CCHR ស្នើ​ឲ្យ​តុលាការ​ខេត្ត​កោះកុង​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​បរិស្ថាន​៤​រូប

ដោយ ប្រាជ្ញ ចេវ
2016.06.22
ទាមទារ​ដោះ​លែង​សកម្មជន​បរិស្ថាន កោះកុង ២០១៥ ៨៥៥ ពលរដ្ឋ​ហែ​ក្បួន​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក្នុង​រាជធានី​ភ្នំពេញ និង​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន ៤​នាក់​នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Sochivy
RFA/Sochivy

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​បញ្ចេញ​របាយការណ៍​វិភាគ​ផ្លូវច្បាប់​មួយ​ដែល​បង្ហាញ​ថា  តុលាការ​ខេត្ត​កោះកុង គ្មាន​ភស្តុតាង​ដែល​ស៊ីសង្វាក់​ក្នុង​ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន ៣​រូប​នៃ​អង្គការ​មាតា​ធម្មជាតិ ដែល​កំពុង​ជាប់ឃុំ​តាំង​ពី​ឆ្នាំ​២០១៥ នោះ​ឡើយ និង​ស្ថាបនិក​នៃ​អង្គការ​នេះ។ នៅ​ការ​វិភាគ​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ទៅ​តុលាការ ឲ្យ​ទម្លាក់​បទ​ចោទ​ទៅ​លើ​សកម្មជន​ទាំង​នោះ និង​ដោះលែង​អោយ​មាន​សេរីភាព។

​អ្នក​សម្របសម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ឈុន លី បញ្ជាក់​បន្ថែម​លើ​ការ​វិភាគ​នេះ​ថា ការ​វិភាគ​នេះ​មិន​មែន​ជា​ការ​ជ្រៀតជ្រែក​លើ​កិច្ចការ​តុលាការ​ទេ។ ប៉ុន្តែ​ជា​ការ​សិក្សា​ស្រាវ​ជ្រាវ​ទាំង​អង្គហេតុ និង​អង្គច្បាប់​នៃ​ការ​ប្រព្រឹត្ត​របស់​សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ ហើយ​បាន​រក​ឃើញ​ការ​ចោទ​របស់​តុលាការ​មិន​ត្រឹមត្រូវ។

អ្នកស្រី​រំពឹង​ថា តុលាការ និង​អ្នក​ពាក់ព័ន្ធ នឹង​ពិចារណា​ឡើង​វិញ​លើ​ការ​សម្រេច​របស់​ខ្លួន បន្ទាប់​ពី​បាន​ឃើញ​ការ​វិភាគ​នេះ៖ «ចំពោះ​យើង​នេះ​មិនមែន​ជា​ការ​ជ្រៀតជ្រែក​លើ​កិច្ចការ​តុលាការ​ទេ សំខាន់​រឿង​នេះ​ជា​បញ្ហា​សិទ្ធិមនុស្ស ចង់​និយាយ​ថា ការ​ចោទ​ប្រកាន់​នេះ​មិន​សមស្រប​ទេ ដូច្នេះ​ទើប​យើង​វិភាគ​ឲ្យ​ដឹង​ថា រឿង​ហ្នឹង​ហើយ​និង​បទ​ចោទ​នោះ​យ៉ាង​ម៉េច?»

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​សុំ​ប្រតិកម្ម​តប​ពី​តុលាការ​ខេត្ត​កោះកុង និង​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា។

សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ​ទាំង ៣​នាក់ រួម​មាន​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង។ ពួកគេ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ពី​បទ​គំរាមកំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រមព្រហ្មទណ្ឌ។

ចំណែក​ស្ថាបនិក​នៃ​អង្គការ​នេះ គឺ​លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែល​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន បណ្ដេញ​ចេញ​មិន​ឲ្យ​នៅ​ប្រទេស​កម្ពុជា ត្រូវ​តុលាការ​ចោទ​ប្រកាន់​ថា ជា​អ្នក​ផ្សំគំនិត​ទាក់ទង​ការ​ប្រព្រឹត្ត​របស់​ក្រុម​យុវជន។

សង្គម​ស៊ីវិល​លើក​ឡើង​ថា សកម្មជន​ទាំង ៤​រូប ត្រូវ​ចោទ​ប្រកាន់ ព្រោះ​បុព្វហេតុ​ការពារ​បរិស្ថាន​ដោយ​អ្នក​ទាំង​នោះ​តែង​ចេញ​មុខ​ប្រឆាំង​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ខេត្ត​កោះកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។