សង្គម​ស៊ីវិល​និង​ប្រជា​សហគមន៍​រំពឹង​ថា​តុលាការ​​នឹង​ចាត់​ការ​បណ្ដឹង​ព្រៃឈើ​ពួកគាត់​ដោយ​យុត្តិធម៌

ដោយ ទីន ហ្សាការីយ៉ា
2017.12.22
កាប់​ឈើ ដែន​ជម្រក​សត្វ​ព្រៃ លំផាត់ ៦២២ ២០១៧ សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍ ប្ដេជ្ញា​ដាក់​បណ្ដឹង​បរិហារ​ទៅ​តុលាការ​បន្ថែម​ទៀត ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​រតនគិរី។ ការ​ប្រកាន់​ជំហរ​បែប​នេះ គឺ​បន្ទាប់ពី​ពួកគាត់​បាន​ចូល​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់​នៅ​សាលាដំបូង​ខេត្ត​ទាក់ទង​នឹង​បណ្ដឹង​បរិហារ​ដែល​ពួកគាត់​បាន​ប្ដឹង​ប្រឆាំង​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ថ្នាក់​ខេត្ត ដែល​បាន​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​ឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហើយ​មិន​បាន​ចាត់ការ​ទប់ស្កាត់​បទល្មើស​ទាំង​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព។

​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ទំពួន នៅ​ខេត្ត​រតនគិរី រំពឹង​ថា តុលាការ​នឹង​ចាត់​ការ​លើ​បណ្ដឹង​របស់​ពួកគាត់​ដែល​ប្ដឹង​ប្រឆាំង​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត​រតនគិរី ទាក់ទង​នឹង​រឿង​បទល្មើស​ព្រៃឈើ ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​រក្សា​ការពារ​តំបន់​ព្រៃឈើ​ដែល​នៅ​សេសសល់​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ និង​ការ​ប្រើប្រាស់​ធនធាន​ព្រៃឈើ​ប្រកប​ដោយ​និរន្តរភាព។

​ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​ភាគី​ដើម​បណ្ដឹង​ដែល​រួម​មាន មន្ត្រី​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ តំណាង​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​ពលរដ្ឋ ៩​នាក់​ផ្សេង​ទៀត បាន​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​លើ​បណ្ដឹង​បរិហារ​របស់​ពួកគាត់​ប្រឆាំង​នឹង​ក្រុម​អាជ្ញាធរ​ខេត្ត​រតនគិរី ដែល​ពួកគាត់​អះអាង​ថា មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ។

​មន្ត្រី​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ទើប​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ សម្ដែង​សុទិដ្ឋិនិយម​ថា តុលាការ​នឹង​ដំណើរ​ការ​រឿង​ក្តី​នេះ​ស្របតាម​នីតិវិធី​ដើម្បី​ស្វែង​រក​យុត្តិធម៌ ព្រោះ​តំណាង​អយ្យការ​បាន​អះអាង​ប្រាប់​លោក​ថា បណ្ដឹង​របស់​លោក និង​ក្រុម​ពលរដ្ឋ​មាន​ភាព​ត្រឹមត្រូវ​ស្របតាម​ច្បាប់ ហើយ​តំណាង​អយ្យការ​ចាប់​អារម្មណ៍​ច្រើន​លើ​ករណី​នេះ។

