តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ដាក់​គុក​២០​ខែ​ពី​បទ​ចោទ​រដ្ឋ​អំណាច​សម្លាប់​បណ្ឌិត កែម ឡី

ដោយ ប្រាជ្ញ ចេវ
2017-03-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥
 
លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥  
RFA/Hang Savyouth

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាញ់​ក្តី​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ករណី​ទៀត​ហើយ​នៅ​តុលាការ​ក្រុង​ភ្នំពេញ ទាក់ទង​បទ​ចោទ​ថា​រដ្ឋ​អំណាច​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី។ សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដាក់​ពន្ធនាគារ ២០​ខែ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ ១០​លាន​រៀល និង​ត្រូវ​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ១០០​រៀល​ផង​ដែរ។

ទាំង​មេធាវី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេធាវី​របស់​លោក សម រង្ស៊ី សុទ្ធតែ​និយាយ​រិះគន់​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ចំពោះ​ការ​ដាក់​ទោស​លោក សម រង្ស៊ី នៅ​ក្នុង​សំណុំ​រឿង​មួយ​នេះ។ មេធាវី​របស់​លោក ហ៊ុន សែន យល់​ថា ការ​ដាក់​ពន្ធនាគារ​លោក សម រង្ស៊ី រយៈពេល ២០​ខែ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ ១០​លាន​រៀល​តិច​ពេក។ ចំណែក​មេធាវី​របស់​លោក សម រង្ស៊ី រិះគន់​ដែរ​ថា លោក សម រង្ស៊ី មិន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

មេធាវី​ការពារ​ក្តី​របស់​លោក សម រង្ស៊ី លោក​មេធាវី សំ សុគង់ មាន​ប្រសាសន៍​ថា មាន​បី​ករណី​ដែល​តុលាការ​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក​ទាំង​អយុត្តិធម៌ គឺ​អ្វី​ដែល​កូន​ក្តី​និយាយ​មិន​បាន​ធ្វើ​ខូចខាត​ដល់​សង្គម​ទេ ទី​២ កូន​ក្តី​របស់​លោក​មិន​បាន​ចោទ​ប្រកាន់​អ្នក​ណា​ម្នាក់​ទេ និង​ចំណុច​ចុង​ក្រោយ ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី មិន​មែន​តែ​លោក សម រង្ស៊ី ម្នាក់​ឯង​ទេ​លើក​ឡើង។ លោក​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​ជជែក​ជាមួយ​លោក សម រង្ស៊ី ថា​នឹង​ប្ដឹង​ទាស់​ទៅ​ឧទ្ធរណ៍ ឬ​យ៉ាង​ណា?៖ «ឲ្យ​កូន​ក្តី​សម្រេច​ថា​សាលក្រម​នេះ​មិន​ផ្តល់​ភាព​យុត្តិធម៌ ហើយ​គាត់​យល់​ឃើញ​ថា ចង់​ឲ្យ​សាលា​ឧទ្ធរណ៍​ហ្នឹង​ធ្វើ​ការ​ជំនុំ​ជម្រះ​ឡើង​វិញ​លើ​ការ​សម្រេច​ហ្នឹង។ ខ្ញុំ​នឹង​ធ្វើ​ទៅ​តាម​ឆន្ទៈ​របស់​កូន​ក្តី»

តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា សម្រេច​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្តី​លោក ហ៊ុន សែន ដោយ​ដាក់​ពន្ធនាគារ ២០​ខែ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ ១០​លាន​រៀល និង​ត្រូវ​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ១០០​រៀល ដោយ​ក្រោម​បទ​ចោទ​ពីរ​ករណី គឺ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ ការ​សម្រេច​នេះ ដូច​ទៅ​នឹង​ពាក្យ​បណ្ដឹង​របស់​លោក ហ៊ុន សែន កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៦។

មេធាវី​ការពារ​ក្តី​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ការ​សម្រេច​របស់​តុលាការ​មួយ​ចំណុច​ដែល​លោក​មិន​ទាន់​ពេញ​ចិត្ត គឺ​ការ​ពិន័យ​ឲ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ ២០​ខែ។ លោក​ថា ការ​ផ្ដន្ទាទោស​នេះ​នៅ​តិច​ណាស់ បើ​ធៀប​ទៅ​នឹង​អ្វី​ដែល​លោក សម រង្ស៊ី បាន​និយាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខូចខាត​ដល់​រដ្ឋាភិបាល។ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី លោក​បដិសេធ​បង្ហាញ​ពី​ចំណុច​ប៉ះពាល់​នេះ«ចំពោះ​ខ្ញុំ​ផ្ទាល់​ទេ ខ្ញុំ​គិត​ថា​មិន​ស័ក្ដិសម​នឹង​អំពើ​ល្មើស​ដែល​លោក សម រង្ស៊ី បាន​ប្រព្រឹត្ត​ទេ ពីព្រោះ​អំពើ​ដែល​គាត់​បាន​ធ្វើ​បាន​ធ្វើ​ឲ្យ​ខូចខាត​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​ស្ថាប័ន​រាជ​រដ្ឋាភិបាល ដែល​ជា​ស្ថាប័ន​ដឹកនាំ​ប្រទេស ជា​ស្ថាប័ន​ជាន់​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង»

ក្រោយ​ពេល​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ លោក សម រង្ស៊ី បាន​និយាយ និង​សរសេរ​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​លោក​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ជា​អំពើ​ភេរវកម្ម​មួយ​ទៀត​រៀបចំ​ឡើង​ដោយ​រដ្ឋ​អំណាច។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មិន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ទេ ព្រោះ​នៅ​ពេល​ឃើញ​ដើម​បណ្ដឹង​ជា​នាយក​រដ្ឋមន្ត្រី​ដូចនេះ គេ​អាច​ដឹង​លទ្ធផល​មុន​តុលាការ​ប្រកាស​សាលក្រម«យើង​ដឹង​ថា​ការ​ឈ្នះ​ហ្នឹង ដឹង​តាំង​ពី​ដើម​ទី​មក​ណា»

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ត្រូវ​ក្លាហាន​ហ៊ាន​ប្ដឹង​លោក​ទៅ​តុលាការ​ក្រៅ​ប្រទេស។

មេធាវី​ការពារ​ក្តី​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច ថា​លោក​រាយការណ៍​ពី​ការ​សម្រេច​របស់​តុលាការ​ទៅ​លោក ហ៊ុន សែន ហើយ​បើ​លោក ហ៊ុន សែន មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្ដន្ទាទោស​នេះ លោក​នឹង​រៀបចំ​ឯកសារ​ប្ដឹង​ទាស់​ទៅ​តុលាការ​ជាន់​ខ្ពស់​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Cambodia Freedom

ពី Siem Reap

តុ​លា​ស្រុក​ខ្មែរ​សង្គម​តិរច្ឆាន​ក៏​ចេះ​តែ​ប៉ុណ្ណឹង​ ស្រេច​តែ​បង​សែន​ បញ្ជា​ក្បាល​ កំ​ហុស​ខ្លួន​មើល​មិន​ដែល​ឃើញ​ មើល​ឃើញ​តែ​កំ​ហុស​អ្នក​ដ៏ទៃ​ គេ​មិន​ខុស​ថា​ខុស​ ចំ​ណែក​ខ្លួន​ឯង​វិញ​ខុស​ល្បី​ពេញ​ប្រ​ទេស​ក៏​នៅ​តែ​ត្រូវ​រក​កំហុស​មិន​ឃើញ​

Mar 30, 2017 12:57 AM

គេហទំព័រ​ទាំងមូល