សហជីពគ្រប់និន្នាការ អង្គការសង្គមស៊ីវិល តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានជួបប្រជុំគ្នាលើកឡើងអំពីបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្តច្បាប់ស្ដីពីសហជីព។ កិច្ចជំនួបនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែតុលា នៅមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ។ ពួកគេគ្រោងនឹងជួបគ្នាម្ដងទៀតនៅចុងខែតុលា នេះ។
សហជីពគ្រប់និន្នាការ គ្រោងនឹងចងក្រងលិខិតមួយដែលដាក់បញ្ចូលនូវបញ្ហា និងភស្តុតាងមួយចំនួនដែលជាឧបសគ្គក្នុងពេលអនុវត្តច្បាប់សហជីព ដាក់ជូនរដ្ឋាភិបាល ពិសេសក្រសួងការងារ ដើម្បីឲ្យធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្ដីពីសហជីពនេះ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា សហជីពគ្រប់និន្នាការ គ្រោងនឹងជួបគ្នាម្ដងទៀតនៅចុងខែតុលា នេះ ដើម្បីភ្ជាប់ជាមួយនូវឯកសារភស្តុតាង រួមទាំងផលប៉ះពាល់នានា ដែលជាឧបសគ្គក្នុងពេលអនុវត្តច្បាប់ស្ដីពីសហជីព ដែលប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់កម្មករ។ អ្នកស្រីបន្តថា សហជីពជជែកគ្នាពីចំណុចមិនសប្បាយចិត្តរបស់ខ្លួន ដូចជាបញ្ហាសហជីពចុះបញ្ជីមិនបាន ឬក៏សហជីពបង្កើតមិនបាន សហជីពគ្មានសិទ្ធិក្នុងការជួយកម្មករគ្រប់គ្រាន់ នៅគ្រាដែលកម្មករបានពឹងពាក់មកសហជីព ដែលបញ្ហានេះ ទាំងសហជីព និងកម្មករ កំពុងតែបាត់បង់សិទ្ធិ៖ «យើងចង់ឲ្យមានការកែប្រែច្បាប់នេះ ព្រោះធម្មតាច្បាប់សហជីពនេះ សហជីពច្រើនមែនទែនដែលយើងបញ្ចេញមតិលើច្បាប់នេះ ថាច្បាប់នេះមិនអាចអនុវត្តបានទេ ច្បាប់នេះចេញមកវាមិនល្អទេ វាអត់សប្បាយចិត្ត ហើយយើងបញ្ចេញមតិលើចំណុចច្រើនមែនទែនទាក់ទងមាត្រានៅក្នុងច្បាប់នេះ»។
ការលើកឡើងនេះ នៅក្នុងកិច្ចប្រជុំមួយដែលមានសហជីពគ្រប់និន្នាការ អង្គការសង្គមស៊ីវិល តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែតុលា នៅមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ថា អេស៊ីល (Acil)។
មន្ត្រីកម្មវិធីជាន់ខ្ពស់នៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ លោក យឹម សេរីវឌ្ឍនៈ មានប្រសាសន៍ថា បន្ទាប់ពីកិច្ចប្រជុំនេះ លោកស្នើឲ្យសហជីពទាំងអស់ទៅប្រមូលឯកសារគាំទ្រនៃសំណុំរឿងនីមួយៗ ដែលថារងផលប៉ះពាល់នៃការដាក់ឲ្យអនុវត្តច្បាប់ស្ដីពីសហជីព ហើយនៅថ្ងៃទី១៩ ខែតុលា ក្រុមនេះនឹងជួបគ្នាម្ដងទៀត មុននឹងបញ្ជូនលិខិតទៅស្ថាប័នពាក់ព័ន្ធ៖ «ជាលទ្ធផល គឺយើងឯកភាពគ្នាថា មានតែការសរសេរឲ្យមានបែបបទជាផ្លូវការដែលជាឯកសារត្រឹមត្រូវទេ ដែលយើងគិតថាអាចបំពាក់នូវភស្តុតាងច្បាស់លាស់ ហើយនិងជាគោលជំហររបស់សហជីព ដើម្បីស្នើទៅក្រសួងឲ្យពិនិត្យ និងធ្វើការកែប្រែ យ៉ាងហោចណាស់ឲ្យមានការដឹងជាមុនដើម្បីត្រៀមធ្វើវិសោធនកម្ម»។
លោក យឹម សេរីវឌ្ឍនៈ បានបញ្ជាក់ទៀតថា ទោះយ៉ាងណា ក្រុមការងារនេះនឹងរៀបចំឲ្យមានកិច្ចប្រជុំពិគ្រោះយោបល់ការងារថ្នាក់ជាតិមួយ នៅថ្ងៃទី៨ វិច្ឆិកា ដែលមានការចូលរួមត្រីភាគី។
កាលពីថ្ងៃទី៤ ខែមេសា រដ្ឋសភាបានអនុម័តច្បាប់ស្ដីពីសហជីពដ៏ចម្រូងចម្រាស ដែលគ្មានការគាំទ្រពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
ចំណែកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ថ្លែងការពារសេចក្ដីព្រាងច្បាប់នោះថា ប្រទេសកម្ពុជា នៅពេលនេះត្រូវការច្បាប់ស្ដីពីសហជីព ហើយជាច្បាប់មួយដែលការពារកម្មករ និងអ្នកវិនិយោគ។
ភ្លាមៗនៅពេលអនុម័តច្បាប់នេះ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ថ្លែងថា ការអនុម័តច្បាប់នេះជាការធានាសង្វាក់ផលិតកម្មរវាងកម្មករ និងថៅកែ និងជាការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត។ ទោះជាយ៉ាងណា សហជីព និងសង្គមស៊ីវិលយល់ថា ច្បាប់នេះមានចរិតនយោបាយ និងមិនបានការពារផលប្រយោជន៍កម្មករនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។