ពលរដ្ឋ​៨​នាក់​ប្តឹង​អភិបាល​ស្រុក​លំផាត់​ខេត្ត​រតនគិរី​ពី​បទ​ញុះញង់​ពលរដ្ឋ

ដោយ រដ្ឋា វិសាល
2017-09-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​រតនគិរី។
ផែនទី​ខេត្ត​រតនគិរី។
Photo: RFA

តំណាង​សហគមន៍​ភូមិ​សមុទ្រលើ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ដាក់​ពាក្យ​ប្តឹង​អភិបាល​ស្រុក​មួយ​ករណី​ផ្សេង​ទៀត ទាក់ទិន​បទ​ញុះញង់​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច បន្ទាប់​ពី​បាន​ដាក់​ពាក្យ​ប្តឹង​បរិហារ​មន្ត្រី​ជំនាញ និង​មន្ត្រី​មូលដ្ឋាន ៧​នាក់ ទាក់ទិន​រឿង​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់។

តំណាង​ពលរដ្ឋ​ភូមិ​សមុទ្រលើ ចំនួន ៨​នាក់ សំណូមពរ​ឲ្យ​អយ្យការ​សាលា​ដំបូង​ខេត្ត​រតនគិរី ការពារ​សុវត្ថិភាព និង​បញ្ឈប់​សកម្មភាព​គំរាម​កំហែង រើសអើង​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក។

សំណូមពរ​នេះ ធ្វើ​ឡើង​ក្នុង​ពាក្យ​បណ្តឹង​ចោទ​ប្រកាន់​អភិបាល​ស្រុក​លំផាត់ គឺ​លោក នូ ថេរ ពី​បទ​ញុះញង់​ដាក់​ជូន​ស្ថាប័ន​អយ្យការ​កាល​ពី​ដើម​ខែ​កញ្ញា កន្លង​ទៅ​នេះ។

តំណាង​មួយ​រូប គឺ​លោក ឆន ផល្លា បញ្ជាក់​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ថា អភិបាល​ស្រុក​លំផាត់ បាន​ប្រើប្រាស់​វេទិកា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ចោទ​ប្រកាន់​ពួក​គាត់​ថា​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប៉ុនប៉ង​ធ្វើ​អបគមន៍ និង​ញុះញង់​ឲ្យ​អ្នក​ភូមិ​ប្តឹង​អាជ្ញាធរ។ លោក​បន្ត​ថា សារ​គំរាម​កំហែង​នេះ គឺ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ជាង ៣០​នាក់​កាល​ពី​ខែ​មិថុនា បាន​រក​ឃើញ​បទល្មើស​កាប់​ឈើ​មូល និង​សកម្មភាព​កាប់​រាន​ព្រៃ​ប៉ុនប៉ង​យក​ដី​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ហើយ​ដាក់​ពាក្យ​ប្តឹង​បរិហារ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​អនុរក្ស​ដែន​ជម្រក ពី​បទ​បណ្តែតបណ្តោយ​មិន​ទប់ស្កាត់​ករណី​នេះ៖ «អាជ្ញាធរ​ថ្នាក់​ក្រោម​ស្រុក​លំផាត់ នូ ថេរ ហ្នឹង​កុំ​ឲ្យ​គំរាម​កំហែង​តំណាង​ការពារ​ព្រៃឈើ ព្រោះ​ពួក​ខ្ញុំ​អ្នក​ការពារ​ព្រៃឈើ​ទេ»

តំណាង​ម្នាក់​ទៀត គឺ​លោក នួន ណែន ជា​គ្រូបង្រៀន​សាលារៀន សេដា អះអាង​ថា អភិបាល​ស្រុក​ប្រើប្រាស់​យន្ត​ចោទ​ប្រកាន់​ពលរដ្ឋ​អ្នក​ការពារ​ព្រៃឈើ​ថា​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​វិញ ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ៖ «ប្រជាពលរដ្ឋ​គាត់​ស្ម័គ្រ​ចិត្ត​មាន​សិទ្ធិ​តវ៉ា គេ​ថា​គេ​ស្ម័គ្រ​ចិត្ត​ខ្លួន​គេ»

