តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក សួន សេរីរដ្ឋា ដាក់​គុក​៥​ឆ្នាំ​ក្រោយ​រិះគន់​កងទ័ព

ដោយ ម៉ម មុនីរតន៍
2017-08-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ថ្លែង​ក្នុង​អង្គ​សមាជ​ទី​១​របស់​ខ្លួន នា​ភូមិ​ព្រៃវែង សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ថ្លែង​ក្នុង​អង្គ​សមាជ​ទី​១​របស់​ខ្លួន នា​ភូមិ​ព្រៃវែង សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​សម្រេច​ផ្ដន្ទាទោស​លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដាក់​គុក ៥​ឆ្នាំ និង​ពិន័យ​លុយ​ចំនួន ១០​លាន​រៀល​ក្នុង​រឿង​ក្ដី​ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រមាថ​កងទ័ព។ ក្រុម​គ្រួសារ​បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ ថា​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម​ដើរ​ថយ​ក្រោយ។

តាម​ការ​កំណត់ តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​រឿង​ក្តី​នេះ​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ទី​២៥ សីហា ប៉ុន្តែ​តុលាការ​បាន​ពន្យារ​ពេល​ការ​ប្រកាស​សាលក្រម​នេះ​រហូត​ដល់​ជាង​កន្លះ​ម៉ោង ដោយ​ពុំ​ដឹង​ពី​មូលហេតុ​នៃ​ភាព​យឺតយ៉ាវ ខុស​ពី​ការ​ជូន​ដំណឹង​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​២៤ សីហា។

បើ​ទោះ​ជា​បែប​ណា ចៅក្រម​ជំនុំ​ជម្រះ​ដែល​ទទួល​បន្ទុក​ក្នុង​រឿង​ក្តី​នេះ គឺ​លោក រស់ ពិសិដ្ឋ យល់​ឃើញ​ថា ការ​សម្រេច​ឲ្យ​លោក សួន សេរីរដ្ឋា មាន​ទោស​នេះ គឺ​មាន​សំអាង​ហេតុ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ប្រឆាំង​អ្នក​នយោបាយ​រូប​នេះ។ ស្រប​ពេល​កម្ពុជា និង​ឡាវ មាន​ជម្លោះ​ដោយ​យោធា​លើ​ទឹកដី​កម្ពុជា នៅ​ត្រង់​តំបន់​អូរ​អាឡៃ និង​អូរ​តាង៉ាវ ក្នុង​ស្រុក​សៀមប៉ាង មេ​បក្ស​អំណាច​ខ្មែរ រង​ការ​ចោទ​ប្រកាន់​ថា បាន​មើលងាយ​យោធា រហូត​ចោទ​ប្រកាន់​ថា​មាន​មេ​ទ័ព​ខ្លះ​ជា​មេ​ទ័ព​ចោរ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។

លោក សួន សេរីរដ្ឋា ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ចោទ​ប្រកាន់ ៣​បទល្មើស​កាល​ពី​ថ្ងៃ​ទី​១៣ សីហា គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បទ​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព និង​បទល្មើស​មួយ​ទៀត គឺ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់​នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ អះអាង​ថា លោក​នឹង​ពិគ្រោះ​យោបល់​ជាមួយ​កូន​ក្ដី​ជា​មុន​សិន មុន​នឹង​សម្រេច​ថា​នឹង​បន្ត​ប្ដឹង​ទៅ​ឧទ្ធរណ៍​ទៀត ប៉ុន្តែ​លោក​បញ្ជាក់​សិទ្ធិ​ប្ដឹង ឬ​មិន​ប្ដឹង​បន្ត គឺ​ជា​ភារៈ​របស់​លោក សួន សេរីរដ្ឋា។

បើ​ទោះ​ជា​បែប​ណា ភរិយា​លោក សួន សេរីរដ្ឋា គឺ​អ្នកស្រី ណៃ ចរិយា អះអាង​ថា អ្នកស្រី​នឹង​ប្ដឹង​បន្ត​ប្រឆាំង​សាលក្រម​នេះ។ អ្នកស្រី​យល់​ឃើញ​ថា អំណាច​សាលក្រម​នេះ​វា​ដូចជា​ធ្ងន់​ហួស​ហេតុ​ពេក ដោយ​គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​សោះ ស្ថាន​ទម្ងន់​ទោស​នេះ​ហាក់​លើស​ពី​បទល្មើស​ព្រហ្មទណ្ឌ​ទៅ​ទៀត។ អ្នកស្រី ណៃ ចរិយា ប្ដេជ្ញា​ថា​នឹង​មិន​ស្ងៀម​ឡើយ ដោយ​អ្នកស្រី​ចាត់​ទុក​ថា រឿង​អយុត្តិធម៌​បាន​កើត​ឡើង​នៅ​ចំពោះ​មុខ​បែប​នេះ។ អ្នកស្រី​បន្ត​ថា «គ្មាន​ជំរុញ​អី​ក្រៅ​ពី​ឲ្យ​ខ្ញុំ​រឹងមាំ​ជា​ជំហរ​គ្រួសារ ព្រោះ​ខ្ញុំ​នៅ​មានកូន​ប្រុស​ស្រី​ពីរ​នាក់​នៅ​ផ្ទះ។ ខ្ញុំ​នឹង​ធ្វើការ​តវ៉ា​ឲ្យ​ដល់​ទី​បញ្ចប់»

