អ្នក​ច្បាប់​និង​ព្រះសង្ឃ៖ ការ​ផ្សឹក​និង​ឃុំ​​ព្រះសង្ឃ​ពាក់ព័ន្ធ​នឹង​កាំភ្លើង​ជ័រ​ជា​រឿង​មិន​ត្រឹមត្រូវ

ដោយ មួង ណារ៉េត
2017.06.24
សាន សុជា ៨៥៥ ព្រះតេជព្រះគុណ សាន សុជា ព្រះ​គ្រូ​ចៅអធិការ​វត្ត​មុណីរតនារាម ក្រុង​ពោធិ៍សាត់ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី តាម​ប្រព័ន្ធ​អ៊ីនធឺណិត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Screenshot
Screenshot

អ្នក​ច្បាប់ និង​ព្រះសង្ឃ​យល់​ឃើញ​ដូច​គ្នា​ថា ការ​ផ្សឹក និង​ឃុំ​ព្រះ​កាយ​ព្រះសង្ឃ​ដាក់​ក្នុង​ពន្ធនាគារ​ដោយ​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​កាំភ្លើង​ជ័រ និង​ការ​បញ្ចេញ​មតិ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជា​រឿង​មិន​ត្រឹមត្រូវ​ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ។ ការ​ចាប់​ផ្សឹក និង​ចាប់​ឃុំ​ខ្លួន​ព្រះសង្ឃ ហន សុផាន្នី  យ៉ាង​តក់ក្រហល់​បែប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​អនុវត្ត​ច្បាប់​តាម​បែប​ស្តង់ដារ​ពីរ ព្រោះ​កន្លង​មក​មាន​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ដែល​បង្ហាញ​អាវុធ​ពិត​ប្រាកដ​អម​ដោយសារ​គំរាម​អ្នក​ដទៃ​ថែម​ទៀត​ផង ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​អើពើ។

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ខេត្ត​បាត់ដំបង ព្រះនាម ហន សុផាន្នី ព្រះជន្ម ២៤​ព្រះវស្សា គង់នៅ​វត្ត​ដំរីស ក្រុង​បាត់ដំបង ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ព្រះ​កាយ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា គឺ​មួយ​ថ្ងៃ​ក្រោយ​ព្រះអង្គ​ត្រូវ​បាន​ចាប់​ផ្សឹក​ទាំង​ប្រញាប់ប្រញាល់ ក្រោម​បទ​ចោទ​ប្រកាន់​ថា ព្រះសង្ឃ​អង្គ​នេះ កាន់កាប់ និង​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ដោយ​យោង​វត្ថុតាង​ជា​កាំភ្លើង​ជ័រ​មួយ​ដើម និង​កាំបិត​មួយ ដែល​ព្រះអង្គ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ការ​ផ្សឹក​ព្រះសង្ឃ​ទាំង​បង្ខំ​បែប​នេះ ត្រូវ​បាន​អ្នក​បួស​ចាត់​ទុក​ថា ជា​ការ​ធ្វើ​បំពាន​វិន័យ​សង្ឃ​ដោយ​មន្ត្រី​សង្ឃ​ខ្លួន​ឯង ដែល​មិន​យល់​ច្បាស់​វិន័យ​ទូទៅ​សម្រាប់​អ្នក​បួស។

ព្រះតេជព្រះគុណ សាន សុជា ព្រះ​គ្រូ​ចៅអធិការ​វត្ត​មុណីរតនារាម ក្រុង​ពោធិ៍សាត់ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា មាន​ថេរដីកា​បន្ទោស​មន្ត្រី​សង្ឃ​ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ខ្ចី​ដៃ​ដើម្បី​ផ្សឹក​ព្រះសង្ឃ ហន សុផាន្នី៖ «ដូច្នេះ​បញ្ហា​នេះ​ធំ​បំផុត​គឺ​ផ្នែក​ព្រះសង្ឃ​យើង គឺ​ខ្ញុំ​ករុណា​ចង់​និយាយ​ទៅ​កាន់​មន្ត្រី​សង្ឃ​ទៅ​វិញ។ ការណ៍​ដែល​គេ​រៀបចំ​ឲ្យ​មាន​ចៅ​អធិការ​ឲ្យ​មាន​ព្រះ​អនុគណ​ឲ្យ​មាន​ព្រះ​មេគុណ ឲ្យ​មាន​មន្ត្រី​សង្ឃ គឺ​ដើម្បី​ចាត់ចែង​រឿង​ហ្នឹង​ហើយ។ ក៏ប៉ុន្តែ​រឿង​ដែល​កើត​នេះ វា​មិន​ប្រាស​ចាស​ហេតុ​ទេ ដោយសារ​ផ្នែក​របស់​យើង យើង​មិន​ខ្លាំង»

