តុលាការ​ខេត្ត​កោះកុង​នឹង​ប្រកាស​សាលក្រម​ករណី​សកម្មជន​បរិស្ថាន​៣​នាក់​នៅ​ថ្ងៃ​ទី​១​កក្កដា

ដោយ ខែ សុណង
2016-06-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​មក​ពីសហគមន៍​ក្នុង​ខេត្ត​កោះកុង កំពុង​ឃ្លាំ​មើល​សវនាការ​លើ​​សកម្មជន​ការពារ​បរិស្ថាន ៣​រូប គឺ​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦។
ពលរដ្ឋ​មក​ពីសហគមន៍​ក្នុង​ខេត្ត​កោះកុង កំពុង​ឃ្លាំ​មើល​សវនាការ​លើ​​សកម្មជន​ការពារ​បរិស្ថាន ៣​រូប គឺ​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo Provided

សាលា​ដំបូង​ខេត្ត​កោះកុង បាន​បញ្ចប់​សវនាការ​លើ​សំណុំ​រឿង​របស់​សកម្មជន​បរិស្ថាន​ចំនួន ៣​នាក់ នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មិថុនា ដោយ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១ កក្កដា។ សវនាការ​នេះ គឺ​មាន​ការ​ដេញដោល និង​កាត់​សេចក្ដី​រយៈពេល​ពីរ​ថ្ងៃ​ពេញ តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា មក។

នៅ​ក្នុង​ការ​ដេញដោល​ដ៏​តានតឹង​ក្នុង​អង្គ​ជំនុំ​ជម្រះ ភាគី​ក្រុមហ៊ុន ដាយរិក អាក់សេស (Direct Access) ដែល​ជា​ដើម​បណ្ដឹង បាន​ទាមទារ​ឲ្យ​ជន​ជាប់​ចោទ​ទាំង​៣ ផ្ដល់​សំណង​ខូចខាត​ដល់​ក្រុមហ៊ុន​ចំនួន ១០​ម៉ឺន​ដុល្លារ និង​ស្នើ​ឲ្យ​តុលាការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ដែល​តាម​ដាន​សវនាការ​មាន​ប្រសាសន៍​ថា សាក្សី​របស់​ភាគី​ជន​ជាប់​ចោទ​ចំនួន ២០​នាក់ បាន​ចូល​ខ្លួន​តែ ៩​នាក់​ទេ ដោយ ១១​នាក់​ទៀត​បាន​អវត្តមាន ហេតុផល​ដោយសារ​តែ​ពួក​គេ​នៅ​ឆ្ងាយ និង​ខ្វះ​មធ្យោបាយ​ចូលរួម។ សាក្សី​ទាំង​នោះ បាន​ប្រាប់​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​ថា ជន​ជាប់​ចោទ​មិន​បាន​គំរាម​កំហែង និង​បញ្ជា​ឲ្យ​អ្នក​បើក​សាឡង់​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​នោះ​ទេ។

លោក​ថា ចម្លើយ​នេះ​ស្រប​នឹង​សាក្សី​របស់​ក្រុមហ៊ុន​ដែល​ថា អ្នក​ទាំង​៣ មិន​បាន​គំរាម​កំហែង​ក៏​ពិត​មែន ប៉ុន្តែ​ពួក​គេ​បាន​ឮ​សំឡេង​ស្រែក​ជា​ហ្វូង​ទៅ​វិញ។ ទោះ​យ៉ាង​ណា តំណាង​ក្រុមហ៊ុន​នៅ​តែ​ស្នើ​ឲ្យ​តុលាការ ចោទ​អ្នក​ទាំង​៣។ ចំណែក​មេធាវី​ជន​ជាប់​ចោទ​បាន​ការពារ​ថា កូន​ក្ដី​របស់​គាត់​ពុំ​មាន​ចេតនា​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​គំរាម​កំហែង​នោះ​ឡើយ ហើយ​សកម្មភាព​នេះ​ដើម្បី​ប្រយោជន៍​សង្គម និង​ការពារ​បរិស្ថាន«យើង​ឃើញ​ថា សវនាការ​រយៈពេល ២​ថ្ងៃ​នេះ មាន​ការ​ឈ្លេច​សួរ​ដើម្បី​រក​ធាតុ​ពិត​នៃ​អង្គ​ហេតុ ហើយ​អង្គ​ហេតុ​នេះ គឺ​បញ្ជាក់​ថា​អ្នក​ទាំង​៣ អត់​មាន​ប្រព្រឹត្ត​ដូច​អ្វី​ដូច​ការ​ចោទ​ប្រកាន់​របស់​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ទេ។ ក្នុង​នាម​សង្គម​ស៊ីវិល យើង​ស្នើសុំ​ឲ្យ​តុលាការ​មេត្តា​ពិចារណា​ថ្លឹងថ្លែង​វិនិច្ឆ័យ​ប្រកប​ដោយ​គតិយុត្តិធម៌ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ទាំង​៣ ហ្នឹង»

