សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​បើក​សវនាការ​ករណី​សហគមន៍​រង​ការ​បាញ់​គំរាម​កំហែង

ដោយ រដ្ឋា វិសាល
2017.05.18
សហគមន៍​ទៅ​តុលាការ​មណ្ឌលគិរី ២០១៧ ១៤៤០ សហគមន៍​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ថត​រូប​មុខ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពេល​ពួក​គេ​នាំ​គ្នា​ចូលរួម​សវនាការ​រឿង​ក្តី​របស់​សហគមន៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ចៅក្រម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បើក​សវនាការ​រឿង​ក្តី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ប្ដឹង​ចោទ​ប្រកាន់​ពលរដ្ឋ​ខ្មែរ​មួយ​រូប និង​បក្សពួក ថា​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​បាញ់​គំរាម​សហគមន៍ និង​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​ក្នុង​ព្រៃ​អភិរក្ស។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ជិត ១៨​នាក់ បាន​នាំ​គ្នា​មក​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ដើម្បី​ចូលរួម​សវនាការ​រឿង​ក្តី​របស់​សហគមន៍ ដាក់​ពាក្យ​ប្ដឹង​មនុស្ស​មួយ​ក្រុម​ប្រើ​អាវុធ​បាញ់​គំរាម​ក្រុម​ល្បាត​សហគមន៍ ដែល​ប្រទះ​ឃើញ​ពួក​គេ​កំពុង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​កាល​ពី​ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ សហគមន៍​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ដើរ​ល្បាត​ព្រៃ ហើយ​ស្ទាក់​ឃាត់​គោយន្ត​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​មួយ​គ្រឿង​ដែល​ប៉ុនប៉ង​ដឹក​ជញ្ជូន​ឈើ​ប្រភេទ​លេខ​១ ជាង ២០​កំណាត់​ចេញ​ពី​ព្រៃ ក៏ប៉ុន្តែ​ក្រុម​ជន​ល្មើស​បាន​រត់​គេច​ខ្លួន​ចោល​គោយន្ត និង​ឈើ​ទុក​ក្នុង​ព្រៃ។ នៅ​យប់​ថ្ងៃ​ដដែល​គ្រា​ដែល​ក្រុម​ល្បាត​សហគមន៍​នាំ​គ្នា​ដេក​យាម​គោយន្ត និង​ឈើ​នៅ​ក្នុង​ព្រៃ ស្រាប់​តែ​មាន​ស្នូរ​កាំភ្លើង​បាញ់ ៣​គ្រាប់​ផ្ទុះ​នៅ​ក្នុង​ព្រៃ​ក្បែរ​កន្លែង​សហគមន៍​ដេក រហូត​ដល់​ភ្លឺ​ឡើង ទើប​សហគមន៍​ប្រទះ​ឃើញ​មនុស្ស​មួយ​ក្រុម​មាន​គ្នា ៨​នាក់ ខ្លះ​កាន់​ដំបង និង​មាន​កាំភ្លើង​ប្រភេទ​វាំងដឺឡុង​មួយ​ដើម ចូល​មក​គំរាម​សហគមន៍​ឲ្យ​ចាកចេញ​ពី​កន្លែង​កើត​ហេតុ។ បន្ទាប់​មក ពួក​គេ​លើក​ឈើ​ទម្លាក់​ពី​គោយន្ត​ចោល ហើយ​បើក​គោយន្ត​គេច​ចេញ​ទៅ។

តំណាង​សហគមន៍ និង​ជា​ដើម​បណ្ដឹង លោក ថ្លាង ថូ បញ្ជាក់​ថា អ្នក​ភូមិ​បាន​ថត​រូប​ជន​ល្មើស និង​បក្សពួក នៅ​ពេល​កើត​ហេតុ និង​បាន​ប្រគល់​រូបថត​នោះ​ជូន​តុលាការ ដើម្បី​កំណត់​មុខ​សញ្ញា​ក្រុម​អ្នក​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​សហគមន៍។ លោក​បន្ត​ថា រឿង​ក្តី​នេះ នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​ប៊ូស្រា ក៏​ធ្វើ​របាយការណ៍ និង​កំណត់​ហេតុ​នៅ​កន្លែង​កើត​ហេតុ​ជូន​មក​មន្ត្រី​អយ្យការ​ដូច​គ្នា៖ «មាន​ភស្តុតាង​គេ​កាន់​ដំបង។ យើង​ថត​រូប​បាន​មួយ​ប៉ុស្តិ៍ កាំភ្លើង​យើង​ថត​អត់​បាន ឮ​សូរ​បាញ់​ពី​ល្ងាច ភ្លឺ​ឡើង​ឃើញ​វាំងដឺឡុង​មែនទែន»

ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក យ៉ា ណារិន នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា បាន​សម្រេច​បន្ត​សវនាការ​រឿង​ក្តី​នេះ ដោយសារ​តែ​ជន​ជាប់​ចោទ​ឈ្មោះ ឆាយ ស៊ីណា ហៅ ក្ដោ ឆ្លើយ​ដាក់​បន្ទុក​ទៅ​លើ​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ទាមទារ​ឲ្យ​តុលាការ​កោះ​ហៅ​ជន​ពាក់ព័ន្ធ​ទាំងនោះ​ចូល​មក​បំភ្លឺ​នៅ​សវនាការ​បន្ថែម​ទៀត៖ «សាក្សី​ម្នាក់​ទៀត​អត់​បាន​មក។ អ៊ីចឹង​យើង​ត្រូវការ​សួរ​សាក្សី​បន្ថែម​ទៀត»

អ្នក​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ដែល​បាន​សង្កេតការណ៍​រឿង​ក្តី​នេះ ចាត់​ទុក​ការ​បន្ត​សវនាការ​របស់​ចៅក្រម​ជំនុំ​ជម្រះ ថា​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី ដោយសារ​មាន​អង្គ​ហេតុ​ថ្មី​ដែល​ជន​ជាប់​ចោទ​បាន​ឆ្លើយ​ដាក់​បន្ទុក​ទៅ​លើ​មនុស្ស​ផ្សេង​ទៀត។ លោក​ថា រឿង​ក្តី​នេះ សហគមន៍​ប្ដឹង​ជន​ជាប់​ចោទ​ពី​បទ​ប្រើប្រាស់​អាវុធ​គំរាម​សហគមន៍ និង​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។ ហេតុ​នេះ ជន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក៏​ត្រូវ​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​នៅ​មុខ​ចៅក្រម។ លោក​រំពឹង​ថា ចៅក្រម​ជំនុំ​ជម្រះ​នឹង​វិនិច្ឆ័យ​រឿង​ក្តី​នេះ​បាន​ត្រឹមត្រូវ ផ្តល់​យុត្តិធម៌​ជូន​សហគមន៍៖ «ការ​ទាមទារ​របស់​គាត់ គឺ​ពាក់ព័ន្ធ​ប្រើ​អាវុធ​ខុស​ច្បាប់ គំរាម និង​បទល្មើស​ព្រៃ​ឈើ។ អ៊ីចឹង​វា​ស្រប​ហើយ​មាន​ន័យ​ថា តុលាការ​សម្រេច​លើក​ពេល​ថ្ងៃ​ក្រោយ គឺ​ល្អ។ យើង​ជា​អ្នក​ឃ្លាំ​មើល។ យើង​នឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​តុលាការ»

ដូច​គ្នា​នេះ​ដែរ តំណាង​សហគមន៍ លោក ថ្លាង ថូ កត់​សម្គាល់​ថា សវនាការ​ពេញ​មួយ​ថ្ងៃ​នេះ ចៅក្រម​ជំនុំ​ជម្រះ​បាន​បំពេញ​តួនាទី​បាន​ត្រឹមត្រូវ ដោយ​ធ្វើ​ការ​សាកសួរ​ដេញដោល​ភាគី​ពាក់ព័ន្ធ​ក្នុង​សវនាការ​ដែល​សហគមន៍​អាច​ជឿ​ទុក​ចិត្ត​បាន។ លោក​បន្ត​ថា សហគមន៍​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​តាម​ច្បាប់​កំណត់ និង​ផ្តល់​សំណង​រដ្ឋប្បវេណី​ក្នុង​រឿង​ក្តី​នេះ៖ «ខាង​សហគមន៍​អត់​ចេះ​ច្បាប់ អត់​ចេះ​ដាក់​គុក​គេ​ផង ប៉ុន្តែ​ច្បាប់​ចែង​ខុស​បទឧក្រិដ្ឋ​ដាក់​ប៉ុន្មាន​ឆ្នាំ។ សួរ​ចាស់​ទុំ​ឲ្យ​សង​សំណង»

សហគមន៍​ឃុំ​ប៊ូស្រា បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ព្នង ទទួល​ស្គាល់​ផ្លូវការ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ សហគមន៍​អភិរក្ស​ព្រៃ​តំបន់​នោះ ចុះ​បញ្ជី​ជា​ព្រៃ​គោរព​បូជា និង​ជា​ព្រៃ​ត្រៀម​បម្រុង​សហគមន៍ ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ព្រៃ​នេះ​ត្រូវ​បាន​ជន​ល្មើស​លួច​កាប់​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស និង​លួច​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម មាន​ព្រំដែន​ជាប់​នឹង​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។