ភាព​មិន​ខ្លាំង​ខាង​ពុទ្ធចក្រ​នេះ ព្រះតេជព្រះគុណ សាន សុជា ចង់​មាន​សង្ឃដីកា​យោង​ទៅ​លើ​ភាព​ខ្វះខាត​ខាង​ចំណេះ​ដឹង​ផ្នែក​ពុទ្ធ​វិន័យ​ដែល​កើត​មាន​ឡើង សូម្បីតែ​ក្នុង​រង្វង់​ព្រះចៅ​អធិការ​វត្ត៖ «ជួនកាល​មិន​មែន​លោក​លម្អៀង​ទេ ជួល​កាល​លោក​អត់​ចេះ ដូចជា​នៅ​ខេត្ត​ពោធិ៍សាត់ ចៅ​អធិការ​ជិត ២០​វត្ត មក​ប្រជុំ​នៅ​កន្លែង​សាលា​មេគណ។ លោក​លើក​អំពី​បារាជិក​បួន​មក​សួរ​ចៅអធិការ​គ្រប់​អង្គ សួរ​ថា បារាជិក​បួន​ហ្នឹង​មាន​អ្វី​ខ្លះ? ជាង​ពាក់​កណ្ដាល​នៃ​ចៅ​អធិការ ឆ្លើយ​វិន័យ​បួន​ខ​ដំបូង​ហ្នឹង​អត់​ត្រូវ​ទេ។ ដល់​តែ​ដូច្នេះ លោក​មិន​ដឹង​ថា ណា​មួយ​ដែល​នាំ​ឲ្យ​អន្តរាយ​ភេទ​លោក​ផង​ហ្នឹង។ មេ​អត់​ដឹង​ផង​ហ្នឹង។ ដល់​តែ​មិន​ដឹង​ហ្នឹង អាច​ដែល​លោក​អត់​មាន​អ្វី​ទៅ​ប្រកែក​ជាមួយ​គេ​ទេ»

ការ​មិន​អាច​មាន​អ្វី​ប្រកែក​ជាមួយ​នឹង​អាជ្ញាធរ​បាន​ដូច្នេះ ទើប​ធ្វើ​ឲ្យ​មាន​ការ​ផ្សឹក​ព្រះសង្ឃ ហន សុផាន្នី បាន​សម្រេច និង​ចាប់​បញ្ជូន​ព្រះ​កាយ​ព្រះអង្គ​ទៅ​ពន្ធនាគារ​ដូច្នេះ។

ចំណែក​ឯ​ផ្នែក​អាណាចក្រ​វិញ អ្នក​ច្បាប់​ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​ដែល​ឃុំ​ព្រះកាយ​ព្រះសង្ឃ ដោយ​គ្រាន់​តែ​បង្ហាញ​រូបភាព​កាំភ្លើង​ជ័រ​នៅ​លើ​ហ្វេសប៊ុក ដោយ​មិន​បាន​ស៊ើប​អង្កេត​រក​ភស្តុតាង​ត្រឹមត្រូវ​ជាមុន​ដូច្នេះ ថា​ជា​ការ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦។
លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦។

លោក​មេធាវី ហុង គឹមសួន លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី ដែរ​ថា ការ​បង្ហោះ​ជា​រូបភាព​អ្វី​ក៏ដោយ គេ​មិន​អាច​ចាត់​ទុក​ថា របស់​ហ្នឹង​ជា​របស់​ពិត​នៅ​ឡើយ​ទេ ទាល់​តែ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ឆែកឆេរ​ចាប់​ឲ្យ​បាន​ថា របស់​នោះ​ជា​កាំភ្លើង​ពិត​ដែល​បាញ់​ទៅ​ស្លាប់​មនុស្ស ឬ​របួស​មនុស្ស ទើប​គេ​អាច​យក​វត្ថុ​នោះ​ធ្វើ​ជា​ភស្តុតាង​ជា​ផ្លូវការ​បាន​។

លោក​បន្ត​ថា រឿង​ដែល​មិន​ទំនង​បែប​នេះ អាជ្ញាធរ​ចាត់​ការ​យ៉ាង​បន្ទាន់​ឯ​រឿង​ធ្ងន់​ជាង​នេះ បែរ​ជា​ធ្វើ​ព្រងើយ​ទៅ​វិញ៖ «អ៊ីចឹង​មិន​មែន​គ្រាន់​តែ​យក​រូបភាព គ្រាន់តែ​ឃើញ​ថា អា​ហ្នឹង​កាំភ្លើង​ហើយ​ចាត់​ទុក​អា​ហ្នឹង​ថា ជា​របស់​ពិត អត់​បាន​ទេ។ ខ្ញុំ​ក៏​ធ្លាប់​ឃើញ​ដែរ នៅ​តាម​សង្គម​ហ្វេសប៊ុក ឬ​ក៏ Messenger ឬ​ក៏​បង្ហោះ​រូបភាព​ជេរ​ប្រមាថ​គ្នា ឬ​គំរាម​សម្លាប់​អ្នក​នេះ អ្នក​នោះ ខ្ញុំ​មិន​លើក​ឈ្មោះ​ទេ ខ្ញុំ​ឃើញ​ខ្ញុំ​ស្គាល់​ច្បាស់​ហើយ។ បើ​គំរាម​ដល់​អាយុ​ជីវិត អា​ហ្នឹង​ត្រូវ​អាជ្ញាធរ​មិន​អាច​នៅ​ឈរ​មើល ចាំ​តែ​គេ​ប្ដឹង​ទេ ត្រូវ​ចាត់​វិធានការ​តាម​រក​អ្នក​ដែល​តាម​គំរាម​ជីវិត​គេ​ទៅ​ទៀត។ រឿង​ខ្លះ​ហ្នឹង អាជ្ញាធរ​នៅ​ធ្វើ​មិន​ដឹង​មិន​ឮ មាន​រហូត​ដល់​សព្វ​ថ្ងៃ​នៅ​ដើរ​ព្រងើយ​ក៏​មាន​ដែរ»

