តុលាការ​ខេត្ត​ប៉ៃលិន​កោះ​ហៅ​ជំទប់​ទី​២​បក្ស​ប្រឆាំង​រឿង​ប្ដឹង​លុប​ឈ្មោះ​ជន​បរទេស​ពី​បញ្ជី​បោះឆ្នោត

ដោយ ហ៊ុំ ចំរើន
2017.09.04
អ៊ូច សាវុធ ២០១៧ ៦២២ ជំទប់​ទី​ពីរ​ឃុំ​សាលាក្រៅ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូច សាវុធ។ រូបថត​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខែត្រ​ប៉ៃលិន កោះ​ហៅ​ជំទប់​ទី​ពីរ​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​សាលាក្រៅ ឲ្យ​ចូល​បំភ្លឺ​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ប្រជាពលរដ្ឋ។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ដីកា​កោះ​នេះ​ជា​សំណុំ​រឿង​ចាស់ ដែល​លោក​បាន​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​នេះ ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ និង​លុប​ឈ្មោះ​ជន​បរទេស​ចំនួន ២​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន ហៅ​ដីកា​កោះ​របស់​តុលាការ​នេះ​ថា​ជា​ការ​គំរាម​កំហែង​នយោបាយ​មក​លើ​ខ្លួន នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា។

ជំទប់​ទី​២ ឃុំ​សាលាក្រៅ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូច សាវុធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា លោក​បាន​ចុះ​ហត្ថលេខា​បដិសេធ​នឹង​ដីកា​នោះ រួច​បញ្ជូន​ទៅ​តុលាការ​វិញ​តាម​រយៈ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​សាលាក្រៅ ភ្លាមៗ ក្រោយ​ពី​លោក​ពិនិត្យ​ឃើញ​ថា ក្នុង​ដីកា​សរសេរ​ខុស​ទីលំនៅ។ លោក​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក​ចុះ​ហត្ថលេខា​បញ្ជូន​ដីកា ដែល​សរសេរ​ខុស​អាសយដ្ឋាន​ត្រឡប់​ទៅ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន នោះ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​នេះ​ចោល កុំ​មាន​តទៅទៀត ពីព្រោះ​ខ្ញុំ​ធ្វើ​ការងារ​នេះ​ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ ដោយ​ពុំ​មែន​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ឡើយ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៤ កញ្ញា។

ប៉ុន្តែ​ក្នុង​ដីកា​កោះ​ដែល​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន លោក ផាន់ ភីរម្យ ចុះ​ថ្ងៃ​ទី​២៩ សីហា កោះ​ហៅ​លោក អ៊ូច សាវុធ ជា​ជន​សង្ស័យ​រស់នៅ​ភូមិ​ភ្នំកុយ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ចូល​បំភ្លឺ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា តាម​បណ្ដឹង​របស់​ពលរដ្ឋ​ចំនួន ២​នាក់ ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ ប្រព្រឹត្ត​ទៅ​នៅ​ឃុំ​សាលាក្រៅ កាល​ពី​ខែ​មករា កន្លង​ទៅ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក អ៊ូច សាវុធ អះអាង​ថា សំណុំ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​ស្នើ​ឲ្យ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ពិនិត្យ​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន ២​នាក់​ដែល​មាន​នៅ​ក្នុង​ដីកា​របស់​តុលាការ​នេះ ដើម្បី​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត ព្រោះ​សង្ស័យ​អ្នក​ទាំង​ពីរ​ថា​ជា​ជនជាតិ​វៀតណាម។ ប៉ុន្តែ​ក្រោយ​មក អ្នក​ទាំង​ពីរ​នាក់​បាន​បោះឆ្នោត​ជា​ធម្មតា ដោយសារ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ករណី​នេះ​ជា​សំណុំ​រឿង​ចាស់​ដោយ​ពុំ​មាន​អ្វី​ធំ​ដុំ​នោះ​ទេ ដែល​តុលាការ​អាច​បញ្ចប់​រឿង​នេះ​តាំង​ពី​មុន​មក​បាន៖ «យើង​មើល​ឃើញ​ថា​បើ​មាន​ចំណាត់ការ​ណា​មួយ​យ៉ាង​ម៉ឺងម៉ាត់​ពី​តុលាការ​នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ព្រោះ​ត្រូវ​បាន​បាត់បង់​សំឡេង​ឆ្នោត ប្រសិន​បើ​រៀបចំ​ដាក់​មនុស្ស​មក​ជំនួស​មិន​ទាន់»

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ក្នុង​ខែត្រ​ប៉ៃលិន កន្លង​ទៅ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​នាក់​ដែល​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​បរិហារ​កេរ្តិ៍​រឿង​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ចេញ​ពី​បញ្ជី​បោះឆ្នោត។ អ្នក​ទាំងនោះ​រួម​មាន លោក អ៊ូច សាវុធ ជំទប់​ទី​២ ឃុំ​សាលាក្រៅ អ្នកស្រី រាម ណាមុន ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ទួលល្វា ក្រុង​ប៉ៃលិន និង​លោក ឈុន ចាន់ដា ក្រុម​ប្រឹក្សា​សង្កាត់​ប៉ៃលិន។ រហូត​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​បញ្ចប់​សំណុំ​រឿង​របស់​អ្នក​ទាំង ៣​នាក់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។