សកម្មជន​ការពារ​បរិស្ថាន​៣​នាក់​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ​កន្លះ

ដោយ ដែន អយុធ្យា
2016-07-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាច់ញាតិ​និង​ពលរដ្ឋ​មក​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​កោះកុង ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន ៣​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦។
សាច់ញាតិ​និង​ពលរដ្ឋ​មក​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​កោះកុង ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន ៣​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA/Den Ayuthyea

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មក​ពី​តាម​សហគមន៍​នានា ក្នុង​ខេត្ត​កោះកុង បាន​រិះគន់​ប្រព័ន្ធ​តុលាការ​ខេត្ត​នេះ ចំពោះ​សម្រេច​សេចក្ដី​ទៅ​លើ​សំណុំ​រឿង​របស់​សកម្មជន​ការពារ​បរិស្ថាន ៣​នាក់​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ថា​មិន​មាន​ឯករាជ្យ និង​យុត្តិធម៌​ទេ។

ការ​រិះគន់​នេះ កើត​ឡើង​ភ្លាមៗ ក្រោយ​ពេល​តុលាការ​ខេត្ត​កោះកុង កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន​ទាំង ៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ ៦​ខែ ប៉ុន្តែ​អនុវត្ត​ទោស​ត្រឹម ១០​ខែ ១៥​ថ្ងៃ ក្រៅ​ពី​នេះ​ត្រូវ​ព្យួរ។ ពួកគេ​ទាំង ៣​រូប បាន​រួចខ្លួន​ចេញ​ពី​ពន្ធនាគារ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែ​កក្កដា នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង បន្ត​រិះគន់​ការ​ផ្ដន្ទាទោស​ឲ្យ​សកម្មជន​ការពារ​បរិស្ថាន ៣​នាក់ របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ដើម​បណ្ដឹង​ចំនួន ១០០​លាន​រៀល និង​បង់​ពិន័យ​ចូល​រដ្ឋ​ចំនួន ២​លាន​រៀល កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ថា​មិន​យុត្តិធម៌​សម្រាប់​យុវជន​ទាំង ៣​នាក់​ទេ ដោយ​ចាត់​ទុក​សាលក្រម​នេះ​ធ្វើ​ឡើង​ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ ឬ​សកម្មជន​ការពារ​បរិស្ថាន​មិន​ឲ្យ​ធ្វើ​សកម្មភាព​នា​ថ្ងៃ​អនាគត។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កោះកុង លោក ញៀប សំអឿន ដែល​ចូល​ស្ដាប់​តុលាការ​ប្រកាស​សាលក្រម​ទៅ​លើ​សំណុំរឿង​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់ ថ្លែង​ថា តុលាការ​បាន​ប្ដូរ​បទ​ចោទ​ពី​បទ​គំរាមកំហែង​ថា នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ មក​ជា​បទ​ចោទ​ផ្ដើម​គំនិត​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ តាម​មាត្រា​២៨ នៃ​ក្រមព្រហ្មទណ្ឌ។

លោក ញៀប សំអឿន បន្ត​ថា ទោះបីជា​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់ ត្រូវ​ផុត​កំណត់​ថ្ងៃ​ជាប់​ក្នុង​ពន្ធនាគារ គិត​ចាប់​ពី​ថ្ងៃ​តុលាការ​ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ហើយ​ត្រូវ​មេធាវី​ការពារ​ក្ដី​បំពេញ​សំណុំ​បែបបទ​ឲ្យ​យុវជន​ទាំង ៣​នាក់ ចេញ​ពី​ពន្ធនាគារ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា បែប​ណា​ក្ដី ក៏ប៉ុន្តែ​យុវជន​ទាំង ៣​នាក់ នៅ​ជាប់​បណ្ដឹង ឬ​មាន​ទោស​ព្រហ្មទណ្ឌ​ដដែល។

​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​នៅ​តែ​អះអាង​ថា សកម្មជន​ការពារ​បរិស្ថាន​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​ទាំង ៣​នាក់ ពិត​ជា​មិន​បាន​ប្រព្រឹត្តិ​កំហុស​ឆ្គង​ដូច​ការ​ចោទ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​សកម្ម​ក្នុង​ការងារ​ការពារ​បរិស្ថាន ឬ​ធនធាន​សមុទ្រ​មិន​ឲ្យ​បាត់បង់​ទៅ​វិញ​ទេ៖ «ការ​សម្រេច​សាលក្រម​របស់​ចៅក្រម​ជម្រះ​តុលាការ​ខេត្ត​កោះកុង ថ្ងៃ​នេះ គឺ​អយុត្តិធម៌​បំផុត។ ព្រោះ​តាម​ការ​តាមដាន និង​ចុះ​អង្កេត​ជាក់ស្ដែង យុវជន​ទាំង ៣​នាក់ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ»