​លោក​អះអាង​ថា តំណាង​អយ្យការ​ខេត្ត​រតនគិរី ចង់​ឱ្យ​ពលរដ្ឋ​ចូលរួម​ដាក់​បណ្ដឹង​បរិហារ​ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ៖ «នេះ​ជា​ករណី​ធ្ងន់ធ្ងរ​មួយ​ដែល​ធ្វើ​ឱ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ច្រើន ដូច្នេះ​យើង​សង្ឃឹម​ថា ស្ថាប័ន​អយ្យការ​នឹង​ចាត់​ការ​រឿង​នេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​បាត់បង់​ព្រៃឈើ​បន្ត​ទៅ​ទៀត។ តាំង​ពី​នៅ​ខេត្ត​ក្រចេះ ម្ល៉េះ លោក (តំណាង​អយ្យការ) សូម​ឱ្យ​ខ្ញុំ​ជួយ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​បណ្ដឹង​បរិហារ​កាន់​តែ​ច្រើន ដើម្បី​ជា​វិធានការ​តាម​ផ្លូវ​ច្បាប់​ជួយ​ទប់ស្កាត់​បទល្មើស និង​ដើម្បី​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ទាំង​អស់​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ទាំង​អស់»

មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។

បណ្ដឹង​បរិហារ គឺ​ជា​បណ្ដឹង​ប្រាប់​ឱ្យ​ដឹង​នូវ​អំពើ​ល្មើស ឬ​បទល្មើស​អ្វី​មួយ​ក្នុង​បំណង​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់ការ​តាម​សមត្ថកិច្ច​របស់​ខ្លួន ដែល​ច្បាប់​បាន​កំណត់។ បុគ្គល​គ្រប់​រូប រួម​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល អង្គការ​រដ្ឋ ឬ​រដ្ឋ​បរទេស​នានា សុទ្ធសឹងតែ​អាច​ធ្វើ​បណ្ដឹង​បរិហារ​បាន​ទាំង​អស់ ហើយ​ក្រមព្រហ្មទណ្ឌ​មាត្រា ៥២៩ ចែង​ថា រាល់​បុគ្គល​ណា​ដែល​បាន​ដឹង​ពី​បទ​ឧក្រិដ្ឋ ដែល​អាច​នឹង​បង្ការ ឬ​បន្ថយ​អានុភាព​របស់​បទល្មើស​បាន ហើយ​មិន​ប្ដឹង​បរិហារ​ដល់​អាជ្ញាធរ​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្សេង​ទៀត នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន ទៅ ២​លាន​រៀល។

​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ បាន​រួម​គ្នា​ដាក់​បណ្ដឹង​បរិហារ​មួយ​ច្បាប់​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី ព្រម​ទាំង​ចម្លង​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និង​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ដើម្បី​ស្នើសុំ​ជួយ​អន្តរាគមន៍​ប្រឆាំង​នឹង​បុគ្គល​ចំនួន ៧​រូប ដែល​មាន​តួនាទី​ចាប់ពី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក រហូត​ដល់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត រួម​ទាំង​អនុប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ពី​បទ “ពាក់ព័ន្ធ​អនុ​គ្រោះ​ចំពោះ​បទល្មើស​ព្រៃឈើ មិន​ទប់​ស្កាត់​បទល្មើស​កាប់​រាន និង​ឈូស​ឆាយ​ដី​ព្រៃឈើ និង​បទល្មើស​កាប់​រំលំ​ដើមឈើ​ប្រណីត​ជា​បទឧក្រិដ្ឋ​មិន​ទាន់​ពេល​វេលា” ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា និង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ក្នុង​ខេត្ត​រតនគិរី។

​ប្រជាពលរដ្ឋ​ភូមិ​សមុទ្រក្រោម អះអាង​នៅ​ក្នុង​ពាក្យ​បណ្ដឹង​ថា កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ ពួកគាត់​មាន​គ្នា ៣០​នាក់ បាន​ចុះទៅ​ល្បាត​ព្រៃ និង​ពិនិត្យ​ព្រៃ​សហគមន៍ និង​ព្រៃ​ដែន​ជម្រក​សត្វ​ស្រុក​លំផាត់ ខេត្ត​រតនគិរី ហើយ​ក៏​បាន​ប្រទះ​ឃើញ​តំបន់​ព្រៃឈើ​ជាង ៨០០​ហិកតារ ត្រូវ​បាន​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​នាំគ្នា​កាប់​រុករាន​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ដី​ធ្វើ​កម្មសិទ្ធិ។

