សង្គម​ស៊ីវិល​ទាមទារ​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​ដើម្បី​ឲ្យ​ជន​ជាប់​ចោទ​ទទួល​បាន​យុត្តិធម៌

ដោយ ទីន ហ្សាការីយ៉ា
2015.01.30
ប្រជុំ​ពិភាក្សា​ពី​ក្រម​ព្រហ្មទណ្ឌ ៦២០ កិច្ច​ពិភាក្សា​រវាង​ក្រុម​មេធាវី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​តុលាការ ដើម្បី​រក​វិធី​ដោះស្រាយ​ក្នុង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ និង​ដំណើរ​ការ​កាត់​សេចក្ដី​ប្រកប​ដោយ​យុត្តិធម៌ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។
RFA/Tin Zakariya

ក្រុម​មេធាវី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​តុលាការ បាន​បើក​កិច្ច​ពិភាក្សា​គ្នា​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មករា ដើម្បី​រក​វិធី​ដោះស្រាយ​ក្នុង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ និង​ដំណើរ​ការ​កាត់​សេចក្ដី​ប្រកប​ដោយ​យុត្តិធម៌ ព្រោះ​ថា​កន្លង​មក​មាន​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ទៅ​លើ​មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​តុលាការ​ថា​មិន​ឯករាជ្យ និង​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជន​សង្ស័យ​នៅ​ពេល​ចាប់​ខ្លួន ជាដើម។

ក្រុម​អ្នក​ច្បាប់​លើក​ឡើង​ថា ជន​ជាប់​ចោទ​មួយ​ចំនួន​នៅ​កម្ពុជា ទទួល​រង​នូវ​ភាព​អយុត្តិធម៌ ដោយសារ​តែ​ការ​ចាប់​ខ្លួន​ខុស និង​ការ​កាត់​សេចក្ដី​របស់​តុលាការ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក​មេធាវី ហុង គឹមសួន មាន​ប្រសាសន៍​ថា កន្លង​មក ជន​ជាប់​ចោទ និង​ជន​សង្ស័យ​មួយ​ចំនួន​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស ដោយសារ​ពួក​គាត់​គ្មាន​មេធាវី​ការពារ និង​ដាក់​ឃុំឃាំង​លើស​នីតិវិធី តែ​ទី​បញ្ចប់ តុលាការ​រក​ឃើញ​ថា ជន​សង្ស័យ​មួយ​ចំនួន​គ្មាន​ទោស ហើយ​ដោះ​លែង​វិញ ប៉ុន្តែ​គ្មាន​ផ្ដល់​សំណង​ជូន​ពួក​គេ​ឡើយ ដូចជា​ករណី ប៊ន សំណាង និង សុខ សំអឿន ជាដើម។

ក្រៅ​ពី​នេះ​ទៀត លោក​មេធាវី ហុង គឹមសួន បញ្ជាក់​ទៀត​ថា មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម៖ «សំឡេង»។

លោក​មេធាវី ហុង គឹមសួន មាន​ប្រសាសន៍​ថា នីតិវិធី​នៃ​ការ​កសាង​សំណុំ​រឿង​ទៅ​តុលាការ​នោះ ជន​សង្ស័យ​មាន​សិទ្ធិ​ឲ្យ​គេ​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន និង​ត្រូវ​ប្រាប់​ឲ្យ​ដឹង​ភ្លាម​អំពី​ការ​ចោទ​ប្រកាន់ សិទ្ធិ​ឆ្លង​ឆ្លើយ​ជាមួយ​មេធាវី និង​សិទ្ធិ​ឲ្យ​គេ​ប្រាប់​សិទ្ធិ​មាន​មេធាវី​ការពារ​ខ្លួន។ ប្រជាពលរដ្ឋ​តែង​តែ​និយាយ​ជាទូទៅ​ថា ករណី​ខ្លះ​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​ចាប់​ខ្លួន​ជន​សង្ស័យ យក​ទៅ​ធ្វើ​ទារុណកម្ម​នៅ​កន្លែង​ឃុំឃាំង​របស់​ប៉ូលិស និង​ការ​ដក​ហូត​យក​ទ្រព្យ​សម្បត្តិ​នៅ​ជាប់​ខ្លួន។ល។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក​ឧត្តមសេនីយ៍ឯក មួង ឃីម និង​ជា​អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ថា ការ​ចាប់​ខ្លួន​មន្ត្រី​នគរបាល គឺ​ធ្វើ​តាម​នីតិវិធី​ច្បាប់ គឺ​គ្មាន​ការ​ធ្វើ​ទារុណកម្ម​អ្វី​ទេ៖ «សំឡេង»។

ចំពោះ​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ហួស​រយៈពេល​កំណត់ ហើយ​តុលាការ​រក​ឃើញ​ថា​មិន​មាន​ទោស និង​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​នោះ ព្រះរាជ​អាជ្ញា​សាលា​ឧទ្ធរណ៍ លោក តាន់ សេណារ៉ុង មាន​ប្រសាសន៍​ថា រដ្ឋ​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្ដល់​សំណង​ដល់​ជន​ជាប់​ចោទ ដែល​តុលាការ​រក​ឃើញ​ថា​គ្មាន​ទោស​នោះ។ លោក​បញ្ជាក់​ថា ករណី​នេះ​លុះត្រា​តែ​ជន​ជាប់​ចោទ​ប្ដឹង​ទាមទារ​សំណង។

កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ប្រទេស​កម្ពុជា ជា​ភាគី​ហត្ថលេខី​នោះ ចែង​ថា ជន​ណា​ដែល​បាន​រងគ្រោះ​ដោយ​ការ​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​ខុស​ច្បាប់ មាន​សិទ្ធិ​ទាមទារ​សំណង។ នៅ​ពេល​ជន​ណា​ម្នាក់​ត្រូវ​បាន​ប្រកាស​ឲ្យ​ជាប់​ពិរុទ្ធ​ពី​បទ​ព្រហ្មទណ្ឌ​ជា​ស្ថាពរ ហើយ​ក្រោយ​មក ការ​ប្រកាស​ឲ្យ​ជាប់​ពិរុទ្ធ​នោះ​ត្រូវ​បាន​បដិសេធ ឬ​ត្រូវ​បាន​លើក​លែង​ទោស ដោយ​ហេតុ​ថា អង្គ​ហេតុ​ថ្មី ឬ​ដែល​រក​ឃើញ​ថ្មី​បញ្ជាក់​យ៉ាង​ច្បាស់​ថា មាន​ការ​ខុស​ឆ្គង​ពី​សំណាក់​តុលាការ ជន​ដែល​ទទួល​រងគ្រោះ​ដោយសារ​ការ​កាត់​ទោស​នោះ ត្រូវ​ទទួល​សំណង​តាម​ច្បាប់ លើក​លែង​តែ​មាន​ការ​កំណត់​បង្ហាញ​ថា ការ​មិន​លាត​ត្រដាង​អាថ៌កំបាំង​នៃ​ការ​ពិត​ទាន់​ពេល បណ្ដាល​មក​ពី​ជន​នោះ​ទាំង​ស្រុង ឬ​មួយ​ផ្នែក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។