តុលាការ​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ចោទ​ពាក់ព័ន្ធ​ក្លែង​សំបុត្រ​បញ្ជាក់​កំណើត

ដោយ ថា កិត្យា
2015.11.21
តុលាការ​ខេត្ត​ស្វាយរៀង ៦២០ តុលាការ​ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥
Photo Provided

សាលា​ដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​នៅ​ពន្ធនាគារ​ខេត្ត នៅ​យប់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា បន្ទាប់​ពី​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​សំបុត្រ​បញ្ជាក់​កំណើត បង្ហោះ​ចែក​ចាយ​តាម​រយៈ​ហ្វេសប៊ុក (facebook)។ ទាក់ទង​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ស្វាយរៀង រិះគន់​តុលាការ​ថា​មិន​ឯករាជ្យ និង​ឋិត​ក្រោម​សម្ពាធ​នយោបាយ។

សមាជិក​ក្រុម​ប្រឹក្សា​ក្នុង​ក្រុង​បាវិត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ នង សារិទ្ធ ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ចោទ​ប្រកាន់​ពី​បទ​ក្លែង​លិខិត​សាធារណៈ និង​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍។ ចំណែក​សកម្មជន​ម្នាក់​ទៀត​ឈ្មោះ សុខ សំអ៊ាន ជាប់​ចោទ​ពី​បទ​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង និង​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​ដែរ។

ក្រោយ​ចោទ​ប្រកាន់ សមត្ថកិច្ច​បាន​បញ្ជូន​ជន​ជាប់​ចោទ​ទាំង​ពីរ​ដាក់​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន។

មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ លោក សំ សុគង់ មាន​ប្រសាសន៍​ថា កូន​ក្តី​របស់​លោក គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្គ្រោះ​ជាតិ ឈ្មោះ នង សារិទ្ធ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៖ «ការ​ចោទ​ហ្នឹង គឺ​ទាំង​កូន​ក្តី ទាំង​មេធាវី​ការពារ​ឲ្យ​គាត់​មិន​មាន​ការ​ពេញ​ចិត្ត​ទេ ព្រោះ​ថា ជា​ការ​ចោទ​មួយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ មេធាវី​នឹង​ដាក់​ពាក្យ​មួយ​ឲ្យ​កូន​ក្តី​បាន​នៅ​ក្រៅ​ឃុំ ហើយ​នឹង​ឈាន​ទៅ​រក​ការ​សុំ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់ ដោយសារ​យើង​ពិនិត្យ​ទៅ​មើល​អាជ្ញាយុកាល ឬ​ក៏​រយៈពេល​នៃ​ការ​ចោទ​ប្រកាន់ គឺ​ដូចជា​ចង់​ហួស​ពេល ដោយ​ពី​ឆ្នាំ​២០០៤ ដល់​២០១៥ គឺ​សរុប ១១​ឆ្នាំ។ ដូច្នេះ​បទល្មើស​ឧក្រិដ្ឋ​នៅ​ក្នុង​ច្បាប់​ចាស់ គឺ​មាន​អាជ្ញាយុកាល ១០​ឆ្នាំ​ទេ។ អ៊ីចឹង​អត់​ត្រូវ​យក​មក​ពិនិត្យ​ឡើង​វិញ​នៅ​អាជ្ញាយុកាល​នៃ​ការ​ចោទ​ប្រកាន់​នេះ​ទេ»

ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន បាន​ប្រាប់​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថា ជន​សង្ស័យ​ទាំង​ពីរ​រូប​នោះ មាន​ឈ្មោះ នង សារិទ្ធ ជា​អ្នក​សរសេរ​ក្លែង​ឯកសារ​ដោយ​សរសេរ​បន្ថែម​ថា​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ស្ថិត​ក្នុង​ប្រទេស​វៀតណាម។ ចំណែក​ឈ្មោះ សុខ សំអ៊ាន អាយុ ៣៨​ឆ្នាំ ជា​អ្នក​បង្ហោះ​តាម​ហ្វេសប៊ុក។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​បាវិត ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា។ ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​នាក់ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​មាន​រូបថត​សំបុត្រ​កំណើត​ត្រូវ​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​សរសេរ​បញ្ជាក់​នៅ​ត្រង់​ចំណុច​ទីកន្លែង​របស់​សាមីជន​ថា ក្រុង​បាវិត ឋិត​ក្នុង​ប្រទេស​វៀតណាម។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល មាន​ប្រសាសន៍​ថា ប្រសិន​បើ​រឿង​នេះ​មិន​មែន​ជា​ឈុត​ឆាក​នយោបាយ​ទេ​នោះ ដូច្នេះ​អាជ្ញាធរ និង​តុលាការ គួរ​តែ​កោះ​ហៅ​មេ​ឃុំ​ដែល​ជា​អ្នក​ប្រថាប់​ត្រា និង​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​ខុស​ត្រូវ​រឿង​នេះ៖ «ធ្វើ​ម៉េច​ទាមទារ​ឲ្យ​មេ​ឃុំ​មក​បកស្រាយ​បំភ្លឺ​ករណី​នេះ​ដែរ»

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ស្វាយរៀង លោក ប្រាក់ សារ៉ាន់ ដែល​ឃ្លាំ​មើល​បញ្ហា​នេះ ថ្លែង​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ហាក់​ដូចជា​ចម្លែក​ពី​ករណី​ផ្សេង ដែល​មាន​កង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ដាក់​ពង្រាយ​នៅ​មុខ​តុលាការ។ លោក​មិន​ទាន់​សន្និដ្ឋាន​ថា ករណី​នេះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​នៅ​បន្ត​អង្កេត​លម្អិត​ថែម​ទៀត។

ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នាក់​នៅ​ខេត្ត​ស្វាយរៀង គឺ​បន្ទាប់​ពី​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ចេញ​ប្រកាស​ចាប់​ខ្លួន​អ្នក​ក្លែង​សំបុត្រ​កំណើត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ចេញ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា បាន​ចាត់​ទុក​ការ​កែ​ទិន្នន័យ​ត្រង់​ទីកន្លែង​កំណើត​របស់​សាមីជន​ដែល​សរសេរ​ថា ឋិត​នៅ​ប្រទេស​កម្ពុជា តែ​ប្ដូរ​ទៅ​ជា​ប្រទេស​វៀតណាម វិញ​នោះ ថា​ជា​ករណី​ឆ្លៀត​ឱកាស​ក្នុង​គោល​បំណង​បំពុល​បរិយាកាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។