អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​ប្ដឹង​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ពី​បទ​បរិហារ​កេរ្តិ៍

ដោយ ហង្ស សាវយុត
2017-09-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​ឧត្ដរមានជ័យ។
ផែនទី​ខេត្ត​ឧត្ដរមានជ័យ។
Photo: RFA

ចៅ​សង្កាត់​បន្សាយរាក់ នៃ​ក្រុង​សំរោង បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​ឧត្តរមានជ័យ ដោយ​ចោទ​ប្រកាន់​សកម្មជន​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​បរិហារ​កេរ្តិ៍​ទៅ​លើ​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ឃុំ។ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី បាន​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​នោះ​ទៅ​សាកសួរ​ម្ដង​មក​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ខ្លះ​ទៀត​មាន​ការ​ព្រួយ​បារម្ភ។

សកម្មជន​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ឧត្តរមានជ័យ កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ។ ការ​ព្រួយ​បារម្ភ កើត​ឡើង​បន្ទាប់​ពី​ចៅ​សង្កាត់​បន្សាយរាក់ នៃ​ក្រុង​សំរោង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ហើយ​តុលាការ​បាន​កោះ​ហៅ​រូប​គាត់​ទៅ​សាកសួរ​ពី​បទ​បរិហារ​កេរ្តិ៍​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា រួច​មក។

អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ គឺ​លោក អូន ស្រ៊ាន។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កញ្ញា ថា កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៦ គឺ​មាន​សកម្មភាព​ទម្លាក់​ស្លាក និង​ដុត​បំផ្លាញ​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​ផ្ទាំង​នៅ​សង្កាត់​បន្សាយរាក់ នៅ​សង្កាត់​កូនក្រៀល និង​នៅ​ស្រុក​អន្លង់វែង។ កាលណោះ រូប​លោក​បាន​ដាក់​បណ្ដឹង​ទៅ​អាជ្ញាធរ​សង្កាត់​បន្សាយរាក់ និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ជួយ​រក​មុខ​ជន​ដៃ​ដល់​ក្នុង​ការ​ទម្លាក់​ស្លាក ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​តាម​រក​មុខ​អ្នក​ទម្លាក់​ស្លាក​ទាំងនោះ​ទេ។ លោក អូន ស្រ៊ាន បញ្ជាក់​ថា ដោយសារ​តែ​គ្មាន​ចំណាត់ការ​អ្វី​សោះ​ពី​អាជ្ញាធរ គឺ​លោក​បាន​បង្ហោះ​ការ​បញ្ចេញ​មតិ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រិះគន់​ទាំង​អាជ្ញាធរ​សង្កាត់​បន្សាយរាក់ និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ថា​មិន​បាន​រក​មុខ​ជនល្មើស​ទាំងនោះ​ទេ។

លោក អូន ស្រ៊ាន កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ បន្ទាប់​ពី​តុលាការ​ខេត្ត​ឧត្តរមានជ័យ កោះ​ហៅ​រូប​លោក​ទៅ​សាកសួរ​ជុំវិញ​បទ​បរិហារ​កេរ្តិ៍​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា រួច​មក៖ «ប្រសិន​បើ​អាជ្ញាធរ​អព្យាក្រឹត្យ​មែន គ្រាន់​តែ​និយាយ​ប៉ុណ្ណឹង មិន​ត្រូវ​ប្រកាន់​រហូត​ដល់​ទៅ​ប្ដឹង​ចូល​តុលាការ​នោះ​ទេ។ គេ​ប្ដឹង​នេះ​ប្រហែល​ជា​គេ​មាន​គម្រោង​គាប​សង្កត់​មែន​ទែន»

ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី ទទួល​ស្គាល់​ថា គេ​ពិត​ជា​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តុលាការ​មែន។