មុន​នឹង​ចៅក្រម​ជំនុំ​ជម្រះ លោក រស់ ពិសិដ្ឋ ប្រកាស​សាលក្រម លោក​បាន​ស្នើ​យោបល់​ទៅ​តំណាង​អយ្យការ គឺ​លោក សៀង សុខ ថា​តើ​លោក​មាន​អ្វី​ដែរ​ទេ ប៉ុន្តែ​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​រូប​នេះ​ឆ្លើយតប​ថា​ពុំ​មាន​អ្វី​ជំទាស់​ទេ។ នៅ​ក្នុង​បន្ទប់​សវនាការ សង្កេត​ឃើញ​ថា​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​នេះ គេ​ពុំ​ឃើញ​វត្តមាន​ព្រះរាជអាជ្ញា​រង​មួយ​រូប​ទៀត គឺ​លោក សេង ហៀង។ ជា​ញឹកញាប់ ព្រះរាជអាជ្ញា​រូប​នេះ​តែង​ចូលរួម​ស្ទើរ​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី រហូត​ថ្ងៃ​សវនាការ​លើ​អង្គ​សេចក្ដី។

លោក សួង សុភ័ណ្ឌ ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ យល់​ឃើញ​ថា តាម​ពិត​រឿង​ក្ដី​នេះ តុលាការ​មិន​គួរ​ណា​លើក​មក​ពិចារណា​រហូត​ឈាន​ដល់​ចោទ​ប្រកាន់​ឡើយ។ លោក​បន្ត​ថា ការ​អនុវត្ត​ច្បាប់​នេះ​ទំនង​តុលាការ​នៅ​រង់ចាំ​បើក​ភ្លើង​ខៀវ​ជា​មុន​ពី​បុគ្គល​ណា​ម្នាក់ ទើប​ពន្យារ​ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​បន្ទាប់​ដូចនេះ។ លោក​បន្ត​ថា «រឿង​របស់​លោក សួន សេរីរដ្ឋា គឺ​មិន​ខុស​ពីរឿង​របស់​លោក ហ៊ុន សែន លោក វង សូត និង​របស់​លោក បាញ់ ដែល​បាន​មើល​ប្រជាពលរដ្ឋ​ខ្មែរ។ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ និង​ការ​ញុះញង់​អី​ផ្សេងៗ​នេះ ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​វា​គ្មាន​ព្យសនកម្ម​អី​ណា​ដូច​លោក សួន សេរីរដ្ឋា លើក​ឡើង​ទេ។ តុលាការ​គួរ​តែ​ទម្លាក់​ចំណាត់ការ​នេះ​ចោល តែ​ផ្ទុយ​ទៅ​វិញ ចេតនា​ហាក់​បី​ដូចជា​ចាំ​ស្ដាប់​បញ្ជា​របស់​អ្នក​ណា​ម្នាក់»

នៅ​ទីតាំង​តុលាការ​ក្រុង​ភ្នំពេញ ទាំង​ផ្នែក​ខាង​ក្នុង និង​សូម្បី​បរិវេណ​តុលាការ​នៅ​ខាង​ក្រៅ ត្រូវ​បាន​ឆ្មាំ​យាម​តុលាការ​បណ្ដេញ​ក្រុម​អ្នក​កាសែត និង​អ្នក​ដែល​ត្រូវ​ផ្ដល់​បទសម្ភាសន៍​ចេញ មិន​ឲ្យ​ឈរ​ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​ទីធ្លា​តុលាការ។ ជាង​នេះ​ទៀត មិន​អនុញ្ញាត​ឲ្យ​ប្រភព​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នោះ​ឡើយ។ ស្ថិត​ក្រោម​បញ្ជា​នៃ​ការ​រឹត​បន្តឹង​សន្តិសុខ​នេះ តុលាការ​រង​ការ​រិះគន់​ថា អនុវត្ត​ច្បាប់​សម្រាប់​ភាគី​តែ​ម្ខាង ក៏ប៉ុន្តែ​ចំពោះ​មន្ត្រី​តុលាការ ឬ​ភ្នាក់ងារ​សន្តិសុខ​វិញ អាច​មាន​សិទ្ធិ​រហូត​ដល់​ប្រើប្រាស់​ទូរស័ព្ទ​បាន​នៅ​ផ្នែក​ខាង​ក្នុង​បន្ទប់​ជំនុំ​ជម្រះ និង​មាន​សំឡេង​ទូរស័ព្ទ​រោទ៍​ដែល​នាំ​ឲ្យ​រំខាន​ដល់​បរិយាកាស​បន្ទប់​សវនាការ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី FRANCE

« Lorsque les mots perdent leurs sens
​ les gens perdent leur liberté »

CONFUCIUS

កាលណាពាក្យពេចន៍បាត់បង់អត្ថន័យរបស់ខ្លួនហើយ
ប្រជាពលរដ្ឋក៏បាត់បង់សេរីភាពរបស់ខ្លួនដែរ ។

ដូច្នេះ បើស្ថាប័នយុត្តិធម៌ ក្លាយទៅជាស្ថាប័នអយុត្តិ
ធម៌ហើយ យើងពុំអាចពឹងពាក់បានតទៅទៀតទេ ។

ផ្លូវដើររបស់យើងមានតែមួយគត់ គឺ នាំគ្នាទៅបោះ
ឆ្នោតឲ្យបានច្រើនជាអតិបរិមា ឲ្យគណបក្សប្រឆាំង
ដើម្បីធ្វើការផ្លាស់ប្ដូរជាវិជ្ជមាន នៅថ្ងៃទី២៩ ខែកក្ក
ដា ឆ្នាំ២០១៨ ខាងមុខនេះ ។

«អយុត្តិធម៌ត្រូវតែបរាជ័យជាដាច់ខាត»

Aug 25, 2017 05:32 PM

គេហទំព័រ​ទាំងមូល