អតីត​អភិបាល​ក្រុង​បានលុង​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន

ដោយ អាស៊ីសេរី
2018.01.03
តុលាការ រតនគិរី ៦២២ ស្លាក​សញ្ញា​សាលាដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី។
Photo from Facebook

អតីត​អភិបាល​ក្រុង​បានលុង ខេត្ត​រតនគិរី ត្រូវ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ខែ​មករា នៅ​ម្តុំ​មន្ទីរពេទ្យ​ព្រះកុសុមៈ ឬ​ហៅ​ថា ពេទ្យ​លោក​សង្ឃ។ ការ​ចាប់​ខ្លួន​នេះ គឺ​ធ្វើ​តាម​បង្គាប់​នៃ​ដីកា​ឲ្យ​ចាប់​ខ្លួន​របស់​តុលាការ​ខេត្ត​រតនគិរី ក្រោម​បទ​ចោទ «សម​គំនិត​ក្នុង​អំពើ​លួច» ដែល​ប្រព្រឹត្ត​កាល​ពី​ខែ​មករា ឆ្នាំ​២០១៧ កន្លង​ទៅ។

ដីកា​របស់​សាលាដំបូង​ខេត្ត​រតនគិរី បង្ហាញ​ថា ឈ្មោះ អ៊ុក សំអុល ភេទ​ប្រុស ជា​មន្ត្រី​រាជការ​នៅ​ខេត្ត​រតនគិរី បាន​រត់​គេច​ខ្លួន និង​មិន​បាន​ចូល​ខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​កន្លង​មក​នោះ​ទេ។ ដីកា​របស់​តុលាការ​មិន​បញ្ជាក់​ថា ជនសង្ស័យ​បាន​លួច​អ្វី? ឬ​លួច​​ទ្រព្យសម្បត្តិ​របស់​អ្នក​ណា​ដែរ?

អ្នក​សម្របសម្រួល​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​រតនគិរី លោក ឌិន ខន្នី ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​ឲ្យ​ស៊ី​ជម្រៅ​នៅ​ឡើយ​ទេ។ លោក​ថា ក្នុង​នាម​លោក​ជា​សង្គម​ស៊ីវិល នឹង​តាម​ដាន​ករណី​នេះ៖ «បើ​កាលណា​មាន​ដីកា​អ៊ីចឹង ខ្ញុំ​គិត​ថា​ព្រះរាជអាជ្ញា​ប្រហែល​គាត់​មាន​តម្រុយ​ណា​មួយ​ជាក់លាក់​ហើយ។ ខ្ញុំ​នឹង​តាម​ដាន​ករណី​ហ្នឹង»

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី បាន​នៅ​ឡើយ​ទេ ថ្ងៃ​ពុធ ទី​៣ ខែ​មករា នេះ។ ក្រោយ​ការ​ចាប់​ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ ដើម្បី​សួរ​នាំ​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។