មន្ត្រី​សិទ្ធិ​មនុស្ស​រិះគន់​នគរបាល​យុត្តិធម៌​ខេត្ត​កំពង់ឆ្នាំង​ដែល​ប្រើ​ហិង្សា​លើ​ស្ត្រី

ដោយ ជិន ជេដ្ឋា
2015.07.26
នគរបាល​ប្រើ​ហិង្សា​លើ​ស្ត្រី ៦២០ ស្ត្រី​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​ពី​សំណាក់​មន្ត្រី​នគរបាល​យុត្តិធម៌​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ឌុក ឌីឡុម ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Chin Chetha

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស បារម្ភ​អំពី​គ្រោះថ្នាក់​នៃ​ជន​រងគ្រោះ ក្នុង​ហេតុការណ៍​ប្រើ​អំពើ​ហិង្សា និង​ចាប់​រំលោភ​ពី​សំណាក់​មន្ត្រី​នគរបាល​យុត្តិធម៌។ ក្ដី​បារម្ភ​នេះ បន្ទាប់​ពី​អធិការ​ស្រុក​កំពង់ត្រឡាច និង​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ប្រើ​អំណាច និង​ហិង្សា​លើ​ស្ត្រី​ភេទ​បន្តបន្ទាប់​គ្នា។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ទេព សារ៉ាត់ ត្រូវ​បាន​ស្ត្រី​វ័យ ៤២​ឆ្នាំ​ម្នាក់​ប្ដឹង​ទៅ​តុលាការ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា។ បណ្ដឹង​នេះ ធ្វើ​ឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​អធិការ​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា ត្រូវ​សិស្ស​ស្រី​វ័យ ១៩​ឆ្នាំ​ម្នាក់ ប្ដឹង​ទៅ​តុលាការ​ដែរ​ទាក់ទង​រឿង​ប្រើ​អាវុធ​បង្ខំ​ចាប់​រំលោភ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែង​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ថា ទង្វើ​របស់​នគរបាល​យុត្តិធម៌​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​នគរបាល​ជាតិ និង​បាត់​ជំនឿ​ពី​ប្រជាពលរដ្ឋ។ លោក​ថា ស្ថាប័ន​តុលាការ ឬ​អគ្គស្នងការ​នគរបាល​ជាតិ គប្បី​វែក​ញែក​រក​ខុស​ត្រូវ​លើ​ករណី​ទាំង​នេះ ព្រោះ​វា​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការ​អនុវត្ត​ច្បាប់​ដែរ៖ «ខ្ញុំ​យល់​ថា បើ​អគ្គស្នងការ​នគរបាល​ជាតិ មិន​ពង្រឹង​សីលធម៌​ដល់​មន្ត្រី​នគរបាល​ទេ ជាពិសេស​នៅ​កំពង់ឆ្នាំង ចេះ​តែ​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត សុទ្ធ​លើ​មន្ត្រី​មាន​ឋានៈ​បែប​នេះ វា​នឹង​ប៉ះពាល់​ដល់​កិត្តិយស​នគរបាល​ជាតិ។ លោក ជិន ជេដ្ឋា៖ ទាក់ទង​បញ្ហា​ហ្នឹង​អាច​មាន​ផល​ប៉ះពាល់​អី​ដល់​ការ​អនុវត្ត​ច្បាប់​ទេ​បាទ? បាទ! វា​នឹង​ប៉ះពាល់​ដល់​ការ​អនុវត្ដ​ច្បាប់ ពីព្រោះ​អស់​លោក​ទាំងអស់​នេះ​ជា​អ្នក​អនុវត្តន៍​ច្បាប់ ហើយ​ខ្លួន​បំពាន​ច្បាប់»

ផ្ទៃ​មុខ​ក្រហម និង​ភ្នែក​ស្ដាំ​ឡើង​ប៉ោង​ជាំ គឺ​អ្នកស្រី ឌុក ឌីឡុម រៀបរាប់​ទាំង​អួល​ដើម​ក​ថា លោក ទេព សារ៉ាត់ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គាត់​ដែល​ជា​ស្ត្រី​មេម៉ាយ​ជា​យូរ​មក​ហើយ​នោះ បាន​វាយ​គាត់​ចំ​ផ្ទៃ​មុខ​ចំនួន​បី​ដៃ ដួល​ទៅ​លើ​ដី ហើយ​ស្ទុះ​ទៅ​ក្របួច​ក​អាវ​រក​វាយ​បុរស​ម្នាក់​ទៀត ដែល​ប្រុង​ចូល​មក​ជួយ​គាត់​ទៀត​ផង។ អ្នកស្រី​បាន​ដាក់​បណ្ដឹង​ចូល​តុលាការ​ក្នុង​ថ្ងៃ​កើត​ហេតុ គឺ​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥ ដោយ​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ដៃ​ដល់ គឺ​លោក ទេព សារ៉ាត់ និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២០​លាន​រៀល៖ «ខ្ញុំ​សំណូមពរ​ឲ្យ​លោក​ព្រះរាជអាជ្ញា និង​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ជួយ​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ទេព សារ៉ាត់ បញ្ជាក់​យ៉ាង​ខ្លី​ថា ករណី​វាយ​តប់​នេះ គឺ​ជា​រឿង​ផ្ទៃ​ក្នុង​គ្រួសារ​ដែល លោក និង​អ្នកស្រី ឌុក ឌីឡុម បាន​រួម​រស់​ជាមួយ​គ្នា​ដូចជា​ប្ដី​ប្រពន្ធ​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា នឹង​ផ្ដល់​ព័ត៌មាន​លម្អិត​ទៀត ក្រោយ​ពេល​លោក​ពិភាក្សា​ដោះស្រាយ​បញ្ហា​ជាមួយ​អង្គភាព​របស់​លោក​រួច។

ចំណែក​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វុឌ្ឍី បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​កក្កដា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។ ប៉ុន្តែ​ថ្មីៗ​នេះ លោក​មាន​វិធានការ​ចំពោះ លោក ហ៊ុល វាសនា ជា​អតីត​អធិការ​ស្រុក​កំពង់ត្រឡាច ដែល​បាន​ប្រព្រឹត្ត​កំហុស​ស្រដៀង​គ្នា​នេះ ដោយ​រាយការណ៍​ទៅ​ថ្នាក់​លើ ដើម្បី​បញ្ឈរ​ជើង និង​ត្រួត​ពិនិត្យ​តាម​ផ្លូវ​រដ្ឋបាល ឬ​វិន័យ​នគរបាល។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥ អធិការ​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា ត្រូវ​បាន​សិស្ស​សាលា​វ័យ ១៩​ឆ្នាំ​ម្នាក់ ចោទ​ថា​បាន​ប្រើ​អាវុធ​គំរាម​ចាប់​រំលោភ​នាង ប៉ុន្តែ លោក ហ៊ុល វាសនា វិញ​ប្រកែក​ថា ករណី​នេះ​មិន​មែន​ជា​រឿង​ចាប់​រំលោភ​ឡើយ តែ​វា​ជា​ករណី​ព្រមព្រៀង​រួម​រស់​ជាមួយ​គ្នា។

យ៉ាង​ណា ករណី លោក ទេព សារ៉ាត់ គេ​មិន​ទាន់​ដឹង​ថា អគ្គស្នងការ ឬ​ស្នងការ​នគរបាល​ខេត្ត មាន​វិធានការ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។