្រឈម​របស់​តុលាការ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ។

ជិន ម៉ាលីន ៨៥៥ ២០១៦
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta RFA/Yeang Socheametta

លោក ជិន ម៉ាលីន អះអាង​ថា ការ​ធ្វើ​យុទ្ធនាការ​នេះ ក្រសួង​គ្មាន​ហេតុផល​អ្វី​ផ្សេង​ឡើយ តែ​វា​ជា​កម្មវិធី​កំណែទម្រង់​ដែល​ក្រសួង​ដល់​ពេល​ត្រូវ​ធ្វើ។ លោក​ថា នៅ​ក្រោយ​យុទ្ធនាការ​នេះ ក្រសួង​នឹង​ធ្វើ​សិក្ខាសាលា​រួម​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​គ្នា៖ «ច្បាប់​យើង​ដាក់​ចេញ​កាល​ពី​ដើម​អាណត្តិ អ៊ីចឹង​ពាក់​កណ្ដាល​អាណត្តិ​យើង​ត្រូវ​វាយ​តម្លៃ​ម្ដង ហើយ​កន្លង​មក​យើង​ឃើញ​មាន​ការ​ទិតៀន​ពី​សង្គម​ស៊ីវិល ពី​ក្រុម​សាធារណជន យើង​ឃើញ​ថា មិន​មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ គឺ​រិះគន់​ទៅ​តាម​និន្នាការ​នយោបាយ សូម្បី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធ្វើ​ការ​ស្ទង់មតិ (Survey) ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​ក៏​មិន​អាច​ទទួល​យក​បាន​ទៀត មាន​ភាព​លំអៀង ហើយ​អយុត្តិធម៌​ចំពោះ​យើង​ដោយសារ​តែ​មិន​មាន​ការ​ចូលរួម​ពី​ខាង​យើង»

​ចំពោះ​ការ​បង្ហាញ​ផែនការ​អនុវត្ត​យុទ្ធនាការ​១០០​ថ្ងៃ​របស់​ក្រសួង​យុត្តិធម៌ នៅ​ពេល​ខាង​មុខ​នេះ  ត្រូវ​បាន​អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគា យល់​ថា អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​ឡើយ បើ​ក្រសួង​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ។ ទោះ​ជា​យ៉ាង​ណា លោក​ថា វា​ដល់​ពេល​ហើយ​ដែល​ក្រសួង​ត្រូវ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​តុលាការ​ឡើង​វិញ៖ «បើសិនជា​ក្រសួង​យុត្តិធម៌​មាន​ឆន្ទៈ​នយោបាយ​ធ្វើ​រឿង​ហ្នឹង​ឲ្យ​ចេញ​ជា​រូបរាង ចេញ​ជា​លទ្ធផល នោះ​វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្ដល់​កិត្តិយស​ដល់​ប្រព័ន្ធ​តុលាការ​ឡើង​វិញ»

​តុលាការ​នៅ​កម្ពុជា ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់​ថា មិន​មាន​ឯករាជ្យ ហើយ​តែង​ធ្វើ​តាម​ខ្សែ​ញាក់​របស់​អ្នក​នយោបាយ ជាពិសេស​គឺ​បក្ស​កាន់​អំណាច។ ការ​រិះគន់​ធ្ងន់ៗ​បែប​នេះ ដោយសារ​គេ​មើល​ឃើញ​តុលាការ​តែង​ចាត់ការ​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ក្រុម​ប្រឆាំង ក្នុង​នោះ​មាន​ទាំង​ពី​មេដឹកនាំ​បក្ស​ប្រឆាំង មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ព្រមទាំង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​អ្នក​ការពារ​បរិស្ថាន​ជាដើម។

ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ដែល​តែង​ទទួល​នូវ​អយុត្តិធម៌​នៅ​ក្នុង​សង្គម តែង​ហៅ​តុលាការ​ថា ជា​តុលាការ​តេឡេ ដែល​មាន​ន័យ​ថា ជា​តុលាការ​ស្ដាប់​តែ​បញ្ជា​ពី​អ្នក​មាន​អំណាច រួច​ធ្វើ​សេចក្ដី​សម្រេច ឬ​ពេល​ខ្លះ​ថា ពួកគេ​ថា​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​រង់ចាំ​ស្ដាប់​ខ្យល់ សួរ​យោបល់​រួច​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញំុបាទសូមលើកឡើងនូវទំនៀមបូរាណខ្មែរដែលលោកបានពោលផ្តាំកូនចៅថា៖ ផ្ទះមានវិន័យ នគរមានច្បាប់ ។ ប៉ុន្តែសូមមិនអធិប្បាយអ្វីឲ្យវែងឆ្ងាយទេអំពីតុលាការនៅក្នុងប្រទេសខ្មែរ ព្រោះក្នុងអត្ថបទនេះ ន័យវគ្គចុងបញ្ចប់មតិជាតិនិង អន្តរជាតិ បានបង្ហាញប្រាប់ហើយដែរ ។ ប៉ុន្តែ នៅចំណុចមួយដែលខ្ញូំបាទចាប់អារម្មណ៍នោះគឺ ន័យច្បាប់របស់តុលាការវិសាម៉ាញ់និងគុណភាពតុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពូជាប្រជាធិបតេយ្យ (កុម្មយនិស្តនិង ឧទ្ទាមគំសំឡាប់មនុស្ស) ព្រោះតុលាការខ្មែរដែលមានការចូលរួមដោយចៅក្រមរបស់អង្កការសហប្រជាជាតិផងដែរ ។ល។

យោងតាមកំណត់ហេតុដែលខ្ញំុបានដឹងគឺ ក្នុងពេលជំរះ+កាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចាប់តាំងពីឆ្នាំ២០០៦ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ អង្គការសហប្រជាជាតិបានបញ្ជូនមន្ត្រីអ្នកច្បាប់លោកស្រី Patrica O'Brien ចូលមកអន្តរាគមន៍សូមកំុឲ្យមានការជ្រៀតជ្រែកពីអ្នកមានអំណាចឥទ្ធិពលពីអ្នកនយោបាយក្នុងតុលាការនេះ...ស្របគ្នានៅចុងខែតុលា ថ្ងៃទី១៧ ឆ្នាំ២០១៤ ជនរងគ្រោះនិង ជាដើមបណ្តឹងរដ្ឋប្បវេណីយ៍បានដាក់ញ៉ាត់ជូនមកចៅក្រមទាំងពីរ (ចៅក្រមជាតិនិង អន្តរជាតិ) មេត្តាវិនិច្ឆ័យរកយុត្តិធម៍តាមច្បាប់ សមស្របជាមួយនិង កិច្ចព្រមព្រៀងនានា១០ឆ្នាំ (១៩៩៦ ដល់២០០៦) កំុឲ្យមានភាពលំអៀង។ ទាំងអស់ខាងលើនេះ ខ្ញំុបាទ សូមមិនរាប់បញ្ចូល ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិប្រកាសការរួមចំណែកថ្មីមួយ ដើម្បីជួយអភិរក្សឯកសារប្រវត្តិសាស្ត្ររបស់កម្ពូជាទេ៕

May 13, 2017 06:50 AM

គេហទំព័រ​ទាំងមូល