ជន​ជាប់​ចោទ​ទាំង​៣ គឺ​ជា​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​តែង​តែ​ប្រឆាំង​តវ៉ា​ការ​បូម​ខ្សាច់ និង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​តំបន់​អារ៉ែង ក្នុង​បុព្វហេតុ​ការពារ​បរិស្ថាន។ អ្នក​ទាំង​៣ គឺ​មាន​ឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង។ ពួក​គេ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ដោយ​ចោទ​ពី​បទ​គំរាម​កំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ តាម​មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ព្រែក​អណ្ដូងទឹក ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ។

នៅ​ចុង​បញ្ចប់​ការ​ជំនុំ​ជម្រះ ជន​ជាប់​ចោទ​ទាំង​៣ បាន​ស្នើ​ឲ្យ​តុលាការ​ពិចារណា​ប្រកប​ដោយ​សុភវិនិច្ឆ័យ​ខ្ពស់ ពីព្រោះ​ពួក​គេ​ធ្វើ​ការ​ដើម្បី​សង្គម​ជាតិ និង​ការពារ​បរិស្ថាន​ធនធាន​ធម្មជាតិ ហើយ​ពួក​គេ​លះ​បង់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​សំណូមពរ​ឲ្យ​ឲ្យ​ដោះ​លែង​ពួក​គេ។ ដោយឡែក​ជន​ជាប់​ចោទ​មួយ​រូប គឺ​លោក ស៊ីម សំណាង បាន​ប្រាប់​ទៅ​តុលាការ​ថា គាត់​មាន​កូន​តូច ម្ដាយ​ពិការ និង​មាន​ជំងឺ​ផ្ទាល់​ខ្លួន។

ចំណែក​នៅ​ខាង​ក្រៅ​របង​តុលាការ​វិញ ក្រុម​ប្រជាពលរដ្ឋ​មក​ពី​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី សហគមន៍​នេសាទ និង​សហគមន៍​ការពារ​បរិស្ថាន​ប្រមាណ ១០០​នាក់ មក​ពី​ស្រុក​ថ្មបាំង ស្រុក​ស្រែអំបិល ស្រុក​កោះកុង និង​ស្រុក​គីរីសាគរ ជាដើម ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ដោយ​មាន​លើក​បដា និង​រូបថត​អ្នក​ជាប់​ឃុំ បើ​ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ណា​ក៏ដោយ។ ពួក​គាត់​បាន​អំពាវនាវ​ឲ្យ​សាលា​ដំបូង​ខេត្ត​កោះកុង ពិចារណា​ទម្លាក់​ចោល​បទ​ចោទ និង​ដោះ​លែង​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ។

ពលរដ្ឋ​ម្នាក់​មក​ពី​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លោកស្រី យី គន្ធា បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​យុវជន​បរិស្ថាន​ទាំង ៣​នាក់ គឺ​ជា​រឿង​អយុត្តិធម៌។ លោកស្រី​បន្ត​ថា ពួក​គាត់​ទៅ​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​បន្ត​បូម​ខ្សាច់​ក្នុង​ដែន​សមុទ្រ​ជាមួយ​ជន​ជាប់​ចោទ​ទាំង​៣ ដោយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដូចជា​ការ​បាក់​ច្រាំង និង​ការ​ធ្វើ​ឲ្យ​ទិន្នផល​នេសាទ​ធ្លាក់​ចុះ​ប៉ុណ្ណោះ៖ «នៅ​ពេល​ដែល​ចូល​ដេញ​សាឡង់​នៅ​អណ្ដូង​ទឹក​ហ្នឹង ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​ដោយ​ខ្លួន​ឯង អត់​មាន​ការ​បង្ខំ​ពី​បង​ទាំង ៣​នាក់​យ៉ាង​ម៉េច​ទេ។ ហេតុការណ៍​ដែល​ពួក​ខ្ញុំ​ទៅ​នេះ ពួក​ខ្ញុំ​ដេញ​សាឡង់​ហ្នឹង​ជាមួយ​គ្នា​ដែរ​បង។ ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ស្លូត​ត្រង់»

ជុំវិញ​សំណុំ​រឿង​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ចាត់​ទុក​ថា តុលាការ​បាន​អនុវត្ត​ខុស​នីតិវិធី​ចំពោះ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៣ បណ្ដោះអាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល