តុលាការ​ចោទ​ប៉ូលិស​សក្ដិ​បួន​ចំនួន​២​បទល្មើស​ករណី​ទាត់​ធាក់​នគរបាល​ចរាចរណ៍

ដោយ វ៉ែន សុមេធ
2018.01.11
តុលាការ ភ្នំពេញ ៨៥៥ ២០១៦ សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
RFA/Brach Chev

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មករា នេះ ចោទ​ប្រកាន់​ប៉ូលិស​សក្ដិ​៤​ម្នាក់​ចំនួន ២​បទល្មើស ករណី​ប្រើ​ហិង្សា​លើ​នគរបាល​ចរាចរណ៍​ម្នាក់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ដាក់​ទោស ទណ្ឌ​ធ្ងន់ធ្ងរ​នេះ គឺ​ជា​រឿង​ល្អ ដើម្បី​កុំ​ឲ្យ​មន្ត្រី​ផ្សេង​ទៀត​យក​គំរូ​តាម។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ សម្រេច​ចោទ​ប្រកាន់​ប៉ូលិស​ស័ក្ដិ​៤ ចំនួន​ពីរ​បទល្មើស គឺ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ​តាម​មាត្រា ២១៨ និង​មាត្រា ៦១៤ នៃ​ក្រមព្រហ្មទណ្ឌ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម។

ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​ប៉ូលិស​សក្ដិ​៤ ឈ្មោះ សៅ បញ្ញា អាយុ ៣៣​ឆ្នាំ​រូប​នេះ បាន​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​ជាប់​កិច្ចសន្យា​ម្នាក់ ឈ្មោះ អឿន ចំណាន នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ កែង​ផ្លូវ​លេខ​៣១៥ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨។

​លោក លី សុផាណា ឲ្យ​ដឹង​ថា ក្រោយ​បញ្ចប់​ការ​សួរ​នាំ និង​ចោទ​ប្រកាន់ តំណាង​អយ្យការ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់​ការ​បន្ត។ សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា តាម​ពិត​ជន​ជាប់​ចោទ​រូប​នេះ មាន​ឋានន្តរសក្ដិ​អនុសេនីយ៍ឯក​ស័ក្ដិ​៣ ប៉ុន្តែ​ជន​នេះ​បាន​ទិញ​ស័ក្ដិ​ក្លែងក្លាយ​១​ទៀត​ដើម្បី​ឡើង​ស័ក្ដិ​៤។

​មន្ត្រី​នគរបាល​ផ្នែក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ លោក សៅ បញ្ញា អាយុ ៣៣​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​៩ មករា បន្ទាប់​ពី​មាន​វីដេអូ​ឃ្លិប​ចែកចាយ​តាម​បណ្ដាញ​សង្គម ដោយ​បង្ហាញ​ឃើញ​ប៉ូលិស​រូប​នេះ​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​ដែល​បាន​ចាប់​ឃាត់​រថយន្ត​របស់​គាត់។ នៅ​ក្នុង​វីដេអូ​នោះ គឺ​លោក សៅ បញ្ញា បាន​ចុះ​ពី​លើ​រថយន្ត​ដែល​ប៉ូលិស​ចរាចរណ៍​ឃាត់ ហើយ​បាន​និយាយ​ជាមួយ​មន្ត្រី​នោះ។ ក្រោយ​មក​ក៏​ទាត់​ធាក់​មន្ត្រី​នោះ​ចំ​ដើម​ទ្រូង​មួយ​ជើង​ផ្ងារ​ទៅ​ក្រោយ បើ​ទោះ​បី​ប៉ូលិស​ចរាចរណ៍​បាន​លត់​ជង្គង់ និង​លើក​ដៃ​គោរព​បង្ហាញ​ការ​សុំ​​ទោស​ក្តី។

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ លោក ចេវ ហាក់ បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​មករា ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​មាន​បញ្ហា​ស្តាប់​មិន​បាន។

នគរបាល​ចរាចរណ៍​ដែល​រង​អំពើ​ហិង្សា អឿន ចំណាន បាន​រៀបរាប់​ក្នុង​ឃ្លិប​វីដេអូ​ដែល​គេ​ថត​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ថា នៅ​ថ្ងៃ​ទី​៩ ខែ​មករា ប៉ូលិស​សក្ដិ​៤​នោះ បាន​ជិះ​រថយន្ត​មក​ឈប់​ហើយ​ចាប់​ក្របួច​កអាវ​អូស​លោក​ពី​ដង​ផ្លូវ​មក​ខាង និង​បាន​វាយ​ទាត់​ធាក់​រូប​លោក ដោយសារ​ខឹង​លោក​ឃាត់​រថយន្ត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា។ ប៉ុន្តែ​ពេល​នោះ​លោក​ពុំ​បាន​ផាក​ពិន័យ​អ្វី​ឡើយ គ្រាន់​តែ​ប្រាប់​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​តែប៉ុណ្ណោះ៖ «»។

​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ចេញ​បញ្ជា​ម៉ឺងម៉ាត់​ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​នគរបាល​ដែល​ប្រើ​អំពើ​ហិង្សា​រូប​នេះ ដោយ​គ្មាន​ការ​លើកលែង​ជា​ដាច់​ខាត។

​នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា មាន​ប្រសាសន៍​ថា ការ​ចាត់​វិធានការ​ដាក់ទោស​ចំពោះ​មន្ត្រី​ថ្នាក់លើ​ដែល​ប្រើ​ហិង្សា​លើ​មន្ត្រី​ថ្នាក់​ក្រោម​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ​តាម​ផ្នែក​ច្បាប់ និង​ជា​គំរូ​ល្អ​មួយ​ដើម្បី​បង្ហាញ​ដល់​មន្ត្រី​ថ្នាក់​លើ​មួយ​ចំនួន​ទៀត ដែល​ប្រើប្រាស់​អំណាច​មិន​ត្រឹមត្រូវ៖ «»។

​លោក អ៊ា ចរិយា យល់​ថា រដ្ឋាភិបាល​ត្រូវ​ឲ្យ​តម្លៃ និង​ផ្ដល់​សិទ្ធិ​អំណាច​ដល់​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន​ដើម្បី​ឲ្យ​ពួកគេ​អាច​អនុវត្ត​ច្បាប់​បាន​ដោយ​ស្មើភាព និង​គ្មាន​សម្ពាធ។ លោក​ថា បើសិនជា​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ ប៉ុន្តែ​រង​ពិន័យ​ទៅ​វិញ​នោះ វា​នឹង​នាំ​ឲ្យ​ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព។

​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ៤​លាន ទៅ ១០​លាន​រៀល។ ចំណែក​មាត្រា ៦១៤ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់​ដែល​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន ទៅ ២​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។