ប្រជាពលរដ្ឋម្នាក់ឈ្មោះ ប៉ិល ថា បានឲ្យដឹងថា ស្វាមីរបស់អ្នកស្រី ឈ្មោះ ស្វាយ ជន់ អាយុ ៦៨ឆ្នាំ និងអ្នកភូមិម្នាក់ទៀតឈ្មោះ ចាន់ ធី អាយុ ៧២ឆ្នាំ ត្រូវបានមន្ត្រីឧទ្យានជាតិព្រះមុនីវង្សបូកគោ ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ប្រគល់ទៅឲ្យសាលាដំបូងខេត្តកំពត ហើយសាលាដំបូងខេត្តកំពត ក៏បានឃុំខ្លួនពួកគាត់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣។
អ្នកស្រី ប៉ិល ថា និយាយថា នៅថ្ងៃចាប់ខ្លួននោះ អ្នកស្រីបានឲ្យប្តីទៅយកកន្ទេលបែនស្រូវដែលអ្នកស្រីទុកនៅចម្ការ។ នៅពេលយកកន្ទេលដើរត្រឡប់មកផ្ទះវិញ ស្រាប់តែបានជួបមន្ត្រីឧទ្យានជាតិព្រះមុនីវង្សបូកគោ ហើយពួកគេក៏បានឲ្យប្ដីអ្នកស្រី និងអ្នកភូមិពីរនាក់ផ្សេងទៀតដែលមកជាមួយឈប់ ហើយប្រាប់ថា ឲ្យទៅកត់ឈ្មោះដើម្បីឲ្យគេចុះមកវាស់ដីជូន។
អ្នកស្រីបន្តថា ក្នុងពេលចាប់ខ្លួននោះ មានអ្នកភូមិម្នាក់បានគេចខ្លួនរួច ដោយគាត់បានហក់ចុះពីលើឡាន៖ «ប្តីខ្ញុំគាត់អត់ដឹង គេហៅទៅ ក៏គាត់ទៅ គេថា នៅចម្ការហ្នឹងធ្វើអត់កើតទេ ទាល់តែទៅកន្លែងប៉ុស្តិ៍។ ដល់ទៅកន្លែងប៉ុស្តិ៍ ទៅមកៗ ស្រាប់ហៅគាត់ថា ទៅសាលាឃុំ គាត់ក៏ឡើងមកសាលាឃុំ ក៏គាត់ឡើងឡានមក ដល់ហើយគេក៏អត់មានចូលសាលាឃុំដែរ គេក៏ដឹកគាត់មកកន្លែងខេត្តហ្នឹង។ ចម្ការនោះខ្ញុំធ្វើតាំងពីឆ្នាំ១៩៩០ នោះ ប៉ុន្តែមួយរយៈហ្នឹងមកគេអត់ឲ្យខ្ញុំកាប់ ដោយសារសហគមន៍គេបង្កើតឧទ្យានជាតិ គេអត់ឲ្យខ្ញុំធ្វើ ក្រោយមកខ្ញុំឮលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់ថា ចែកដី ខ្ញុំក៏ទៅកាប់ចម្ការហ្នឹង ខ្ញុំទៅដាំស្រូវ ខ្ញុំទៅច្រូតស្រូវ ឥឡូវស្រូវនៅក្នុងចម្ការហ្នឹងក៏មានដែរ នៅខ្ចីអត់ទាន់ទុំអស់ផង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងនាយកឧទ្យានជាតិព្រះមុនីវង្សបូកគោ លោក យ៉ង ភិរម្យ ដើម្បីពន្យល់ពីហេតុផលនៃការចាប់ខ្លួននេះបានទេ នៅថ្ងៃទី២៦ ខែតុលា។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពត លោក ជុំ សាបាន បាននិយាយថា ពលរដ្ឋទាំងពីរនាក់ដែលចាប់ខ្លួន នឹងត្រូវចោទពីបទទន្ទ្រានដីព្រៃឧទ្យានជាតិធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកមិនអត្ថាធិប្បាយឲ្យបានក្បោះក្បាយឡើយចំពោះករណីនេះ ប៉ុន្តែគ្រាន់តែលើកឡើងថា ពលរដ្ឋទាំងនោះទើបចូលកាប់រានយកដីនៅពេលថ្មីៗនេះទេ៖ «គេចេះតែថាទៅ ដីព្រៃកាប់ទន្ទ្រាន គេអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីបែងចែកហើយ អានេះ ពួកនេះទើបតែទៅកាប់ទន្ទ្រានថ្មីទៀត»។
ដោយមិនសុខចិត្តចំពោះការឃុំខ្លួនអ្នកភូមិទាំងពីរ ប្រជាពលរដ្ឋប្រមាណ ៦០នាក់ បានទៅប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៦ តុលា ដើម្បីទាមទារឲ្យសាលាដំបូងដោះលែងអ្នកភូមិទាំងពីរនាក់នោះ។ ប៉ុន្តែការទាមទាររបស់ពួកគេមិនទទួលបានជោគ ជ័យឡើយ។
មេធាវីមកពីសមាគមអាដហុក ប្រចាំខេត្តកំពត អ្នកស្រី ទ្រី ឈូន ដែលត្រូវប្រគល់តួនាទីឲ្យការពារក្តីចំពោះអ្នកភូមិទាំងពីរនាក់នេះ បាននិយាយថា អ្នកស្រីបានជួបពួកគាត់ ហើយក៏បានពន្យល់ពួកគាត់កុំឲ្យមានការភ័យខ្លាចចំពោះការឃុំខ្លួននេះ។
អ្នកស្រីថា អ្នកស្រីនឹងរៀបចំបំពេញបែបបទដាក់ពាក្យការពារទៅតុលាការនៅថ្ងៃច័ន្ទ ទី២៨ តុលា៖ «សំខាន់ការងារខ្ញុំ ខ្ញុំធ្វើតាមបច្ចេកទេស បន្ទាប់ពីខ្ញុំដាក់ពាក្យការពារហើយ ខ្ញុំនឹងពន្លឿនការសួរចម្លើយកូនក្តីខ្ញុំ ហើយខ្ញុំនឹងធានាកូនក្ដីខ្ញុំនៅក្រៅឃុំ»។
គេនៅមិនទាន់អាចនិយាយបានថា តើចំណាត់ការរបស់សាលាដំបូងខេត្តកំពត នឹងទៅជាយ៉ាងណានោះទេទាក់ទិននឹងករណីនេះ ក្នុងពេលដែលប្រជាពលរដ្ឋឲ្យដឹងថា ពួកគេនឹងនាំគ្នាទៅតវ៉ានៅមុខសាលាដំបូងខេត្តកំពត ជាបន្តបន្ទាប់ ដើម្បីឲ្យដោះលែងអ្នកភូមិពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