អភិបាល​ស្រុក​លំផាត់ លោក នូ ថេរ បដិសេធ​ថា​មិន​បាន​គំរាម​ពលរដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ​លោក​បាន​ពន្យល់​អ្នក​ភូមិ​ពី​ផល​លំបាក​នៃ​ការ​ដាក់​ពាក្យ​ប្តឹង​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ភូមិ ៣០​នាក់ ដែល​អាជ្ញាធរ​រក​ឃើញ​ថា​មាន​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​នោះ។ លោក​ទទួល​ស្គាល់​ថា បាន​ណែនាំ​ពលរដ្ឋ​កុំ​ឲ្យ​បង្កើត​ចលនា​អបគមន៍ ឬ​បដិវត្តន៍​ពណ៌ ដែល​ត្រូវ​ប្រឈម​មុខ​ទៅ​នឹង​វិធានការ​ច្បាប់៖ «គេ​ថត​រូប​បាន​ហ្នឹង​ងាប់​អ្នក​ណា ងាប់ ៣០​នាក់​ហ្នឹង»

តំណាង​ពលរដ្ឋ​ភូមិ​សមុទ្រក្រោម ៩​នាក់​កាល​ពី​ខែ​កក្កដា បាន​ដាក់​ពាក្យ​ប្តឹង​បរិហារ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​បរិស្ថាន​សរុប ៧​នាក់​ទៅ​ការិយាល័យ​អយ្យការ​សាលា​ដំបូង​ពី​បទ​បណ្តែតបណ្តោយ ធ្វេសប្រហែស​ក្នុង​តួនាទី​របស់​ខ្លួន។ បន្ទាប់​ពី​ការ​ប្តឹង​នោះ មន្ត្រី​ស្រុក​លំផាត់ ក៏​បាន​ដាក់​ពាក្យ​ប្តឹង​តំណាង​ប្រជាពលរដ្ឋ​វិញ​ក្នុង​បទ​ចោទ​ថា ពួក​គេ​ជា​អ្នក​ពាក់ព័ន្ធ​កាប់​រាន​ព្រៃឈើ​នោះ។

អ្នក​នាំ​ពាក្យ​អយ្យការ​សាលា​ដំបូង​ខេត្ត​រតនគិរី លោក ហាក់ ហ័ន បញ្ជាក់​ថា រឿង​ក្តី​កាប់​រាន​ព្រៃឈើ​ដែល​គូ​ភាគី​ប្តឹង​គ្នា​ទៅ​វិញ​ទៅ​មក គឺ​អយ្យការ​បាន​ចេញ​ដីកា​កោះ​ហៅ​ចុង​ចោទ និង​ដើម​ចោទ​ឲ្យ​ចូល​បំភ្លឺ​ហើយ ក៏ប៉ុន្តែ​ភាគី​ទាំង​ពីរ​សុំ​ពន្យារ​ពេល​ដើម្បី​ដាក់​មេធាវី​ការពារ​ក្តី។ លោក​បន្ត​ថា ចំពោះ​រឿង​ក្តី​តំណាង​អ្នក​ភូមិ​ប្តឹង​អភិបាល​ស្រុក​ពី​បទ​គំរាម​កំហែង លោក​មិន​ទាន់​បាន​ដឹង​ពី​ចំណាត់ការ​យ៉ាង​ណា​នៅ​ឡើយ៖ «វា​ស្រប​គ្នា​ជាមួយ​ដើម​បណ្តឹង គឺ​គាត់​សុំ​ពន្យារ​ដើម្បី​រក​មេធាវី​ការពារ​ក្តី​ហ្នឹង សំណុំ​រឿង​ទី​១»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី ចាត់​ទុក​ថា នេះ​ជា​ទង្វើ​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ដែល​រាជ​រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​វេទិកា​សាធារណៈ​ពិគ្រោះ​យោបល់​រវាង​អាជ្ញាធរ និង​ពលរដ្ឋ ក៏ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​បាន​ប្រើប្រាស់​វេទិកា​នោះ​ដាក់​កំហុស​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច និង​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គេ និង​ក្រុម​គ្រួសារ៖ «បើ​គាត់​យក​វេទិកា​សាធារណៈ​ទៅ​វាយ​ប្រហារ​ប្រជាពលរដ្ឋ កាត់​សេចក្តី​ថា​អ្នក​ឯង​ធ្វើ​អ៊ីចឹង​ចង់​ជាប់​គុក​ប៉ុណ្ណេះៗ វា​ជា​សកម្មភាព​ខុស​ច្បាប់»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​អយ្យការ​សាលា​ដំបូង​ខេត្ត​រតនគិរី លោក ហាក់ ហ័ន បញ្ជាក់​ថា អយ្យការ​នឹង​ដំណើរការ​ស៊ើប​អង្កេត​រក​អង្គ​ហេតុ​ជាក់លាក់​ទាក់ទិន​រឿង​ក្តី​នេះ បន្ទាប់​ពី​ភាគី​ពាក់ព័ន្ធ​បាន​ដាក់​ពាក្យ​បណ្តឹង​មក​ការិយាល័យ​អយ្យការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល