ស្នងការ​ខេត្ត​កំពង់ស្ពឺ​កំពុង​តាម​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ប្រមាថ​មេ​ដឹកនាំ​បក្ស​កាន់​អំណាច

ដោយ ថា កិត្យា
2017-06-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot
ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot
Screenshot

ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ប្រកាស​ថា កំពុង​សហការ​គ្នា​ស្វែងរក​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូបថត​លោក ហ៊ុន សែន និង​រូប​លោក ហេង សំរិន។ រីឯ​អ្នក​ច្បាប់​យល់​ថា ទង្វើ​ស្ត្រី​នោះ​គួរ​ធ្វើ​ត្រឹម​តែ​វិធានការ​អប់រំ ជាជាង​ឈាន​ដល់​ដំណាក់កាល​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

ការ​សហការ​គ្នា​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​តាម​ចាប់ និង​នាំ​ខ្លួន​ស្ត្រី​ដែល​គេ​ចាត់​ទុក​ថា​ប្រមាថ​លើ​មេ​ដឹកនាំ​កំពូល​របស់​បក្ស​កាន់​អំណាច គឺ​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក ស៊ឹង វុទ្ធី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នេះ​មក​ប្រគល់​ជូន​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សោម ប៉ូរ៉ា បាន​ឲ្យ​ដឹង​ថា លោក​កំពុង​សហការ​ជាមួយ​ខាង​នគរបាល​ទទួល​បន្ទុក​ផែន​សន្តិសុខ ដើម្បី​អនុវត្ត​តាម​បទបញ្ជា​របស់​តុលាការ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ស្វែងរក​ជន​ត្រូវ​ចោទ ដែល​កំពុង​លាក់​ខ្លួន​ក្រោយ​ការ​ប្រព្រឹត្ត​បទល្មើស។

កាល​ពី​អំឡុង​ខែ​មេសា កន្លង​ទៅ មាន​ខ្សែ​វីដេអូ​ឃ្លីប​មួយ​រយៈពេល ១៣​វិនាទី ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ដោយ​បង្ហាញ​ពី​ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​ទៅ​លើ​រូប​លោក ហ៊ុន សែន និង​លោក ហេង សំរិន ដែល​មាន​នៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា។ ស្ត្រី​ម្នាក់​នោះ​រង​ការ​ចោទ​ថា ជា​សកម្មជន​បក្ស​ប្រឆាំង និង​មាន​ឈ្មោះ​ថា សំ សុខា អាយុ ៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រស់សាលា សង្កាត់​ស្វាយក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​ជា​ថ្មី​ក្រោម​បទ​ចោទ​ថា ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​នេះ គឺ​បន្ទាប់​ពី​ស្ត្រី​ម្នាក់​នេះ​បាន​គេច​ខ្លួន​ពី​លំនៅឋាន ហើយ​ពុំ​បាន​ចូល​បំភ្លឺ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៨ ខែ​មិថុនា តាម​ការ​កោះ​ហៅ​របស់​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា។

ចំពោះ​បញ្ហា​នេះ លោក​មេធាវី ហុង គឹមសួន មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​លើ​ស្ត្រី​ម្នាក់​នេះ គឺ​មិន​សម​ហេតុផល​ឡើយ។ លោក​ថា ករណី​នេះ អាជ្ញាធរ​គួរ​ធ្វើ​ត្រឹម​តែ​វិធានការ​អប់រំ គឺ​គ្រប់គ្រាន់​ហើយ៖ «ការ​សម្ដែង​កាយវិការ​មើល​ងាយ ការ​ប្រមាថ​អី​នេះ វា​មិន​ថ្នាក់​ចាប់​ខ្លួន​ដាក់​គុក​ទេ អា​ហ្នឹង​វា​ថា ជា​សីលធម៌​សង្គម ដែល​អោយ​ការ​សុំ​ទោស ឬ​អោយ​ទទួល​ស្គាល់​ថា អ្វី​ដែល​ខ្លួន​ធ្វើ​នោះ វា​ជ្រុល​អំពី​ចរិយា​ធម៌ សុជីវធម៌​ក្នុង​នាម​ជា​មនុស្ស។ តែ​ប៉ុណ្ណឹង​វា​សមរម្យ​ណាស់​ហើយ»

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា ការ​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់​នោះ​ពី​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​នេះ ក៏​មិន​សម​ហេតុផល​ដែរ។ លោក​ពន្យល់​ថា មាត្រា​៥០២ ស្ដីពី​ការ​ប្រមាថ​នោះ គឺ​សំដៅ​តែ​ក្នុង​ពេល​អ្នក​រាជការ​សាធារណៈ​កំពុង​បំពេញ​មុខងារ​តែ​ប៉ុណ្ណោះ មិន​មែន​សំដៅ​លើ​រូបថត​ទេ។ រីឯ​មាត្រា​៤៩៦ ស្ដីពី​ការ​រើសអើង​នោះ គឺ​សំដៅ​ដល់​ការ​រើសអើង​ពូជសាសន៍៖ «ប្រមាថ​ទាល់​តែ​ជេរ​ប្រមាថ​ហើយ​​នៅ​ក្នុង​ច្បាប់​ទាល់​តែ​មន្ត្រី​រាជការ​នោះ កំពុង​តែ​បំពេញ​បេសកកម្ម មិន​មែន​គ្រាន់​តែ​រូបថត ហើយ​យើង​ចោទ​គេ​ទេ ព្រោះ​ក្នុង​ច្បាប់​មិន​មាន​ចែង​ទេ ហើយ​រឿង​ញុះញង់ ឥឡូវ​នេះ​មិន​ដឹង​ម៉េច​ទេ ស្អី​ក៏​ញុះញង់​ដែរ ខ្ញុំ​អត់​យល់​ដែរ»

ចំពោះ​ករណី​នេះ លោក​មេធាវី សុក សំអឿន យល់​ថា គឺ​ជា​រឿង​សីលធម៌ វា​មិន​មែន​ជា​បទល្មើស​ធំ​ដុំ​នោះ​ទេ ដូច្នេះ​អាជ្ញាធរ​គួរ​តែ​ហៅ​ស្ត្រី​ម្នាក់​នោះ​មក​អប់រំ​ណែនាំ​បាន​ហើយ។

ទោះ​យ៉ាង​ណា​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​បាន​ប្រកាស​ថា គ្មាន​ទេ​ការ​អប់រំ​ណែនាំ គឺ​មាន​តែ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ចំពោះ​ស្ត្រី​ម្នាក់​ដែល​មាន​ចេតនា​ប្រមាថ​ថ្នាក់​ដឹកនាំ​គណបក្ស​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក


សម្តេចម៍ជាមេដឹកនាំ ហេតុអ្វីបានជារាស្រ្តយកស្បែកជើងទៅគប់អញ្ចឹង? ដូចជាមិនយល់សោះ ប្រហែលជាធ្វើអំពើអាក្រក់ដាក់រាស្រ្តហើយមើលទៅ។

Jun 29, 2017 09:26 PM

អ្នក​អាន​អនាមិក

Mr. Tolaka, stop persecuting Khmer people. If the guy in the picture is respectable, people won't do such thing. Think about it, have you seen anyone throw the shoe to any picture for example Mr. Tep Rin Daro, or any pop star like Preap Sowatt or Ork Sokun Kanha .......
Instead, it just the message to the person to be good, to be respectable, or to be a role model for others ,not to cause hatred.

Jun 29, 2017 09:43 AM

គេហទំព័រ​ទាំងមូល