លោក ឌួង គឹមឡុង ជាកូនប្រុសលោក ឌួង ងៀប ដែលមានងារជាអ្នកឧកញ៉ា និងជាអនុប្រធាននាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។
ការសម្រេចដោះលែងឲ្យឈ្មោះ ឌួង គឹមឡុង នៅក្រៅឃុំបណ្ដោះអាសន្ននេះ ធ្វើឡើងក្រោមការជំនុំជម្រះជាអសាធារណៈ នៅព្រឹកថ្ងៃសុក្រ ទី១៧ ឧសភា។ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះលើសំណុំរឿងពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទប្រើប្រាស់អាវុធខុសច្បាប់ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៤ មេសា ស្ថិតនៅហាងឈ្មោះ ហ្គេឡាង ឡារ៉ង់ ក្នុងខណ្ឌចំការមន។
ចៅក្រមជំនុំជម្រះ លោក ជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍ មានប្រសាសន៍នៅថ្ងៃទី១៧ ឧសភា ថា អ្វីដែលសាលាឧទ្ធរណ៍សម្រេចឲ្យឈ្មោះ ឌួង គឹមឡុង នៅក្រៅឃុំបណ្ដោះអាសន្ននេះ គឺផ្អែកលើហេតុផលមួយចំនួន ដូចជា ជនរងគ្រោះសម្រេចផ្សះផ្សា និងបញ្ចប់វិវាទវិញ។ ឈ្មោះ ឌួង គឹមឡុង ពុំមានជាប់ពាក់ព័ន្ធនឹងបទប្រើប្រាស់ហិង្សាដោយផ្ទាល់ និងម្យ៉ាង ជនសង្ស័យក្នុងសំណុំរឿងប្រើប្រាស់ហិង្សាដោយចេតនានេះ នៅពុំទាន់គ្រប់អាយុនៅឡើយ។
លោកបន្តថា បើទោះជាជនសង្ស័យរួចផុតពីការចោទប្រកាន់ក្ដី ក៏ប៉ុន្តែថា លោក ឌួង គឹមឡុង នៅតែបន្តជាប់បណ្ដឹងអាជ្ញានៅឡើយ៖ «ហើយនែកក្មេងហ្នឹងវាអនីតិជន ទើបអាយុ១៧។ ហើយខាងជនរងគ្រោះគេដកបណ្ដឹងអស់ហើយ អ៊ីចឹងវាការដែលឃុំខ្លួន ក៏លែងចាំបាច់អស់ហើយ ដូចថាជនរងគ្រោះហ្នឹងគេត្រូវគ្នាអស់ហើយណាស់។ យើងឃុំខ្លួនដើម្បីធានាការស៊ើបសួរ ចុះបើដើមបណ្ដឹងហ្នឹងគេដកពាក្យបណ្ដឹង ហើយគេអត់ទាំងទាមទារអីផង យើងឃុំយ៉ាងម៉េច។ ហើយណាមួយជាសិស្សផងណា»។
កូនប្រុសលោកឧកញ៉ា ឌួង ងៀប ម្នាក់ទៀតឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឆាយ បងប្រុសរបស់ឈ្មោះ ឌួង គឹមឡុង និងអង្គរក្សម្នាក់ទៀតឈ្មោះ យី រ៉ាយុទ្ធ នៅបន្តជាប់ឃុំនៅឡើយនៅក្នុងសំណុំរឿងដូចគ្នានេះ។
មូលហេតុដែលឈានដល់ការចាប់ខ្លួន ធ្វើឡើងបន្ទាប់ពីមានបណ្ដឹងរបស់លោក មុំ ឌីណា បានចោទប្រកាន់ថា ក្រុមកូនលោកឧកញ៉ា ឌួង ងៀប បានវាយដំ និងទាញអាវុធមកភ្ជង់គំរាមលើពួកគេ ដែលកំពុងសប្បាយកាលពីរាត្រីថ្ងៃទី១៤ មេសា នៅមុនពិធីចូលឆ្នាំមកដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
