តុលាការ​ខេត្ត​សៀមរាប​​ឃុំ​ខ្លួន​ជន​បរទេស​ពីរ​នាក់​ពី​បទ​លួច​បន្លំ​យក​លុយ​តាម​ធនាគារ

ដោយ ហង្ស សាវយុត
2016.02.03
ជន​បរទេស​លួច​លុយ​ធនាគារ សៀមរាប ៨៥៥ បុរស​ឈ្មោះ ភេត្រូវ ភេតារ៉ាតាណាសូវ (Petrov Petaratansov) ជា​ជនជាតិ​ប៊ុលហ្គារី និង​បុរស​ឈ្មោះ មូរ៉េសាន អឺហ្កេន ហូរ៉ាទី (Muresan Eugen Horatiu) ជា​ជនជាតិ​រ៉ូម៉ានី ដែល​ប៉ូលិស​ខេត្ត​សៀមរាប ចាប់​ខ្លួន​​ពី​បទ​ដើរ​លួច​យក​ប្រាក់​នៅ​តាម​ធនាគារ។ រូបថត​​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦  
Photo provided

តុលាការ​ខេត្ត​សៀមរាប សម្រេច​បញ្ជូន​បុរស​ជនជាតិ​ប៊ុលហ្គារី (Bulgaria) ម្នាក់ និង​បុរស​ជនជាតិ​រ៉ូម៉ានី (Romania) ម្នាក់ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការ​ស៊ើប​អង្កេត​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់។

ការ​សម្រេច​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​នៃ​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ចាប់​ខ្លួន​ជន​បរទេស​ទាំង​ពីរ​នាក់​នោះ ពាក់ព័ន្ធ​នឹង​ករណី​លួច​ដាក់​ម៉ាស៊ីន​ថត​យក​លេខ​សម្ងាត់ អេ.ធី.អឹម (ATM) របស់​អតិថិជន ហើយ​លួច​បើក​យក​ប្រាក់​ពី​គណនេយ្យ​ទាំង​នោះ។

តុលាការ​ខេត្ត​សៀមរាប បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ស្ថានទូត​ប៊ុលហ្គារី និង​ស្ថានទូត​រ៉ូម៉ានី ដើម្បី​ជូន​ដំណឹង​អំពី​ការ​ចាប់​ខ្លួន​បុរស ២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ព្រហ្មទណ្ឌ។

លិខិត​ជូន​ដំណឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ កន្លង​ទៅ តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ឈ្មោះ ភេត្រូវ ភេតារ៉ាតាណាសូវ (Petrov Petaratansov) អាយុ ​៤៣​ឆ្នាំ ជា​ជនជាតិ​ប៊ុលហ្គារី និង​បុរស​ឈ្មោះ មូរ៉េសាន អឺហ្កេន ហូរ៉ាទី (Muresan Eugen Horatiu) អាយុ ៥១​ឆ្នាំ ជា​ជនជាតិ​រ៉ូម៉ានី ពី​បទ​ដើរ​លួច​យក​ប្រាក់​នៅ​តាម​ធនាគារ​មក។

ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ក្តី​នេះ គឺ​លោក  ស៊ិន សុវណ្ណរ័ត្ន។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែ​កុម្ភៈ ថា តុលាការ​កំពុង​តែ​ដំណើរ​ការ​សំណុំ​រឿង​នេះ​ទៅ​តាម​នីតិវិធី ក៏ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ឱ្យ​បាន​ក្បោះក្បាយ​ទេ៖ «អូ! ទាក់ទង​នឹង​ការ​បកស្រាយ គឺ​ខាង​អយ្យការ ប៉ុន្តែ​ខ្ញុំ​ដែល​ជា​ចៅក្រម​ស៊ើបសួរ គឺ​ធ្វើ​មិន​បាន​ទេ ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការងារ​នីតិវិធី​ច្បាប់»

ចំណែក​តំណាង​អយ្យការ​នៃ​សំណុំរឿង​ក្ដី​នេះ លោក រៀម មុន្នី ក៏​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ដែរ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់រវល់​សវនាការ។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក​វរសេនីយ៍ឯក ភឹង ចិន្តារ៉េត ឱ្យ​ដឹង​ថា បុរស​បរទេស​ទាំង​ពីរ​នាក់​នោះ ត្រូវ​កម្លាំង​របស់​លោក​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា កន្លង​ទៅ នៅ​ពេល​ដែល​ពួកគេ​ចូល​ទៅ​ធ្វើ​សកម្មភាព​ថត​យក​លេខ​សម្ងាត់ ATM របស់​អតិថិជន​ពី​ធនាគារ ១​កន្លែង។

លោក ភឹង ចិន្តារ៉េត បញ្ជាក់​ថា បុរស​ជនជាតិ​ប៊ុលហ្គារី និង​ជនជាតិ​រ៉ូម៉ានី នោះ បាន​ធ្វើ​សកម្មភាព​ដើរ​ដាក់​កាមេរ៉ា​លួច​ថត​យក​លេខ​សម្ងាត់ ATM របស់​អតិថិជន ដែល​ប្រើប្រាស់​ធនាគារ​តាំង​តែ​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៥ ហើយ​កម្លាំង​ប៉ូលិស​បាន​តាម​ស៊ើប​អង្កេត​ជិត ១​ខែ​មក​ហើយ៖ «វា​លួច​លេខ​កូដ កាត ATM របស់​អតិថិជន ធនាគារ​ក្នុង​ខេត្ត​សៀមរាប ហើយ​វា​ទៅ​ដក​យក​លុយ​នៅ​ប្រទេស​ឡាវ»

ប៉ូលិស​ឱ្យ​ដឹង​ថា តាម​ការ​សាកសួរ ពេល​ចាប់​ខ្លួន គឺ​ជនបរទេស​ទាំង​ពីរ​បាន​ឆ្លើយ​ថា គេ​បាន​លួច​លេខ​សម្ងាត់ ATM របស់​អតិថិជន​នៅ​ធនាគារ អេ.ប៊ី.អេ (ABA) ដោយ​បាន​ដក​យក​ប្រាក់​ចំនួន ១៣.៧០០​ដុល្លារ​អាមេរិក។ ក៏ប៉ុន្តែ​តាម​ម្ចាស់​គណនេយ្យ​ចំនួន ២​រូប ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​បាន​បាត់​សាច់ប្រាក់​ពី​គណនេយ្យ​សរុប​ចំនួន ២១.០០០​ដុល្លារ​អាមេរិក។

នៅ​ពេល​ចាប់​ខ្លួន​ជនបរទេស​ទាំង​ពីរ​នាក់​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ឧបករណ៍​ដែល​គេ​ប្រើ​សម្រាប់​ដក​យក​សាច់ប្រាក់​ពី ATM ព្រមទាំង​កាមេរ៉ា​តូច​បំផុត​សម្រាប់​បង្កប់​ថត​យក​លេខ​សម្ងាត់​របស់​អតិថិជន ដែល​ប្រើប្រាស់​កាត ATM ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។