មេធាវី​ស្នើ​ពិនិត្យ​សុខភាព​ផ្លូវ​ចិត្ត​ជន​ជាប់​ចោទ​ខ្មែរ-អាមេរិកាំង​ម្នាក់​ដែល​ប្រមាថ​មេ​ដឹក​នាំ

ដោយ សុ ជីវី
2015.02.27
សាលាឧទ្ធរណ៍ ៦២០ សាលាឧទ្ធរណ៍-មហា​អយ្យការ
RFA

សាលា​ឧទ្ធរណ៍ គ្រោង​នឹង​ប្រកាស​សាល​ដីកា​សំណុំ​រឿង​បុរស​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ម្នាក់ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ខាង​មុខ បន្ទាប់​ពី​បាន​បើក​សវនាការ​បណ្ដឹង​សារទុក្ខ​លើ​សំណុំ​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។

បុរស​ខ្មែរ​រូប​នោះ ជាប់​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​ប្រមាថ​មេ​ដឹក​នាំ​រដ្ឋាភិបាល តាម​រយៈ​ខិត្តប័ណ្ណ។ មេធាវី​ការពារ​ជន​ជាប់​ចោទ​រក​ឃើញ​ថា បុរស​រូប​នោះ​មាន​បញ្ហា​ផ្លូវ​ចិត្ត ដែល​គួរ​តែ​ទទួល​បាន​ការ​ពិនិត្យ​កោសល្យវិច័យ។

មេធាវី​ការពារ​របស់​បុរស​ខ្មែរ​សញ្ជាតិ​អាមេរិកកាំង រំពឹង​ថា កូន​ក្តី​របស់​លោក​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ដោយសារ​ស្ថានភាព​សុខភាព​ផ្លូវ​ចិត្ត និង​ខួរក្បាល​របស់​គាត់ ប្រសិន​បើ​គាត់​ទទួល​បាន​កោសល្យវិច័យ​ណា​មួយ។

ការ​លើក​ឡើង​របស់​មេធាវី​ការពារ​នៅ​ក្នុង​ពេល​ដែល​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បើក​សវនាការ​បណ្ដឹង​ទាស់​របស់ លោក ហាំង វិសុទ្ធ ជន​ជាប់​ចោទ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។

លោក ហាំង វិសុទ្ធ ដែល​មាន​វ័យ​ជាង ៥០​ឆ្នាំ​ជា​ខ្មែរ-អាមេរិកាំង ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ បន្ទាប់​ពី​បាន​សរសេរ​ខិត្តប័ណ្ណ​ប្រើ​ពាក្យ​ថា «ហ៊ុន សែន ប៊ុន រ៉ានី ហ៊ុន ម៉ាណែត និង ស ខេង បាន​ស្លាប់» ហើយ​យក​ទៅ​បិទ​លើ​ដើម​ដូង តាម​ផ្លូវ​២០៦ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ចំការមន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា និង​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៤។ សមត្ថកិច្ច​បាន​ដក​ហូត​ផ្ទាំង​បដា ២​ផ្ទាំង ខ្សែ​នីឡុង​មួយ​ដុំ លិខិត​ឆ្លង​ដែន​មួយ និង​ប័ណ្ណ​បើកបរ​នៅ​អាមេរិក​មួយ។

លោក​មេធាវី សំ សុគង់ មាន​ប្រសាសន៍​ថា លោក​មាន​លិខិត​បញ្ជាក់​ពី​ស្ថានភាព​ផ្លូវ​ចិត្ត​របស់​កូន​ក្ដី គឺ​លោក ហាំង វិសុទ្ធ ដែល​ចេញ​ដោយ​មន្ទីរពេទ្យ​ក្នុង​សហរដ្ឋ​អាមេរិក ជា​ទី​ដែល​ជន​ជាប់​ចោទ​ធ្លាប់​រស់នៅ។ ប៉ុន្តែ​នៅ​ក្នុង​សវនាការ លោក​ពុំ​ទាន់​បាន​បកប្រែ​លិខិត​នោះ​នៅ​ឡើយ ហើយ​ចៅក្រម​ក៏​មិន​បាន​ពិចារណា​លើ​លិខិត​នោះ​ដែរ។

នៅ​ក្នុង​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ ជន​ជាប់​ចោទ​បាន​ឆ្លើយ​តប​ចំពោះ​ការ​សាកសួរ​របស់​ចៅក្រម​ថា ពាក្យ​ទាំង​នោះ​គាត់​ពិត​ជា​បាន​សរសេរ​ខិត្តប័ណ្ណ​ដោយ​ខ្លួន​ឯង ពុំ​មាន​អ្នក​ណា​បង្ខំ ឬ​ដឹក​នាំ​គាត់​ឡើយ។ ប៉ុន្តែ​ពាក្យ​ទាំង​នោះ គឺ​ព្រះ​ព្រហ្ម និង​ព្រះឥន្ទ្រ ជា​អ្នក​ឲ្យ​លោក​សរសេរ ហើយ​លោក​ជា​យមរាជ​ម្នាក់។

ក្រៅ​ពី​ចម្លើយ​ទាំង​នេះ លោក​មេធាវី សំ សុគង់ បញ្ជាក់​ថា លោក ហាំង វិសុទ្ធ ថែម​ទាំង​បាន​សុំ​ពេល​វេលា​ចៅក្រម ដើម្បី​សម្មាធិ​សាកសួរ​ទៅ​ព្រះឥន្ទ្រ មុន​ពេល​លោក​ឆ្លើយ​សំណួរ​របស់​ចៅក្រម​នោះ​ទៀត​ផង។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​គុក លោក វិសុទ្ធ រយៈពេល ២​ឆ្នាំ និង​ពិន័យ​ប្រាក់ ៦​លាន​រៀល កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤ ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​ប្រមាថ​តាម​មាត្រា​៤៩៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក​មេធាវី សំ សុគង់ លើក​ឡើង​ថា កូន​ក្ដី​របស់​លោក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត មិន​គួរ​ត្រូវ​ចោទ​ពី​បទ​ញុះញង់​ឡើយ ហើយ​លោក​គួរ​ត្រូវ​បាន​សម្រាល​បទ​ចោទ។

បើ​តាម​លោក​មេធាវី ជន​ជាប់​ចោទ​រូប​នេះ​មាន​គ្រួសារ​នៅ​សហរដ្ឋ​អាមេរិក​ដែរ ប៉ុន្តែ​ពុំ​មាន​ព័ត៌មាន​ណា​មួយ​ពី​ពួក​គេ​ឡើយ។ លោក​ធ្លាប់​ធ្វើ​ជា​កម្មករ​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ក្រោយ​មក​បាន​បាត់​បង់​ការងារ ដោយសារ​បញ្ហា​សុខភាព។ នៅ​ក្នុង​សវនាការ លោក វិសុទ្ធ បាន​រំឭក​ថា កាល​ពី​គាត់​នៅ​អាមេរិក​នោះ មិត្ត​របស់​គាត់​ឲ្យ​អ្នក​ឯកទេស​ជំងឺ​ផ្លូវ​ចិត្ត​មក​ពិនិត្យ និង​បាន​នាំ​គាត់​ទៅ​សម្រាក​នៅ​ពេទ្យ។

នៅ​ពេល​សន្និដ្ឋាន​បិទ​សវនាការ អគ្គ​ព្រះរាជ​អាជ្ញា​សាលា​ឧទ្ធរណ៍ លោក អ៊ឹម សុផាន ស្នើ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ដែល​ដឹក​នាំ​ដោយ អ្នកស្រី​ចៅក្រម ចាន់ ម៉ាឌីណា ឲ្យ​តម្កល់​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម ដោយ​សំអាង​លើ​ភស្តុតាង​ជាក់ស្ដែង​ដែល​សមត្ថកិច្ច​រឹប​អូស​បាន។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អ្វី​ដែល លោក វិសុទ្ធ បាន​ឆ្លើយ​ក្នុង​សវនាការ​បង្ហាញ​ថា លោក​មិន​មែន​ជា​មនុស្ស​ដែល​មាន​ស្ថានភាព​ផ្លូវ​ចិត្ត​ធម្មតា​ឡើយ។ លោក សំអាត បន្ត​ថា ចៅក្រម​អាច​បញ្ជូន​ជន​ជាប់​ចោទ​រូប​នោះ​ទៅ​ពិនិត្យ​សុខភាព​ផ្លូវ​ចិត្ត​ដោយ​អ្នក​ជំនាញ​ក្នុង​ស្រុក ប្រសិន​បើ​នៅ​មាន​មន្ទិល។

បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​របស់ លោក ហាំង វិសុទ្ធ នេះ លោក​មេធាវី សំ សុគង់ ធ្លាប់​ដាក់​លិខិត​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ សុំ​ឲ្យ​ពិនិត្យ​សុខភាព​លោក​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ថា​យ៉ាង​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។