សាលាឧទ្ធរណ៍​បន្ត​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​​ឃុំ​របស់​លោក គឹម សុខ

ដោយ អាស៊ីសេរី
2017-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

សាលាឧទ្ធរណ៍​បន្ត​បដិសេធ​បណ្ដឹង​សុំ​នៅ​ឃុំ​របស់​លោក គឹម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ដោយ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ក្រុង​​ភ្នំពេញ ទុក​​ជា​បាន​ការ​ដដែល​ក្នុង​សំណុំ​រឿង​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង​លោក គឹម សុខ ពី​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍​ និង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ។

ចំណែក លោក គឹម សុខ ថា ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នៅថ្ងៃទី១៥ ខែ​កញ្ញា​នេះ ជា​រឿង​អយុត្តិធម៌​ចំពោះ​រូប​លោក និង​ចោទ​ប្រកាន់​តុលាការ​គ្រាន់​តែ​ជា​សេនាធិការ​របស់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ។

នៅ​បន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍ លោក គឹម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ និយាយ​សំដី​សមរម្យ​ធម្មតា និង​បង្ហាញ​ការ​គោរព​ទៅ​តុលាការ មិន​ឌឺដង​ដាក់​តុលាការ​ដូច​កាល​ពី​ពេល​បើក​សវនាការ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​កន្លង​ទៅ​នោះ​ទេ។ លោក គឹម សុខ ថា សាលាឧទ្ធរណ៍​គួរ​ឲ្យ​គោរព​មិនមែនដូច​តុលាការ​សាលាដំបូង​ធ្វើ​ការមិន​ត្រឹមត្រូវ​តាម​នីតិវិធី។ យ៉ាងណាក៏ដោយចុះ ការ​សម្រេច​​របស់​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ ក៏​មិន​ខុស​ពី​សម្រេច​របស់​តុលាការ​ក្រុងភ្នំពេញ​ដែរ ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក គឹម សុខ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ឡើយ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ហ៊ុន សែន គឺ​លោក គី តិច ប្រាប់​តុលាការ​នៅ​បន្ទប់​ជំនុំជម្រះ​ថា ដើម្បី​ទប់​ស្កាត់​បទល្មើស​កើត​ឡើង​ជា​ថ្មី មិន​អាច​ឲ្យ​លោក គឹម សុខ នៅ​ក្រៅ​ឃុំ​បាន​ទេ។ លោក​ថា មនុស្ស​ដូច​លោក គឹម សុខ នេះ​ឃើញ​អ្នកការ​សែត​មិន​បាន​ទេ ដឹង​តែ​និយាយ​វាយ​ប្រហារ​គណប​ក្ស​ប្រជាជន​កម្ពុជា និង​ជា​ពិសេស គឺ​វាយ​ប្រហារ​លោក ហ៊ុន សែន ដែល​ជា​ប្រមុខ​រដ្ឋាភិបាល និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តែម្ដង។ លោក​ចោទ​ប្រកាន់​ថា ការ​និយាយ​នេះ ជា​ការ​ញុះញង់​ឥត​ឈប់ឈរ ហើយ​បង្ក​ទៅ​ជា​ហិង្សា ដូច្នេះ​ហើយលោក​ប្រឆាំង​ទាស់សំណើ​សុំ​នៅ​​ក្រៅ​ឃុំ​របស់​លោក គឹម សុខ។

