សមត្ថកិច្ច​បញ្ជូន​យុវជន​កាប់​ស្លាក​គណបក្ស​ប្រជាជន​ទៅ​តុលាការ

ដោយ ប្រាជ្ញ ចេវ
2017-05-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​បាត់ដំបង។
ផែនទី​ខេត្ត​បាត់ដំបង។
Photo: RFA

សមត្ថកិច្ច​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា បាន​បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការ ព្រោះ​បាន​កាប់​ផ្ដួល​ស្លាក​បក្ស​ប្រជាជន​កម្ពុជា។

អធិការ​នគរបាល​ស្រុក​កំរៀង ខេត្ត​បាត់ដំបង លោក គឹម ពន្លក ឲ្យ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ​ថា យុវជន​សង្ស័យ​ឈ្មោះ ផាត សុផា មាន​ឪពុក​ធ្វើ​ទាហាន​ស័ក្ដិ​បួន បាន​កាប់​បំផ្លាញ​ស្លាក​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ក្នុង​ស្ថានភាព​ស្រវឹង។

​លោក​បន្ត​ថា ក្រុម​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើត​ហេតុ​ដែល​ឋិត​នៅ​ភូមិ​១៨ ឃុំ​កំរៀង ស្រុក​កំរៀង ទាន់​ពេល ព្រោះ​ក្រុម​ពលរដ្ឋ​បាន​ផ្តល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច។ ទោះ​យ៉ាង​នេះ​ក្តី លោក​មិន​បាន​ប្រាប់​ពី​ចម្លើយ​សារភាព​ពី​មូល​ហេតុ​ដែល​ជនសង្ស័យ​កាប់​បំផ្លាញ​ស្លាក​គណបក្ស​កាន់​អំណាច​នេះ​ទេ។

លោក​បន្ត​ថា ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក ជេត វាន់នី សម្រេច​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ៖ «ស្នងការ​រង​ទទួល​បន្ទុក​គាត់​បាន​បញ្ជូន​ទៅ​ដល់​តុលាការ​ហើយ មិន​ថា​ទ្រព្យសម្បត្តិ​សាធារណៈ សម្បត្តិ​ឯកជន​ទេ តែ​បំផ្លិចបំផ្លាញ​ត្រូវ​ផ្ដន្ទាទោស​ហើយ»

​ទាក់ទង​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​បាត់ដំបង លោក យិន ម៉េងលី សង្កេត​ឃើញ​ថា នៅ​តំបន់​នេះ​ក៏​មាន​ការ​កាប់​បំផ្លាញ​ស្លាក​គណបក្ស​នយោបាយ​ផ្សេងទៀត​ដែរ ប៉ុន្តែ​មិន​ឃើញ​សមត្ថកិច្ច​ចាត់​វិធានការ​ដូច​ករ​ណី​បំផ្លាញ​ស្លាក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ការងារ​ឲ្យ​បាន​ដូចៗ​គ្នា នៅ​ពេល​កើត​មាន​ករណី​ដូច​គ្នា​នេះ។

អធិការ​នគរបាល​ស្រុក​កំរៀង ខេត្ត​បាត់ដំបង លោក គឹម ពន្លក ឲ្យ​ដឹង​ថា កន្លង​មក​មាន​ករណី​បំផ្លាញ​ស្លាក​គណបក្ស​ផ្សេងៗ​ជាង ២០​ស្លាក​ដែរ ប៉ុន្តែ​មិន​ឃើញ​មាន​ពលរដ្ឋ​អ្នក​ពាក់ព័ន្ធ​ប្ដឹង​មក​លោក​ទេ។ លោក​ថែម​ទាំង​អះអាង​ថា សមត្ថកិច្ច​អនុវត្ត​ការងារ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ស្លាកគណៈប័ក្សសង្គ្រោះជាតិ រលំ រងការបំផ្លាញ អស់រាប់ សិប មិនដែលឯឮំាត់

May 06, 2017 06:26 AM

គេហទំព័រ​ទាំងមូល