មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប សង្ស័យថា មនុស្ស ១០នាក់ ដែលគេនាំខ្លួនចេញពីកាស៊ីណូ ខុសច្បាប់មួយកន្លែង ជ្រកក្រោមស្លាកភោជនីយដ្ឋាន សាន់ ស៊ាំង ក្នុងបុរីប្រិមប្រិយ នៃភូមិត្រពាំងសេះ សង្កាត់គោកចក នោះ អាចនឹងជាប់ពាក់ព័ន្ធលើសកម្មភាពបនល្បែងស៊ីសងខុសច្បាប់។
សមត្ថកិច្ចកំណត់ថា បុរស ៥នាក់ និងស្ត្រី ៥នាក់ ដែលគេនាំខ្លួនទៅសាកសួរតាំងតែពីរាត្រីថ្ងៃទី២៨ ខែកុម្ភៈ រហូតមកដល់ពេលនេះ មានខ្លះអាចជាអ្នកគ្រប់គ្រងកាស៊ីណូខុសច្បាប់ និងខ្លះទៀតជាអ្នកគ្រប់គ្រងបុគ្គលិកដែលជាអ្នកចែកបៀជាដើម។
មន្ត្រីមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តសៀមរាប បានសម្រេចបញ្ជូនខ្លួនមនុស្សប្រុស ស្រី ចំនួន ១០នាក់ ជាអ្នកបម្រើការនៅក្នុងកាស៊ីណូខុសច្បាប់ ១កន្លែង ជ្រកក្រោមស្លាកភោជនីយដ្ឋាននោះទៅកាន់តុលាការ នៅល្ងាចថ្ងៃអង្គារ ទី១ ខែមីនា។
សមត្ថកិច្ចបានចោទប្រកាន់មនុស្សប្រុស ស្រី ទាំង ១០នាក់នោះ ថាអាចជាប់ពាក់ព័ន្ធជាមួយនឹងកាស៊ីណូ ខុសច្បាប់ ពីព្រោះក្រោយពេលបង្ក្រាប និងនាំខ្លួនមកសាកសួរ អ្នកខ្លះមានតួនាទីជាអ្នកគ្រប់គ្រងបនល្បែង ជាអ្នកគ្រប់គ្រងបុគ្គលិកចែកបៀ ជាកម្លាំងសន្តិសុខយាមកាស៊ីណូ និងជាអ្នកសំអាតកន្លែងលេងល្បែងនោះជាដើម។
ប្រធានមន្ទីរយុត្តិធម៌នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តសៀមរាប គឺលោកវរសេនីយ៍ទោ ថា ដាលុច។ លោកថ្លែងនៅក្នុងទីបញ្ជាការដោយមិនអនុញ្ញាតឱ្យសម្ភាសនិងថតសំឡេងកាលពីព្រឹកថ្ងៃអង្គារ ទី១ ខែមីនា ថា មេបញ្ជាការរបស់លោកបានសម្រេចចិត្តឱ្យបញ្ជូនមនុស្សទាំង ១០នាក់ទៅតុលាការខេត្តសៀមរាប ជាមួយនឹងសំណុំរឿង បន្ទាប់ពីកម្លាំងរបស់លោកបាននាំខ្លួនអ្នកទាំង ១០ ទៅសាកសួរអស់រយៈពេលជាង ៣០ម៉ោងមក។
បុរសម្នាក់ក្នុងចំណោមមនុស្ស ៩នាក់ផ្សេងទៀត ដែលសមត្ថកិច្ចនាំខ្លួនមកសាកសួរ បានបង្ហាញទឹកមុខភ័យព្រួយ ហើយថា កម្លាំងកងរាជអាវុធហត្ថដែលបម្រុងបញ្ជូនពួកគាត់ទៅតុលាការ គឺជាភាពអយុត្តិធម៌។ សន្តិសុខម្នាក់របស់កាស៊ីណូខុសច្បាប់ ដែលសុំមិនបញ្ចេញឈ្មោះរូបនោះប្រាប់ថា រូបគាត់ត្រឹមតែជាសន្តិសុខយាមឡាន ម៉ូតូ ប៉ុណ្ណោះ មិនបានដឹងរឿងអ្វីទេ ហើយនៅពេលដែលសមត្ថកិច្ចចាប់ខ្លួនគាត់ដូច្នេះ គឺវាអយុត្តិធម៌ណាស់៖ «ធ្វើការមិនទាន់បានបើកប្រាក់ខែផង បើដឹងថា ធ្វើការកន្លែងខុសច្បាប់អ៊ីចឹងគឺខ្ញុំមិនមកធ្វើទេ ពីព្រោះផ្ទះរបស់ខ្ញុំនៅកំពង់សោម»។
កាលពីវេលាម៉ោង ៣ និង ២៥នាទីរសៀលថ្ងៃទី១ ខែមីនា អ្នកទាំង ១០នាក់ បានបញ្ជូនទៅដល់ដៃតុលាការខេត្តសៀមរាប ហើយ។
ទោះជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងជាតំណាងអយ្យការនៃសំណុំរឿងក្ដីនោះ លោក កើត សុវណ្ណារ៉េត បានបដិសេធមិនធ្វើការអធិប្បាយជុំវិញចំណាត់ការតាមនីតិវិធីបែបណានៅឡើយ ដោយលោកប្រាប់ថា កំពុងជាប់រវល់។
កាលពីរាត្រីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ ព្រមទាំងស្ថាប័នតុលាការខេត្តសៀមរាប បានបើកប្រតិបត្តិការបង្ក្រាបទៅលើកាស៊ីណូ ខុសច្បាប់ ១កន្លែងដែលជ្រកក្រោមស្លាកភោជនីយដ្ឋាន សាន់ ស៊ាំង នៅក្នុងបុរីប្រិមប្រិយ សង្កាត់គោកចក ក្រុងសៀមរាប។ ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចនៅតែមិនទាន់វែកមុខថៅកែ និងអ្នកនៅពីក្រោយខ្នងនៃការបើកកាស៊ីណូ ខុសច្បាប់នោះទេ ក្រៅតែពីបានបញ្ជូនខ្លួនអ្នកបម្រើការឱ្យកាស៊ីណូ នោះចំនួន ១០នាក់ទៅតុលាការ និងរឹបអូសយកវត្ថុតាងជាច្រើនប្រភេទមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