ក្រុម​ប្រជាពលរដ្ឋ​មក​ពី​តាម​សហគមន៍​នានា ក្នុង​ខេត្ត​កោះកុង ដែល​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​របង​តុលាការ​ខេត្ត​នេះ ក៏​មិន​ពេញ​ចិត្ត​ចំពោះ​សាលក្រម​តុលាការ​ដែល​កាត់​ឲ្យ​សកម្មជន​បរិស្ថាន​ទាំង ៣​នាក់ ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ជាង ១០០​លាន​រៀល​នេះ​ដែរ៖ «គឺ​អយុត្តិធម៌​ណាស់ៗៗ ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ គឺ​តុលាការ​ពុករលួយ»

មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​បរិស្ថាន​ទាំង ៣​នាក់ គឺ​អ្នកស្រី សាម សុគន្ធា មក​ពី​អង្គការ​លីកាដូ បាន​ចាត់​ទុក​បទ​ចោទ​ប្រកាន់ និង​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ខេត្ត​កោះកុង ថា​មិន​យុត្តិធម៌​សម្រាប់​កូន​ក្ដី​របស់​លោកស្រី​ទេ ព្រោះ​យុវជន​ទាំង ៣​នាក់ មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ដូច​ការ​ចោទ​នោះ​ឡើយ។ ករណី​នេះ អ្នកស្រី​បន្ត​ថា នឹង​ផ្ដល់​ប្រឹក្សា​យោបល់​ផ្លូវ​ច្បាប់​ជូន​កូន​ក្ដី ថា​តើ​នឹង​ត្រូវ​បន្ត​ប្ដឹង​ទៅ​តុលាការ​សាលាឧទ្ធរណ៍​បន្ត​ទៀត ឬ​បែប​ណា ដោយ​ទុក​ឲ្យ​កូន​ក្ដី​ទាំង ៣​នាក់​សម្រេច​ជា​មុន​សិន។

ក្រោយ​ចេញ​ពី​ពន្ធនាគារ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា យុវជន​ទាំង ៣​នាក់ នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​គឺ​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង បាន​ផ្ដល់​សម្ភាសន៍​ដោយ​ចាត់​ទុក​សាលក្រម​សាលាដំបូង​ខេត្ត​ថា​ជា​រឿង​អយុត្តិធម៌។

សកម្មជន​បរិស្ថាន​ទាំង ៣​នាក់ បាន​អះអាង​ដូចៗ​គ្នា​ថា នឹង​បន្ត​ធ្វើ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​បន្ត​ទៀត នៅ​ថ្ងៃ​ខាង​មុខ ដោយ​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាមកំហែង​ចាប់​ដាក់​ពន្ធនាគារ​ជា​ថ្មី​ទៀត​ទេ។ ជាង​នេះ​ទៀត ពួកគេ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន​នៅ​ទូទាំង​ប្រទេស​ឲ្យ​ចូល​ការពារ​ធនធាន​ធម្មជាតិ ដែល​ត្រូវ​រំលោភ​បំពាន​ឲ្យ​បាន​ទាំង​អស់​គ្នា បើ​មិន​ដូច្នេះ​ទេ​ធនធាន​ទាំង​នេះ​នឹង​រលាយ​ហិនហោច​ដោយ​ពួក​មាន​មហិច្ឆតា​លោភលន់​មួយ​ចំនួន​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ សកម្មជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​ជាង ១០​ខែ​រួច​មក​ហើយ ដោយ​ចោទ​ពី​បទ​គំរាមកំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ព្រែក​អណ្ដូងទឹក ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។ ប៉ុន្តែ​បទ​ចោទ​នេះ ត្រូវ​ចៅក្រម​ប្ដូរ​ទៅ​ជា​បទ​ផ្ដើម​គំនិត​ថា នឹង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ភ្ជាប់​នឹង​បញ្ជា​អ្វី​មួយ​តាម​មាត្រា ២៨ នៃ​ក្រមព្រហ្មទណ្ឌ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សូមទោសដូចអត់មានអីអយុត្តិធរទេ អានេះមកពីយើងចង់បាន​មុខ​មាត់ពែក ធ្វើដូចជាទឹកដីដែលខ្លួនបាញ់ដណ្តើមយកមក​ពីពួកអាខ្មែរ​ក្រហម ពួកអាបាតដៃប្រលាក់ឈាមខ្មែរអញ្ចឹងឯង កុំមកចេះនោះទឺក​ដីម្តុំនេះមាន សម្តេចអគសេនាមហាបតីតេជោហ៊ុនសែន តែម្នាក់គឺ​គ្រប់​គ្រាន់ហើយ មិនបាច់ពួកលោកមកខ្វល់ខ្វាយជួស​សម្តេចទេ ស្អី​ក៏លោក​ចេះ លោកដឹង លោកអាចការពារ ដោះស្រាយ បានតាទាំង​អស់ហ្នឹង មិនបាច់ខ្វល់ទេ ពីង៉ៃនេះទៅទោះបើថារលាយក៏ជារបស់​លោកដែរ មែនអត់?

Jul 06, 2016 10:47 AM

គេហទំព័រ​ទាំងមូល