​ពលរដ្ឋ​អះអាង​បន្ត​ថា ប្រធាន​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​អនុ​ប្រធាន​ភូមិ មេភូមិ មេឃុំ និង​មេ​ប៉ុស្តិ៍​ដែល​ជា​មន្ត្រី​មូលដ្ឋាន មិន​បាន​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ​ទេ តែ​បែរ​ជា​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​កាប់​រាន​ដី​ព្រៃ​នៅ​តំបន់​របស់​ខ្លួន​អស់​ជា​ច្រើន​សន្ធឹកសន្ធាប់។ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​អាជ្ញាធរ​បែរ​ជា​ចោទ​ពលរដ្ឋ​ជា​អ្នក​ការពារ​ព្រៃឈើ ថា​បាន​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ និង​ព្រៃ​ដែន​ជម្រក​សត្វ​ថែម​ទៀត។

​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន និង​ជាដើម​បណ្ដឹង​ម្នាក់ គឺ​លោក ស៊ីថាន់ ញ៉ាន់ ថ្លែង​ថា លោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​ដី​ព្រៃឈើ​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ជា​ទី​អាស្រ័យ​ផល​របស់​ពលរដ្ឋ​ក្នុង​សហគមន៍ រង​ការ​កាប់​បំផ្លាញ និង​កាប់​រានទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ លោក​បារម្ភ​ថា បើ​សកម្មភាព​នេះ​មិន​អាច​ទប់​ស្កាត់​បាន​ទេ​នោះ ក្តី​អន្តរាយ​នឹង​កើត​មាន​ឡើង​ចំពោះ​ពលរដ្ឋ​ដែល​រស់​នៅ​ពឹង​ផ្អែក​ទៅ​លើ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ក្នុង​ព្រៃ​សហគមន៍៖ «ប្រជាពលរដ្ឋ​មាន​ជំហរ​ដាច់​ខាត​តែម្ដង។ ពាក្យ​បណ្ដឹង​ហ្នឹង​ចង់​ឱ្យ​បាន​ជោគជ័យ ចង់​ឱ្យ​បាន​ដី​ហ្នឹង កុំ​ឱ្យ​គេ​កាប់​រាន។ (ពលរដ្ឋ) នឹង​តស៊ូ តវ៉ា​រហូត​ដល់​សម្រេច ដោយ​មិន​រាថយ​ទេ ព្រោះ (ព្រៃ) នៅ​ខ្លះៗ​ដែរ។ បើសិនជា​មិន​តស៊ូ​ទេ គេ​នឹង​វាតទី​យក​អស់​តែម្ដង»

​ភាគី​ដើម​បណ្ដឹង​ដែល​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ សំណូមពរ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ប្រព្រឹត្ត មន្ត្រី​ពាក់ព័ន្ធ​ដែល​អនុគ្រោះ​បទល្មើស​ព្រៃឈើ និង​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​នៅ​តំបន់​ដែល​ខ្លួន​ទទួល​ខុស​ត្រូវ​មិន​បាន​ទាន់​ពេល​វេលា ព្រមទាំង​សង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ២0​លាន​រៀល។

​ច្បាប់​ស្ដីពី​ព្រៃឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ កំណត់​ថា ការ​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ជន​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ ១៥០​លាន​រៀល។ ចំណែក មន្ត្រី​ពាក់ព័ន្ធ​ណា​ដែល​មាន​ការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​ទៅ​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល ឬ/និង ត្រូវ​ចោទប្រកាន់​ចំពោះ​មុខ​តុលាការ ហើយ​បើ​មន្ត្រី​ទាំង​នោះ​សមគំនិត​នឹង​អ្នក​ប្រព្រឹត្ត​បទល្មើស ឬ​ជួយ​សម្រួល​ការ​ប្រព្រឹត្ត​បទល្មើស​នេះ ពួកគេ​ក៏​ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្ត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។