តុលាការ​បន្ទាយមានជ័យ​ជម្រះក្ដី​សំណុំរឿង​ចៅ​សង្កាត់​ប៉ោយប៉ែត​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2017-11-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ចៅ វាសនា ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស​សម រង្ស៊ី នៅ​ក្រុង​ប៉ោយប៉ែត ពេល​មក​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ មុន​ត្រូវ​ឃុំ​ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
លោក ចៅ វាសនា ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស​សម រង្ស៊ី នៅ​ក្រុង​ប៉ោយប៉ែត ពេល​មក​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ មុន​ត្រូវ​ឃុំ​ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA/Hum Chamroeun

សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា នេះ បើក​សវនាការ​ជំនុំជម្រះ​ក្ដីលើ​សំណុំរឿង​របស់​ចៅសង្កាត់​ប៉ោយប៉ែត គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ចៅ វាសនា ដែល​ពាក់ព័ន្ធ​នឹង​កម្មករ​អូស​រទេះ តវ៉ា​នៅមុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាលពី​ខែ​ឧសភា ​ឆ្នាំ​២០១៥ កន្លងទៅ។

នៅ​ជុំវិញ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ អាជ្ញាធរ​បាន​ដាក់​កម្លាំង​ការពារ​យ៉ាង​តឹងតែង ខណៈ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ជាច្រើន​នាក់ បាន​ទៅ​ឃ្លាំមើល​នៅ​ខាង​មុខ​តុលាការ។

សាច់ញាតិ និង​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត ​គណបក្សប្រឆាំង ដែល​បាន​ចូល​ទៅ​ស្ដាប់​នៅ​ក្នុង​សវនាការ​នេះ សំដែង​ការ​មិន​ពេញចិត្ត​នឹង​អង្គចៅក្រម​ជំនុំជម្រះ ដែល​ព្យាយាម​សួរ​តែ​សំណួរ​ដាក់​បន្ទុក​ទៅលើ​ជនត្រូវចោទ គឺ​លោក ចៅ វាសនា ដែល​ហាក់​ពុំ​មាន​ឱកាស​បាន​ឆ្លើយ​ដោះ​បន្ទុក​នោះ​ទេ។

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត លោក ឆាំ សុភ័ណ មាន​ប្រសាសន៍​ថា នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា មាន​ជនត្រូវចោទ​ចំនួន ២​នាក់ ដែល​អង្គ​ជំនុំ​ជម្រះ​លើក​យក​មក​សាកសួរ​មុនគេ គឺ​លោក ចៅ វាសនា និង​លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា។

លោក​អះអាង​ថា លោក ចៅ វាសនា ដែល​ជា​ជន​ត្រូវ​ចោទ បាន​ព្យាយាម​ឆ្លើយ​បដិសេធ​ស្ទើរ​គ្រប់​សំណួរ​របស់​តុលាការ ដោយ​អះអាង​ថា ខ្លួន​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ​អូស​រទេះ​នោះ​ទេ៖ «គេ​ចោទ​គាត់​ទាំង​កម្រោល​តែ​ម្ដង ហើយ​ចៅ​ក្រម​មិន​ឲ្យលោក ចៅ វាសនា និយាយ​ច្រើន​ទេ ទោះ​បី​ជា​គាត់​ខំ​បក​ស្រាយ​ក៏​គេ​មិន​អោយ​ដែរ។ ខ្ញុំ​ឆ្ងល់​តុលាការ​ដូច​ដាក់​បន្ទុក​ទៅ​លើ​គាត់​តែ​មែនទែន ដូច​ចង់​ឲ្យ​តែ​គាត់​ទទួល​ខុស​ទាំង​អស់។ ដូច​មិន​​​សម​ហេតុ​សម​ផល​ទេ ព្រោះ​គាត់​មិន​បាន​ធ្វើ​ខុស​ផង​គេ​ចោទ​គាត់​ថា​ញុះញង់»

មើល ចៅ វាសនា ៦២២
មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មក​ឃ្លាំ​មើល​តុលាការ​ខេត្ត​បន្ទាយមានជ័យ ជម្រះ​ក្ដី​ករណី​លោក ចៅ វាសនា នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ Photo Provided Photo Provided

នៅ​ជុំវិញ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ សម​ត្ថ​កិច្ច​ដាក់​កម្លាំង​ការពារ​យ៉ាង​តឹងតែង ខណៈ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​បាន​ទៅ​ឃ្លាំមើល​នៅ​ខាងមុខ​តុលាការ ក្នុង​នោះ​មាន​លោក ថាច់ ស៊ីថា ក៏បានចូល​រួម​ដែរ។

មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​បន្ទាយមានជ័យ កញ្ញា ផាត់ ម៉ារ៉ាឌី ដែល​បាន​តាម​ក្នុង​សំណុំ​រឿង​នេះ​មាន​ប្រសាសន៍​ថា តុលាការ​គួរតែ​ជំនុំជម្រះ​បញ្ចប់​សំណុំ​រឿង​នេះ​តែម្ដង ព្រោះ​បាន​អូស​បន្ទាយ​ជាច្រើន​ខែ​មក​ហើយ។ ចំណែក​ករណី​ដែល​សាច់ញាតិ​ដើម​បណ្ដឹង​មិន​សប្បាយ ការ​សួរ​សំណួរ​ដាក់​បន្ទុក​នោះ​ កញ្ញា ម៉ារ៉ាឌី អះអាង​ថា បញ្ហា​នេះ​គឺ​ជា​នីតិវិធី​របស់​អង្គ​ចៅក្រម​ជំនុំជម្រះ​ក្នុង​ការ​សាកសួរ​ទៅ​លើ​ជន​ត្រូវ​ចោទ«ខ្ញុំ​គិត​ថា​ជា​រឿង​ធម្មតា​ តែ​គ្រាន់​តែ​ថា​ពេល​ព្រឹក​មាន​ការ​ជជែក​តឹង​សរសៃ​ក​បន្តិច​ទាក់​ទង​នឹង​ការ​បង្ហាញ​ភស្តុតាង​វីដេអូ​ទាក់​ទង​ការ​ធ្វើ​បាតុកម្ម​ហ្នឹង ដូច្នេះ​មេធាវី​គាត់​ប្រតិកម្ម​ថា ការ​បង្ហាញ​ភស្តុតាង​បែប​ដេញ​ទាន់​ជាន់​តែង​ ផ្ចាញ់​ភ្លាមៗ​វា​ហាក់​បី​ដូច​កូន​ក្ដី​របស់​គាត់​មាន​អារម្មណ៍​បាក់ស្បាត។ ប៉ុន្តែ​ក្រោយ​មក​ក៏​សម្រួល​ត្រូវ​គ្នា​វិញ»

ចៅសង្កាត់​ប៉ោយប៉ែត ដើមកំណើត​ខ្មែរ​ក្រោម​រូប​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​នៅមុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥។ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់ ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យកពន្ធ​ខ្ពស់​ហួសហេតុ​លើ​ការដឹក​ទំនិញ​ចេញចូល​តាម​រទេះរុញ​បន្តទៀត​។ ការតវ៉ា​នេះ បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រមទាំង​កញ្ចក់​របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ​ខូចខាត​មួយ​ចំនួន​ទៀត។ ការ​តវ៉ា​បង្ក​ហិង្សា​ដាក់គ្នា​នេះ ដោយសារ​ក្រុម​កម្មករ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ហើយ​ពួកគេ​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់គ្នា​តែម្ដង។

ចំណែក​អ្នក​ជាប់​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​រួមមាន ក្រុម​កម្មករ​អូស​រទេះ​ចំនួន ១៥​នាក់ លោក ចៅ វាសនា ចៅសង្កាត់​ប៉ោយប៉ែត និង​លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា។ រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត ពុំ​មាន​នៅ​ក្នុង​បណ្ដឹង​នោះ​ឡើយ។

រហូតមកដល់​ល្ងាច​ថ្ងៃ​ទី​១៣ វិច្ឆិកា ម៉ោង​ជាង៥​រសៀល តុលាការ​នៅ​បន្ត​សាកសួរ​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​នៅ​ឡើយ៕

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ចុះ​ចំណែក សមត្ថកិច្ច ជាដើមហេតុបង្កររឿង ​ប្រើ​អំពើ​ហឹង្សា លើ​អ្នក​តវ៉ា ម៉េច​ក៏​មិនយកមកកាត់ទោស
ការពិត លោក ចៅ វាសនា មិនបានប្រើ ឬ​បញ្ជាទៅអ្នកណាអោយប្រើ​អំពើ​ហឹង្សា​ឡើយ គឺដោយសារ កម្មករទាំងអស់ ឃើញសមត្ថកិច្ច​ធ្វើទារុណកម្ម​ទៅលើ​តំណាង​របស់​ខ្លួន ទើបទ្រាំមិនបាន . ដូច្នេះ​ត្រូវចាប់​សមត្ថកិច្ចពាក់ពាន់ ប្រើអំពើ​ហឹង្សា និង​កម្មករ រាប់រយនាក់ យកមកកាត់ទោសទាំងអស់​ទើបត្រូវ
ចំណែក​លោក ចៅ វាសនា នៅខាងក្រៅ ជាអ្នកឃ្លាំមើល​តែប៉ុណ្ណោះ !​

Nov 13, 2017 10:41 PM

អ្នក​អាន​អនាមិក

តុលាការ ត្រូវជួយប្រជាពលរដ្ឋ កុំជួយជនផ្តាច់ការ !​

Nov 13, 2017 08:42 PM

គេហទំព័រ​ទាំងមូល