ចៅសង្កាត់​បន្សាយរាក់ លោក ប្រាក់ សារ៉ន មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​លោក​ប្ដឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​បរិហារ​កេរ្តិ៍ ដោយសារ​តែ​គាត់​ចោទ​ប្រកាន់​អភិបាល​ខេត្ត​ឧត្តរមានជ័យ និង​អាជ្ញាធរ​សង្កាត់​បន្សាយរាក់ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ជន​ទម្លាក់​ស្លាក​គណបក្ស​ទាំងនោះ។ លោក​ចៅសង្កាត់​បញ្ជាក់​ថា កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៦ គឺ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​នោះ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ម្ដង​មក​ហើយ ចំពោះ​ការ​ចោទ​ប្រកាន់​អាជ្ញាធរ​បែប​នេះ ប៉ុន្តែ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧ គឺ​សកម្មជន​ដដែល​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ម្ដង​ទៀត​នូវ​រឿង​ដដែល ជា​ហេតុ​ធ្វើ​ឲ្យ​រូប​លោក​ត្រូវ​មាន​ចំណាត់ការ​ប្រឆាំង​តបត​វិញ៖ «មាន​ន័យ​ថា​អ្វី​ដែល​គាត់​និយាយ​តាម​បណ្ដាញ​សង្គម គឺ​ចោទ​ប្រកាន់​អាជ្ញាធរ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ គាត់​ចោទ​ប្រកាន់​អាជ្ញាធរ​ថា​នៅ​ពី​ក្រោយ​ខ្នង​ជនល្មើស។ ពាក្យ​នេះ​ធ្ងន់ធ្ងរ​ណាស់»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា​ករណី​ដែល​ចៅសង្កាត់​បន្សាយរាក់ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នេះ គឺ​ជា​ចេតនា​គាប​សង្កត់​ខាង​នយោបាយ​ច្រើន​ជាង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​រឿង​រិះគន់​ទៅ​លើ​អាជ្ញាធរ។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ លោក ម៉ោញ សារ៉ាត់ ចាត់​ទុក​ករណី​ដែល​ចៅសង្កាត់​បន្សាយរាក់ ប្ដឹង​សកម្មជន​របស់​លោក​ទៅ​តុលាការ​នោះ គឺ​ជា​ចេតនា​គាប​សង្កត់​ផ្នែក​នយោបាយ​នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​តែ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែរ​នោះ៖ «ករណី​នេះ​វា​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​គេ​មក​ចាប់​ផ្ដើម​ដាក់​បណ្ដឹង​ដើម្បី​អនុវត្ត​ច្បាប់​នៅ​ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​មាន​ការ​ប្រែប្រួល​ខ្លាំង​នេះ វា​ហាក់​ដូចជា​គេ​រាវរក​គ្រប់​បញ្ហា ដើម្បី​ដាក់​សម្ពាធ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​មាន​ការ​ព្រួយ​បារម្ភ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា ការ​ដែល​ចៅសង្កាត់​បន្សាយរាក់ ដាក់​ពាក្យ​ប្ដឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​លោក​ទើប​តែ​បាន​ទទួល​ដំណឹង ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​អង្កេត​ឲ្យ​ស៊ី​ជម្រៅ​ថា​យ៉ាង​ណា​នៅ​ឡើយ។ លោក ស្រី ណារ៉េន យល់​ថា បញ្ហា​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម​រិះគន់​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ នោះ គឺ​ជា​រឿង​តូចតាច ដែល​អាច​និយាយ​គ្នា​បាន មិន​គួរ​ឈាន​ដល់​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ដូច្នេះ​ឡើយ៖ «រឿង​តូចតាច​អ៊ីចឹង​អាច​និយាយ​គ្នា​ដោះស្រាយ​គ្នា​តាម​សន្តិវិធី​បាន មិន​គួរ​ណា​ឈាន​ទៅ​ដល់​ការ​លាប​ពណ៌​ដាក់​គ្នា​ដូចនេះ​ទេ»

គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​មិន​កាន់​អំណាច កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ការ​វិវឌ្ឍន៍​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចុង​ក្រោយ ដោយសារ​តែ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ការ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការ​ហាម​មិន​ឲ្យ​ស្ថានីយ​វិទ្យុ​នៅ​ក្នុង​ស្រុក​ផ្សាយ​បន្ត​ពី​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ព្រម​ទាំង​ការ​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល