តើ​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ប្ដឹង​លោក កឹម សុខា មាន​សុពលភាព​ផ្លូវ​ច្បាប់​ឬ​ទេ?

ដោយ ជី វិតា
2016.05.26
ធី សុវណ្ណថា ២០១៦ ៨៥៥ កញ្ញា ធី សុវណ្ណថា ថ្លែង​ប្រាប់អ្នក​កាសែត ក្រោយ​ពី​ឆ្លើយ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។ RFA/So Chivy
RFA/So Chivy

តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ឧសភា នេះ ពាក់ព័ន្ធ​នឹង​បណ្ដឹង​ស្ដីពី​អំពើ​សញ្ចារកម្ម។ ប៉ុន្តែ​មេធាវី​របស់​លោក​ឲ្យ​ដឹង​ថា លោក កឹម សុខា នឹង​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​នោះ​ទេ ដោយ​សំអាង​ថា លោក​មាន​អភ័យ​ឯកសិទ្ធិ​សភា។ នេះ​ជា​ដីកា​កោះ​លើក​ទី​៣ ហើយ។

ដីកា​កោះ​២​ដង​កន្លង​មក ក៏​លោក កឹម សុខា មិន​ទៅ​បង្ហាញ​ខ្លួន​ដែរ។ ដីកា​កោះ ១​លើក គឺ​តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ពាក់ព័ន្ធ​នឹង​បទ​បរិហារ​កេរ្តិ៍។

អ្នក​ច្បាប់​ចាត់​ទុក​ថា កិច្ច​សន្ទនា​របស់​ស្រីមុំ ជាមួយ​បុរស​ម្នាក់​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់​លោក កឹម សុខា និយាយ​ដើម​កញ្ញា ធី សុវណ្ណថា នោះ មិន​មែន​ជា​បទ​បរិហារកេរ្តិ៍​ទេ ប៉ុន្តែ​ជា «ការ​និយាយ​ដើម​គេ»។

ភាព​ស្មុគស្មាញ​ក្នុង​សំណុំរឿង​ក្ដីក្ដាំ​រវាង​កញ្ញា ធី សុវណ្ណថា និង​បុរស​ដែល​គេ​សន្និដ្ឋាន​ថា ជា​លោក កឹម សុខា នៅ​ត្រង់​ថា បើ​ទោះ​ជា​លោក កឹម សុខា មិន​បាន​យក​កិច្ច​សន្ទនា​ឯកជន​របស់​លោក​ជាមួយ​ស្រីមុំ ដែល​និយាយ​ដើម​កញ្ញា ធី សុវណ្ណថា ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក៏ដោយ ក៏​កិច្ច​សន្ទនា​និយាយ​ដើម​គេ​នោះ​ត្រូវ​បាន​គេ​លួច​ថត​យក​ទៅ​ចាក់​ផ្សាយ​ជា​សាធារណៈ។

កញ្ញា ធី សុវណ្ណថា ដែល​អះអាង​ថា កិត្តិយស​របស់​នាង​ត្រូវ​បាន​ខូចខាត​នោះ ប្ដឹង​ទាមទារ​អោយ​លោក កឹម សុខា សង​ជំងឺ​ចិត្ត និង​ការ​ខូចខាត​ចំនួន ១​លាន​ដុល្លារ។

លោក​មេធាវី គង់ សំអុន ពន្យល់​ថា បើ​ផ្អែក​តា​មន​និយម​ន័យ​នៃ​បញ្ញត្តិ​បរិហារកេរ្តិ៍ លោក កឹម សុខា មិន​អាច​ចាប់​អោយ​ទទួល​ខុសត្រូវ​ចំពោះ​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ឡើយ៖ «បើ​លោក កឹម សុខា និយាយ​អសធារណៈ បាន​ន័យ​ថា និយាយ​ជា​សម្ងាត់​ទេ អា​ហ្នឹង​អត់​ជា​សាធារណៈ​ទេ។  អ៊ីចឹង​អា​កំហុស​បរិហារកេរ្តិ៍​ជា​សាធារណៈ​ហ្នឹង​វា​អត់​មាន​ទេ»

យោង​តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា ដើម្បី​អោយ​ពាក្យ​សម្ដី ឬ​សេចក្ដី​ថ្លែង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ជន​ណា​ម្នាក់​ក្លាយ​ជា​បទ​បរិហារកេរ្តិ៍​បាន លុះត្រាតែ​សេចក្ដី​ថ្លែង​បង្ខូច​ឈ្មោះ​នោះ​ត្រូវ​បាន​ជន​ទី​៣ មើល​ឃើញ ឬ​ស្ដាប់​ឮ ឬ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។

មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​កំណត់​និយម​នៃ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​យ៉ាង​ដូច្នេះ៖ គ្រប់​ការ​អះអាង​បំផ្លើស ឬ​ការ​ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​លើ​អំពើ​ណា​មួយ​ដែល​នាំ​អោយ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​នៃ​ស្ថាប័ន គឺ​ជា​ការ​បរិហារកេរ្តិ៍។

​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០០.០០០ (មួយ​សែន) រៀល ទៅ ១០.០០០.០០០ (ដប់​លាន) រៀល បទ​បរិហារ​ដែល​ប្រព្រឹត្ត​តាម​មធ្យោបាយ​ណា​មួយ​ដូចជា តាម​សំដី ទោះ​ជា​ប្រភេទ​ណា​ក៏ដោយ​ដែល​បញ្ចេញ​នៅ​ទី​សាធារណៈ ឬ​នៅ​ក្នុង​សាល​ប្រជុំ​សាធារណៈ។ តាម​លិខិត ឬ​គំនូរ ទោះ​ជា​ប្រភេទ​ណា​ក៏ដោយ​ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​ចំណោម​សាធារណជន ឬ​ដាក់​តាំង​អោយ​សាធារណជន​មើល។ តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន។

បើ​យោង​តាម​មាត្រា​នៃ​ច្បាប់ព្រហ្មទណ្ឌ​នេះ ការ​និយាយ​ដើម​គេ ឬ​បង្ខូច​កេរ្តិ៍​គេ ត្រូវ​ធ្វើ​ឡើង​ជា​សាធារណៈ ទើប​មាន​ទោស។ ប៉ុន្តែ​ជាក់ស្ដែង​ស្រីមុំ និង​លោក កឹម សុខា និយាយ​ដើម​កញ្ញា ធី សុវណ្ណ មិន​បាន​ធ្វើ​ឡើង​នៅ​ទីធ្លា​សាធារណៈ ឬ​ក្នុង​សាល​ប្រជុំ ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​ធ្វើ​អោយ​មនុស្ស​ទាំង​ឡាយ​ស្ដាប់​ឮ​នោះ​ទេ ពោល​គឺ​គ្មាន​អ្នក​ណា​ផ្សេង​ក្រៅ​ពី​លោក កឹម សុខា និង​ស្រី បាន​ស្ដាប់​ឮ​ឡើយ។

​ហេតុ​ដូច្នេះ បើ​ទោះ​ជា​កេរ្តិ៍​ឈ្មោះ និង​កិត្តិយស​របស់​កញ្ញា ធី សុវណ្ណថា អាច​ត្រូវ​បាន​ប៉ះ​ទង្គិច​ក៏ដោយ ក៏​លោក​មេធាវី គង់ សំអុន បញ្ជាក់​ថា លោក កឹម សុខា គ្មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ត្រូវ​ទទួល​ខុស​ត្រូវ​ឡើយ៖ «និយាយ​ពី​ការ​ប៉ះពាល់​របស់​កញ្ញា ធី សុវណ្ណថា វា​អាច​មាន​មែន ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​មួយ​ដែល​ថា លោក កឹម សុខា គាត់​ធ្វើ​សម្ងាត់​តែ​ពីរ​នាក់ អត់​ជា​សាធារណៈ​ទេ អា​ហ្នឹង​វា​ជា​ចំណុច​មួយ​ដែល​អាច​អោយ​លោក កឹម សុខា អាច​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​បាន»

ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក (Facebook) ល្បី​ឈ្មោះ​កញ្ញា ធី សុវណ្ណថា ដាក់​បណ្ដឹង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦ ទាមទារ​ប្រាក់​មួយ​លាន​ដុល្លារ​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍។ បណ្ដឹង​របស់​នាង ធី សុវណ្ណថា នេះ​ទាក់ទង​នឹង​សំណុំរឿង​ខ្សែអាត់​សំឡេង​នៃ​កិច្ច​សន្ទនា​រវាង​នាង ខុម ចាន់តារា ហៅ​ស្រីមុំ និង​បុរស​ដែល​គេ​ជឿ​ថា ជា​លោក កឹម សុខា។ កិច្ច​សន្ទនា​ត្រូវ​បាន​គេ​លួច​ថត ហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក ឈ្មោះ «រឿង​ពិត CNRP»។

ថ្លែង​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ដាក់​ពាក្យ​បណ្ដឹង​កញ្ញា ធី សុវណ្ណថា រំពឹង​ថា តុលាការ​នឹង​ពិចារណា​បណ្ដឹង​នេះ ត្បិត​មាន​ភស្តុតាង​ដែល​ជា​សម្ដី​ក្នុង​ខ្សែអាត់​សំឡេង​ថា បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង៖ «ដែល​ពេល​ហ្នឹង​មិន​កញ្ញា ស្រីមុំ ចោទសួរ​ក្នុង​លក្ខណៈ​ប្រច័ណ្ឌ​ថា បាន​ទិញ​ឡាន និង​ផ្ទះ​អោយ​ខ្ញុំ​អត់? ពេល​ហ្នឹង​លោក កឹម សុខា ឆ្លើយ​ថា គាត់​អត់​បាន​ទិញ​អោយ​ខ្ញុំ​ទេ តែ​ថា លុយ​ទិញ​ឡាន​ទិញ​អី​ហ្នឹង​គឺ​បោកប្រាស់ មូលនិធិ​ក្រៅ​ប្រទេស​យក​ទិញ​ខ្លួន​ឯង ហើយ​ថា ខ្ញុំ​ហ្នឹង​មាន​ជម្លោះ​ជាមួយ​កូនស្រី​គាត់ ជាមួយ​នឹង​គាត់ និង​ជាមួយ​គណបក្ស។ ការ​ដែល​គាត់​បរិហារ​ថា ខ្ញុំ​កិបកេង​លុយ​យក​ឈ្មោះ​គណបក្ស​ទៅ​បោកប្រាស់​ហ្នឹង​ហើយ គឺ​វា​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​ក្នុង​នាម​ជា​ប្រធាន​អង្គការ ប៉ះពាល់​ដល់​សកម្មភាព​នយោបាយ​របស់​ខ្ញុំ»

​ទោះជា​យ៉ាង​ណា ដើម្បី​ស្វែង​រក​ការ​ពិត​ក្នុង​រឿង​ចម្រូងចម្រាស​នេះ លោក​មេធាវី គង់ សំអុន បន្ត​ថា សមត្ថកិច្ច​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ដើម្បី​វែក​មុខ​អ្នក​ដែល​លួច​ថត​សំឡេង​សន្ទនា​នេះ ដែល​ជា​ការ​រំលោភ​ជីវភាព​ឯកជន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ៖ «តើ​នៅ​ពេល​មាន​ការ​ផ្សាយ​ជា​សាធារណៈ​ហ្នឹង វា​កើត​ឡើង​ដោយសារ​អ្វី។ មាន​ការ​ផ្សព្វផ្សាយ តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​អំពើ​របស់​អ្នក​ណា? អា​នេះ​វា​ជា​ចំណុច​មួយ​ដែល​ត្រូវ​ច្បាប់​ពិនិត្យ​មើល»

​លោក​មេធាវី គង់ សំអុន អោយ​ដឹង​ថា វា​ជា​បន្ទុក​របស់​ព្រះរាជអាជ្ញា​ក្នុង​ការ​បង្ហាញ​ថា លោក កឹម សុខា និយាយ​ដើម​កញ្ញា ធី សុវណ្ណថា ជា​សាធារណៈ ឬ​នៅ​ទី​សាធារណៈ ទើប​អាច​ចោទ​ប្រកាន់​លោក កឹម សុខា តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា៖ «វា​អាស្រ័យ​ទៅ​លើ​ការ​បង្ហាញ​ភស្តុតាង​មួយ​ទៀត​ថា តើ​លោក កឹម សុខា ពាក់ព័ន្ធ​ក្នុង​ការ​ផ្សព្វផ្សាយ​ឯកសារ​ហ្នឹង ឬ​យ៉ាង​ណា។ បើ​អត់​ទេ អា​ហ្នឹង​វា​អត់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ ពីព្រោះ​បទ​បរិហារកេរ្តិ៍​នៅ​ក្នុង​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​នេះ ជា​បទល្មើស​មួយ​ដែល​មាន​ធាតុ​ជា​សាធារណៈ​ជា​សំខាន់​ផង»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។