មន្ត្រី​សិទ្ធិ​មនុស្ស​ថា​តុលាការ​សម្រេច​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយសារ​តែ​សម្ពាធ​នយោបាយ

ដោយ រ៉ាន់ សំណាង
2016-11-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  RFA/Brach Chev
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

តុលាការ​កំពូល​ចេញ​សាលដីកា​ច្រានចោល​បណ្ដឹង​សាទុក្ខ​របស់​ក្រុម​មេធាវី​ការពារ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) និង​អគ្គលេខាធិការ​រង គ.ជ.ប រឿង​សុំ​នៅ​ក្រៅ​បណ្ដោះអាសន្ន។ អ្នក​ជាប់​ឃុំ​ថា ការ​សម្រេច​នេះ ជា​ការ​សម្រេច​ដែល​រង​ឥទ្ធិពល​ពី​អ្នក​នយោបាយ។ ពួកគាត់​ថា បើ​តុលាការ​ឯករាជ្យ​ពិត​ប្រាកដ​មែន នោះ​ពួកគាត់​នឹង​បាន​នៅ​ក្រៅ​ឃុំ។

លោក យី សុខសាន្ត ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​ថា មិន​ឈរ​លើ​គោលការណ៍​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ៖ «រឿង​នេះ​ជា​រឿង​អយុត្តិធម៌ ដែល​តុលាការ​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្រោម​គំនាប​របស់​អ្នក​នយោបាយ។ មាន​តែ​ប្រទេស​កុម្មុយនិស្ត​ទេ​ដែល​គេ​ធ្វើ​បាប​មន្ត្រី​សិទ្ធិ​មនុស្ស»

បន្ទាប់​ពី​ចៅក្រម​តុលាការ​កំពូល ប្រកាស​សាលដីកា​ដោយ​តម្កល់​ទុក​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ ដោយ​បដិសេធ​ចោល​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​ក្រុម​មេធាវី។ តុលាការ​សំអាង​ថា ការ​មិន​អនុញ្ញាត​មន្ត្រី​សិទ្ធិមនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ឲ្យ​នៅ​ក្រៅ​ឃុំ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ត្រូវរ៉ូវ​គ្នា​រវាង​សាក្សី និង​ជន​ជាប់​ចោទ ទុក​ពេល​ឲ្យ​ចៅក្រម​សាលាដំបូង​បន្ត​សួរ​សាក្សី និង​រក​ភស្តុតាង​បន្ថែម​ទៀត ហើយ​ដើម្បី​រក្សា​សន្តិសុខ​ក្នុង​សង្គម​កុំ​ឲ្យ​មាន​ភាព​វឹកវរ។

ខណៈ​ឆ្មាំ​ពន្ធនាគារ​នាំ​ខ្លួន​ទៅ​បន្ទប់​ឃុំ​ខ្លួន​ទាំង​ដៃ​ជាប់​ខ្នោះ​ផង លោក នី សុខា និយាយ​ថា អស់​ពេល​ជាង ៧​ខែ​មក​នេះ គ្មាន​នីតិវិធី​ណា​មួយ​ដែល​អាច​បន្ត​ឃុំ​ខ្លួន​ពួកគាត់​ក្នុង​ពន្ធនាគារ​នោះ​ទេ។ លោក​ថា ការ​សម្រេច​នេះ​រង​ឥទ្ធិពល​ពី​អ្នក​នយោបាយ«បើ​សិន​ជា​តុលាការ​សម្រេច​នៅ​ក្នុង​ឯករាជ្យ​ពិត​ប្រាកដ គឺ​ពួក​យើង​នឹង​បាន​នៅ​ក្រៅ​ឃុំ។ ដូច្នេះ​បើ​ស្ថានភាព​នយោបាយ​ធូរស្រាល ពួក​យើង​នឹង​បាន​ចេញ​នៅ​ក្រៅ​ឃុំ​ហើយ អត់​មាន​អី​ពិបាក​ទេ»

​ទោះ​បី​ជា​តុលាការ​ជាន់​ខ្ពស់​សម្រេច​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​ក៏ដោយ លោក នី ចីរយា នៅ​តែ​ប្រកាន់​ជំហរ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​សម្រេច​នេះ​ទេ។

លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នី ចរិយា ហាក់​ដឹង​មុន​ពី​លទ្ធផល​នៃ​សាលដីកា​ទៅ​ហើយ។ លោក សំ សុគង់ ថ្លែង​ថា សំអាងហេតុ​របស់​តុលាការ​នៅ​ពេល​នេះ គឺ​លែង​មាន​ភាព​ចាំបាច់​ទៀត​ហើយ និង​ក៏​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ដែរ។ ផ្ទុយ​ពី​ការ​សំអាង​ហេតុ​របស់​តុលាការ លោក​យល់​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប​មក​ដល់​ពេល​នេះ គឺ​ធ្វើ​ឲ្យ​សង្គម​មាន​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​ពួកគាត់​ទៅ​វិញ​ទេ«ពួក​គាត់​នៅ​ក្រៅ​ឃុំ​វា​ជា​រឿង​ល្អ ជា​ជាងការ​ដែល​ឲ្យ​គាត់​នៅ​ក្នុង​ឃុំ។ ដោយសារ​អី ប្រហែល​ជា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នឹង​មិន​មាន​បន្ត​ទៀត​ទេ។ គោល​បំណង​របស់​អ្នក​ធ្វើ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ហ្នឹង គឺ​ដើម្បី​ដោះលែងពួក​គាត់។ ហើយ​ទី​២ បើ​គាត់​បាន​នៅ​ក្រៅ​ឃុំ​ទៅ ពួក​គាត់​បាន​វិល​ទៅ​ធ្វើ​ការ​វិញ»

​មន្ត្រី​សមាគម​អាដហុក ៤​រូប មាន លោក នី សុខា លោក យី សុសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី ចំណែក​លោក នី ចរិយា ជាប់​ចោទ​ពី​បទ​សមគំនិត​សូក​ប៉ាន់​សាក្សី ទាក់ទង​នឹង​រឿង​ស្រីមុំ មក​សុំ​ជំនួយ​ផ្នែក​ច្បាប់​ពី​សមាគម​អាដហុក ដោយសារ​តែ​នាង​ត្រូវ​គេ​ទម្លាយ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​លោក កឹម សុខា នៅ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ខណៈ​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា ជា​រឿង​នយោបាយ។

​ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើបអង្កេត​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​ចូល​ស្ដាប់​ការ​ប្រកាស​សាលដីកា​នេះ​យល់​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប ៦​ខែ​ហើយ ថែម ៦​ទៀត គ្មាន​រឿង​អ្វី​ចំណេញ​ទេ​សម្រាប់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ«ពីព្រោះ​កន្លង​មក​យើង​ឃើញ​ថា សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​មួយ​ចំនួន​គេ​ធ្វើ​ការ​រិះគន់ ហើយ​គេ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ពួក​គេ​ទាំងអស់​ហ្នឹង ហើយ​រហូត​ឈាន​ទៅ​ដល់​ការ​បង្កក​នូវ​ជំនួយ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា»

លោក អំ សំអាត ថា នេះ​ជា​ការ​ដាក់​សម្ពាធ​បន្ត​ទៀត​ដល់​ក្រុម​គ្រួសារ​ពួកគាត់ ជា​ភរិយា​ដែល​ត្រូវ​ទទួល​បន្ទុក​ចំណាយ​ចាយវាយ និង​មើលថែ​កូនចៅ ជា​ពិសេស​បន្ត​រង​សម្ពាធ​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ។

ភរិយា​លោក យី សុខសាន្ត លោកស្រី ធន់ បូនីតា បង្ហាញ​អារម្មណ៍​យ៉ាង​ក្ដុកក្ដួល​ក្រោយ​ស្ដាប់​តុលាការ​បន្ត​ឃុំ​ខ្លួន​ស្វាមី​លោកស្រី។ លោកស្រី​ស្នើ​ឲ្យ​អ្នក​នយោបាយ​ឈប់​យក​មន្ត្រី​អង្គការ​សង្គម​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស​មក​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ទៀត ដោយ​ស្នើ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា លើ​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប«ចាប់​ពួក​ខ្ញុំ​យក​ទៅ​ធ្វើ​បាប សម្លាប់​ខ្ញុំ​ទាំងអស់​គ្នា ចាក់​សាំង​ដុត​ទាំងអស់​គ្នា ៥-៦​គ្រួសារ​ទៅ សង្គម​អយុត្តិធម៌»

ដើម្បី​បញ្ចប់​ការ​ចាប់​ចង​មន្ត្រី​សិទ្ធិមនុស្ស​ដាក់​ពន្ធនាគារ ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អ្នក​នយោបាយ​ចរចា​គ្នា​ដោយ​សន្តិវិធី​តាម​បែប​នយោបាយ និង​ឈប់​យក​មន្ត្រី​សិទ្ធិមនុស្ស និង​សកម្មជន​បក្ស​នយោបាយ ធ្វើ​ជា​ចំណាប់​ខ្មាំង​ដើម្បី​ដាក់​សម្ពាធ​ដល់​ដៃគូ​ប្រកួត​ប្រជែង​ម្ខាង​ទៀត​នៅ​ពេល​ស្ថានការណ៍​នយោបាយ​មាន​ភាព​តានតឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល