តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ស្ត្រី​មេ​ខ្លោង​ម្នាក់​ដែល​បង្ខំ​ឲ្យ​ក្មេងៗ​ដើរ​សុំ​ទាន

ដោយ ប្រាជ្ញ ចេវ
2017.07.05
ភួង ចន្នី ២០១៧ ១៤៤០ ស្ត្រី​មេ​ខ្លោង​បង្ខំ​ឲ្យ​ក្មេងៗ​ដើរ​សុំ​ទាន ឈ្មោះ ភួង ចន្នី ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ព្រះរាជអាជ្ញា​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ស្ត្រី​មេខ្លោង​បង្ខំ​ឲ្យ​ក្មេងៗ​ដើរ​សុំ​ទាន​តាម​ភ្លើង​ស្តុប និង​ទីប្រជុំជន។ សារព័ត៌មាន​ក្នុង​ស្រុក​ដកស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ ថា ក្រោយ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​កក្កដា ជន​ត្រូវ​ចោទ​នឹង​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​តាម​នីតិវិធី។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ថា ព្រះរាជអាជ្ញា​សម្រេច​ចោទ​ប្រកាន់​ថា ស្ត្រី​មេខ្លោង​បង្ខំ​ឲ្យ​ក្មេងៗ​ដើរ​សុំ​ទាន​ឈ្មោះ ភួង ចន្នី អាយុ ៥០​ឆ្នាំ ពី​បទ​ការ​ជ្រើសរើស​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​កេងប្រវ័ញ្ច​តាម​មាត្រា​១២ ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។ ការ​សម្រេច​ដូចនេះ ក្រោយ​ពេល​កង​រាជ​អាវុធហត្ថ​បញ្ជូន​ស្ត្រី​ជា​ជន​សង្ស័យ​ទៅ​តុលាការ។

អ្នក​ធ្វើ​ការងារ​ពាក់ព័ន្ធ ស្វាគមន៍​ចំណាត់ការ​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កុមារ​រងគ្រោះ ដើម្បី​អាច​រស់នៅ​ក្នុង​សង្គម​បាន​ថ្លៃថ្នូរ និង​បាន​ចូល​រៀន​ដូច​កុមារ​ផ្សេង​ទៀត។

ក្នុង​ប្រតិបត្តិការ​កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ក្នុង​ខណ្ឌ​ដូនពេញ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឆ្មក់​ចាប់​ស្ត្រី​ពីរ​នាក់ ម្នាក់​ជា​មេខ្លោង។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ដែល​អ្នក​ព​ក្មេង​ត្រូវ​ដោះលែង និង​បាន​រំដោះ​កុមារ​រងគ្រោះ ៧​នាក់ ក្នុង​នោះ​មាន​ទារក ២​នាក់។

ទំព័រ​ហ្វេសប៊ុក​របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ផ្សាយ​ថា ស្ត្រី​មេខ្លោង​សារភាព​ថា រូប​គេ​តែងតែ​ប្រមូល​កុមារ​តូចៗ​ពី​គ្រួសារ​ក្រីក្រ និង​អ្នក​សុំ​ទាន​ផ្សេង​ទៀត​មក​នៅ​ជាមួយ ដើម្បី​ប្រើ​ក្មេងៗ​ទាំងនោះ​ឲ្យ​ដើរ​សុំ​លុយ​តាម​ភ្លើង​ស្តុប និង​ទីប្រជុំជន។ ស្ត្រី​រូប​នេះ​បន្ត​ថា គេ​បាន​ធ្វើ​សកម្មភាព​នេះ​ជិត ៨​ឆ្នាំ​មក​ហើយ។