ចំណែក​មេធាវី​ការពារ​ក្ដី​របស់ លោក គឹម សុខ គឺ​លោក​មេធាវី ជួង ជួងី ឆ្លើយ​តប​វិញ​ថា ការ​លើក​ឡើង​របស់​មេធាវី លោក ហ៊ុន សែន​ គឺលោក គី តិច មើល​ទៅ​លោក គឹម សុខ ដូច​មនុស្ស​ចេះ​សិល្ប៍ ដោយ​គ្រាន់តែ​និយាយ​សោះ​ប៉ះពាល់​សង្គម​ដល់​ម្ល៉ឹង។ ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ចប់​សវនាការ លោក ជួង ជូងី ថា កូន​ក្ដី​របស់​លោក​គ្មាន សមត្ថភាព​កៀរ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ហិង្សា ឬ​ញុះញង់​ឲ្យ​ប្រព្រឹត្ត បទល្មើស​ដូច​ការ ចោទ​ប្រកាន់​របស់​លោក គី តិច នោះ​ទេ«លោក​មេធាវី គី តិច គាត់​ព្យាយាម​លើក​ឡើង​ថា បើ​កាលណា​ឲ្យ​កូន​ក្ដី​ខ្ញុំ​នៅ​ក្រៅ​ឃុំ​បង្ក​ព្យុះ​ភ្លៀង បង្ក​បញ្ហា​ផ្សេងៗ​អ្វី​ដែល​គាត់​ព្រួយ​បារម្ភ​ហាក់​បី​ដូចជា​កូន​ក្ដី​របស់​ខ្ញុំ​ជា​ពូកែ​អស្ចារ្យ​អ៊ីចឹង នេះ​ជា​អ្វី​ដែល​ខ្ញុំ​កត់​សម្ភាល់ ប៉ុន្តែ​មែនទែន​ទៅ​កូន​ក្ដី​ខ្ញុំ​គ្មាន​សមត្ថភាព​ដល់​ថ្នាក់​ណឹង​ទេ សំដី​គាត់​គ្រាន់​តែ​បង្ហាញ​ទៅ​តាម​ការ​សិក្សា​ប៉ុណ្ណោះ​ព្រោះ​គាត់​ជា​អ្នក​ស្រាវជ្រាវ»។

លោក គឹម សុខ អះអាង​ប្រាប់​តុលាការ​ថា ឲ្យ​តែ​តុលាការ​អនុញ្ញាតឲ្យ​លោក​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​កុំ​ថា​ឡើយ​ហាម​មិន​ឲ្យ​លោក​ចេញ​ក្រៅ​ប្រទេស ទោះ​ហាម​លោក​មិន​ឲ្យ​ចេញ​ក្រៅ​ក្រុង​ភ្នំពេញ​ក៏​លោក​សុខ​ចិត្ត​ដែរ។

ក្រោយ​ការ​ជជែក​ដេញដោល​នៅ​ក្នុង​បន្ទប់​សវនាការ​អស់​រយៈ​ជាង​ពីរ​ម៉ោង នៅ​ទី​បំផុត ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក ប៉ាក ច័ន្ទសំបូរ ប្រកាស​រក្សា​ការ​សម្រេច​របស់​ដំបូង​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ ដោយ​មិន​អនុញ្ញាត​ឲ្យ គឹម សុខ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បាន​ទេ។ លោក​ប្រធាន​ក្រុមប្រឹក្សា ទុក​រយៈពេល​មួយ​ខែ​ឲ្យ​លោក គឹម សុខ ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល។ មេធាវីការពារ​ក្តីរបស់ លោក គឹម សុខ ថា​លោក​នឹង​ប្ដឹង​ការ​សម្រេច​នេះ​ទៅ​តុលាការ​កំពូល ប៉ុន្តែ​មិនទាន់​បញ្ជាក់​​ពី​ពេល​នេះ​នៅ​ឡើយ​ទេ

កាល​ពី​ខែ​សីហា​កន្លង​ទៅ សាលាដំបូង​រាជធានី ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស គឹម សុខ ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ៨០០​លាន​រៀល ទាក់ទង​ការ​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី។

ក្រៅពីករណីនេះ លោក កឹម សុខ ក៏​ជាប់​បណ្ដឹង​មួយទៀត​នៅតុលាការ​ដែរនៅ​ពេល​ចប់​សវនាការ លោក គឹម សុខ ចោទ​ប្រកាន់​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ថា ជា​រឿង​អយុត្តិធម៌​ចំពោះ​រូប​លោក និង​ចោទ​ប្រកាន់​ថា តុលាការ​ជា​សេនាធិការ​របស់​លោក ហ៊ុន សែន។ លោក​ថា បើលោក ហ៊ុន សែន ចោទ​ប្រកាន់​អ្នកណា​ហើយ​តុលាការ​មិន​លើកលែង​ឲ្យ​អ្នក​នោះ​ទេចំណែក​ឆ្មាំ​គុគ​នាំ​គ្នា​ចាប់​ក្រៀក​លោក គឹម សុខ ដាក់​បញ្ចូល​ក្នុង​ឡាន​យ៉ាង​ឆាប់​រហ័ស​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ជា​កន្លែង​ដែល​លោក​បាន​បាត់បង់​សេរីភាព អស់​រយៈ​ពេល​ជាង​២១០​ថ្ងៃ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

No justice in Cambodia, Hun Sen can do everything he wants. However, he can not prevent the natural law. One day, he will..

Sep 15, 2017 10:54 AM

គេហទំព័រ​ទាំងមូល