​ចំណែក​ឯ​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ក៏​បាន​សម្ដែង​ព្រះទ័យ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ទៅ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ដែល​រួម​គ្នា​ចាប់​ផ្សឹក​ព្រះសង្ឃ ហន សុផាន្នី និង​ដាក់​ពន្ធនាគារ​ដោយសារ​ទោស​កំហុស​បន្តិចបន្តួច​ដែល​អាច​អប់រំ​កែប្រែ​បាន មិន​ដល់​ថ្នាក់​ដាក់​គុក​ដាក់​ច្រវាក់​នោះ​ទេ។ តាម​រយៈ​សារ​ដែល​ព្រះអង្គ​បង្ហោះ​តាម​ហ្វេសប៊ុក ផ្ទាល់​របស់​ព្រះអង្គ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចាត់​ទុក​មន្ត្រី​តុលាការ និង​មន្ត្រី​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ថា​ខ្វះ​ភាព​ត្រឹមត្រូវ​ក្នុង​ចំណាត់​ការ​រឿង​នេះ៖ «តុលាការ ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​ខេត្ត​បាត់ដំបង មាន​ចំណេះ​ដឹង​តិចតួច​ស្ដួចស្ដើង។ មាន​ន័យ​ថា ពួក​តុលាការ​អគតិ ពួក​សមត្ថកិច្ច​អវិជ្ជា រួម​គ្នា​ដើរ​លើ​ផ្លូវ​មួយ​ដ៏​ខ្មៅ​កខ្វក់។ ពួកគាត់​ធ្វើ​តុលាការ ពួកគាត់​ធ្វើ​ព្រះរាជអាជ្ញា​រាប់​សិប​ឆ្នាំ តែ​មិន​មែន​មាន​ន័យ​ថា ពួកគាត់​ចេះ​ច្បាប់​ទេ មិន​មែន​មាន​ន័យ​ថា ពួកគាត់​គឺ​ជា​តួអង្គ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រឹមត្រូវ​នោះ​ទេ»

​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ក៏​ស្តី​បន្ទោស​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង ថា​មិន​មែន​ជា​អ្នក​បដិបត្តិ និង​អនុវត្ត​ទៅ​តាម​ពុទ្ធបញ្ញត្តិ និង​ពុទ្ធ​វិន័យ​នោះ​ទេ។ ចំណែក​លោក​សាស្ត្រាចារ្យ ឆាត សុឆេត សង្កេត​ឃើញ​ភាព​មិន​ត្រឹមត្រូវ​នៃ​ការ​ផ្សឹក​ព្រះសង្ឃ​នេះ​ដែរ គឺ​ដោយ​ព្រះសង្ឃ ហន សុផាន្នី មិន​បាន​ប្រព្រឹត្ត​ខុស​ទោស​ទាំង​បួន​ខាង​ពុទ្ធ​សាសនា​នោះ​ទេ។ ទោស​ទាំង​បួន​នោះ រួម​មាន​ទី​មួយ គឺ​សម្លាប់​មនុស្ស ទី​២ ប្រព្រឹត្ត​មេថុនធម្ម ទី​បី គឺ​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ឯ​ទី​បួន គឺ​ការ​អួត​នូវ​គុណ​វិសេស​របស់​ខ្លួន​ដែល​អត់​មាន៖ «កាល​ណា​ដែល​លោក​មាន​ទោស​ទាំង​បួន​ក្នុង​ព្រះ​វិន័យ​ហ្នឹង ទើប​សម​គួរ​ដែល​ត្រូវ​ទោស ដែល​ត្រូវ​សឹក​ខ្លួន​ឯង​ក្តី ឬ​ក៏​អាចារ្យ ឬ​ឧបជ្ឈា​ហ្នឹង​ត្រូវ​ផ្សឹក​លោក»

​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង អ្នកស្រី ប្រាក់ សុភីមា លើក​ឡើង​ថា ករណី​ចោទ​ប្រកាន់​នេះ គឺ​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​សង្គម​ព្រះសង្ឃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។