ក្មេង​ទាំង​នេះ​កំពុង​តែ​សុំ​ទាន​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ម៉ៅសេទុង និង​ផ្លូវ​មុនីរ៉េត (ស្តុប​ផ្សារ​ដើម​គ) នៅ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៥។
ក្មេង​ទាំង​នេះ​កំពុង​តែ​សុំ​ទាន​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ម៉ៅសេទុង និង​ផ្លូវ​មុនីរ៉េត (ស្តុប​ផ្សារ​ដើម​គ) នៅ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៥។


កុមារ​តូចៗ​ប្រាប់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ថា ស្ត្រី​មេខ្លោង​បញ្ជា​ឲ្យ​ពួក​គេ​ដើរ​សុំ​លុយ​ឲ្យ​បាន​ចន្លោះ​ពី ១​ម៉ឺន​ទៅ ៣​ម៉ឺន​រៀល បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​រំពាត់ ឬ​​នឹង​ត្រូវ​វាយ​នឹង​ខ្សែ​ទូរស័ព្ទ។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ករណី​នេះ ដោយ​លោក​និយាយ​ថា លោក​មិន​ទាន់​ទទួល​របាយការណ៍​លម្អិត​នៅ​ឡើយ​ទេ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង យល់​ថា ប្រតិបត្តិការ​នេះ​ជា​កិច្ច​ការពារ​កុមារ​ឲ្យ​រួច​ផុត​ពី​ការ​កេងប្រវ័ញ្ច និង​ការ​រៀបចំ​ទីក្រុង​ឲ្យ​មាន​សណ្ដាប់ធ្នាប់។ អ្នកស្រី​ថា​អ្នក​ពាក់ព័ន្ធ នឹង​បន្ត​បង្ក្រាប​មេខ្លោង​ដែល​ប្រើ​កុមារ​ដើរ​សុំ​ទាន​បន្ត​ទៀត៖ «យើង​នៅ​តែ​បន្ត​ធ្វើ ហើយ​រឿង​នេះ​មិន​មែន​យើង​ទើប​តែ​ធ្វើ​ដែរ។ កាល​ពី​ឆ្នាំ​មុន យើង​ធ្វើ​ការ​បង្ក្រាប​រហូត​ដល់​ទីតាំង​លាក់​កុមារ»

ចំណែក​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគា លើក​ទឹក​ចិត្ត​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច បន្ត​ធ្វើ​ការងារ​នេះ​តទៅទៀត។ លោក​យល់​ថា រដ្ឋាភិបាល​ត្រូវ​បញ្ជូន​កុមារ​រងគ្រោះ​ទៅ​លំនៅឋាន​ពួក​គេ​វិញ និង​គាំទ្រ​ឲ្យ​កុមារ​ទាំងនោះ​បាន​ចូល​រៀន ឬ​ជួយ​គាំទ្រ​ដល់​គ្រួសារ​កុមារ​ទាំងនោះ ជៀសវាង​មាន​ការ​បោះបង់​កុមារ​ទាំងនោះ​ម្តង​ទៀត​ព្រោះ​ជីវភាព​គ្រួសារ៖ «សុំ​ឲ្យ​អាជ្ញាធរ​ឃ្លាំ​មើល​ឲ្យ​ឪពុក​ម្ដាយ​ហ្នឹង​យក​កូន​ទៅ​ជួល​ឲ្យ​មេ​ខ្យល់ ហើយ​រដ្ឋ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​របស់​កុមារ​រងគ្រោះ»

ខណៈ​ស្ត្រី​មេខ្លោង​បង្ខំ​ឲ្យ​ក្មេងៗ​ដើរ​សុំ​ទាន​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​ការ​ផ្ដន្ទាទោស សមត្ថកិច្ច​បាន​ប្រគល់​កុមារ​រងគ្រោះ​ទៅ​អង្គការ​ពន្លក​ថ្មី ដើម្បី​ថែរក្សា និង​ឲ្យ​ចូល​រៀនសូត្រ ខណៈ​សមត្ថកិច្ច​មិន​ទាន់​ស្វែងរក​ឪពុក​ម្ដាយ​កុមារ​ឃើញ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។