តុលាការ​កាត់​ទោស​លោក នី ចរិយា ដាក់​ពន្ធនាគារ​៦​ខែ​និង​ពិន័យ​ប្រាក់​៦​លាន​រៀល

ដោយ ម៉ម មុនីរតន៍
2016.09.22
នី ចរិយា បរិហារកេរ្ដិ៍ ៨៥៥ ២០១៦ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា ដើរ​ចូល​ក្នុង​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក​ពី​បទ​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ឃី ឆៃ បាន​សម្រេច​ផ្ដន្ទាទោស​លោក នី ចរិយា អគ្គលេខាធិការ​រង គ..ប ដាក់​ពន្ធនាគារ ៦​ខែ និង​ពិន័យ​លុយ​ចំនួន ៦​លាន​រៀល។ អំណាច​សាលក្រម​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា ចាត់​ទុក​ថា​ជា​សាលក្រម​ដែល​មាន​ភាព​លម្អៀង និង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។

អតីត​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​ជា​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ហៅ​សេចក្ដី​សម្រេច​របស់​ចៅក្រម​ជំនុំ​ជម្រះ​នៅ​ពេល​នេះ ថា​ជា​ការ​ញាំញី​អំពើ​យុត្តិធម៌ ហើយ​ប្រាកដ​ណាស់​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌ គ្មាន​សង្ឃឹម​ថា​នឹង​អាច​ផ្ដល់​ភាព​ត្រឹមត្រូវ​សម្រាប់​អ្នក​រងគ្រោះ​បាន​ឡើយ។

ប្រតិកម្ម​របស់​លោក នី ចរិយា នេះ គឺ​បន្ទាប់​ពី​ចៅក្រម​ជំនុំ​ជម្រះ​លោក ឃី ឆៃ សម្រេច​ផ្ដន្ទាទោស​ភ្លាមៗ​ដោយ​ដាក់​ពន្ធនាគារ​លោក ៦​ខែ និង​ពិន័យ​លុយ​ចំនួន ៦​លាន​រៀល នៅ​ពេល​បញ្ចប់​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កញ្ញា។

លោក នី ចរិយា ដែល​ដៃ​ជាប់​ខ្នោះ​ផង ឲ្យ​ដឹង​ក្រោយ​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​ថា ប្រទេស​មួយ​ដែល​ហ៊ុមព័ទ្ធ​ដោយ​រឿង​អយុត្តិធម៌ ជាពិសេស​តុលាការ​មិន​អាច​ផ្ដល់​ភាព​ត្រឹមត្រូវ​បាន​ទៅ​ហើយ ការ​ទទួល​បាន​យុត្តិធម៌​កើត​ចេញ​ពី​ការ​ជំនុំ​ជម្រះ​នេះ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ។ លោក​បន្ត​ថា «យើង​កុំ​សង្ឃឹម​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ប្រព័ន្ធ​យុត្តិធម៌​វា​មិន​ឯករាជ្យ។ វា​មិន​ខុស​អី​បើ​យើង​ចង់​បាន​ទឹក​ថ្លា​ហូប ទាល់​តែ​មាន​ត្រពាំង​ហ្នឹង​ទឹក​ថ្លា បើ​ត្រពាំង​ហ្នឹង​ទឹក​ល្អក់ កុំ​សង្ឃឹម​ថា​បាន​ទឹក​ថ្លា​ហូប»

នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ មុន​នឹង​សម្រេច​ដេញដោល​ដែល​ប្រើ​ពេល​ជាង ៥​ម៉ោង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា គឺ​ចៅក្រម​ជំនុំ​ជម្រះ លោក ឃី ឆៃ និង​លោក នី ចរិយា ចាប់​ផ្ដើម​បើក​ឆាក​តឹង​សរសៃ​ក​ដាក់​គ្នា​ភ្លាម​ដែរ។ លោក​ចៅក្រម​ព្យាយាម​ជំទាស់​ម្ដង​ហើយ​ម្ដង​ទៀត​រាល់​ពេល​លោក នី ចរិយា លើក​ពី​អង្គ​ហេតុ និង​ការ​អវត្តមាន​ដើម​បណ្ដឹង​ដែល​សុទ្ធតែ​ជា​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប តែ​ជំនួស​ដោយ​តំណាង​មេធាវី​ការពារ​ក្តី​ទៅ​វិញ​នៃ​សំណុំ​រឿង​នេះ។ លោក ឃី ឆៃ បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា អ្វី​ដែល​ជន​ជាប់​ចោទ​លើក​ឡើង​នេះ វា​ជា​រឿង​ដដែលៗ។ ក៏ប៉ុន្តែ​លោក នី ចរិយា បាន​ប្រតិកម្ម​ទៅ​វិញ​ដោយ​សំអាង​ថា នេះ​ការ​ដោះ​បន្ទុក​របស់​លោក ដើម្បី​ឲ្យ​អង្គ​សវនាការ​បាន​យល់​ពី​មូលហេតុ​នៃ​សាវតារ​សំណុំ​រឿង​នេះ។

បើ​ទោះ​ជា​ការ​ព្យាយាម​ពន្យល់ និង​ដោះ​បន្ទុក​របស់​លោក នី ចរិយា បែប​ណា ករណី​នេះ​មិន​ត្រូវ​បាន​ចៅក្រម​បើក​សិទ្ធិ​ឡើយ។ មូលហេតុ​ដែល​នាំ​ឲ្យ​តុលាការ​សម្រេច​ចោទ​ប្រកាន់​លោក នី ចរិយា នៅ​ពេល​នេះ ដោយ​យោង​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ ក្រោម​បទ​ចោទ​បរិហារ​កេរ្តិ៍ បរិហារ​បង្កាច់​កេរ្តិ៍ និង​ពី​បទ​ប្រើប្រាស់​ឥទ្ធិពល​ដាក់​សម្ពាធ​លើ​តុលាការ​ខេត្ត​សៀមរាប។ ករណី​នេះ គឺ​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ៣០​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​សហគមន៍​តាខ្មៅ។

ដើម​បណ្ដឹង​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ គឺ​ជា​ព្រះរាជអាជ្ញា​រង លោក សុខ កែវបណ្ឌិត និង​ចៅក្រម​ជំនុំ​ជម្រះ​ខេត្ត​សៀមរាប ម្នាក់​ទៀត លោក គិ រិទ្ធី។ មន្ត្រី​តុលាការ​ទាំង​ពីរ​រូប​នេះ សម្រេច​ចោទ​ប្រកាន់​លោក នី ចរិយា ពី​បទ​បរិហារ​កេរ្តិ៍ បន្ទាប់​ពី​រក​ឃើញ​ថា លោក នី ចរិយា ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា និង​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​ការិយាល័យ​សមាគម​អាដហុក​ខេត្ត​សៀមរាប និង​នៅ​ភ្នំពេញ ដោយ​ចោទ​ថា មន្ត្រី​តុលាការ​ឃុបឃិត​ជាមួយ​អាជ្ញាធរ ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ភស្តុតាង​តាម​បណ្ដាញ​សារព័ត៌មាន គឺ​ជា​មូលដ្ឋាន​ដែល​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ចោទ​ប្រកាន់​ថា លោក នី ចរិយា បរិហារ​កេរ្តិ៍​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​អយ្យការ និង​តុលាការ ជុំវិញ​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ជប់រំដេង ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។ នៅ​ក្នុង​បន្ទប់​សវនាការ លោក នី ចរិយា បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា សន្និសីទ​កាសែត​ទាំង​ពីរ​លើក​នោះ គឺ​លោក​ពុំ​បាន​និយាយ​ពី​តុលាការ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ឡើយ។ ប៉ុន្តែ​លោក​បាន​លើក​ពី​ការ​អនុវត្ត​ខុស​នីតិវិធី​របស់​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ទៅ​វិញ​ទេ។

ការ​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក រក​ឃើញ​ថា ទាំង​ចៅក្រម​លោក គិ រិទ្ធី និង​តំណាង​អយ្យការ​ខេត្ត​សៀមរាប លោក សុខ កែវបណ្ឌិត ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពលរដ្ឋ​បំពានច្បាប់ រំលោភ​ច្បាប់​ដូច​អ្វី​ដែល​លោក នី ចរិយា ចោទ​ប្រកាន់ ព្រោះ​តែ​តុលាការ​ពុំ​បាន​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន មុន​នឹង​ចាប់​ខ្លួន​ពលរដ្ឋ ២​នាក់​ដាក់​ពន្ធនាគារ។

របាយការណ៍​ស៊ើប​អង្កេត ឲ្យ​ដឹង​ថា ការ​ពិត​ដី​ទំនាស់​រវាង​ពលរដ្ឋ​ជាង ៣០​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​សហគមន៍​តាខ្មៅ​នោះ សាលា​ខេត្ត​សៀមរាប បាន​សម្រេច​កាត់​ដី​មាន​ជម្លោះ​ផ្ដល់​ឲ្យ​ពលរដ្ឋ​គ្រប់គ្រង​វិញ​ហើយ តាំង​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ​ដីកា​អនុវត្ត​របស់​តុលាការ​ខេត្ត​សៀមរាប ទើប​ចាប់​ដំណើរ​ការ​លើ​នីតិវិធី​នៅ​ឆ្នាំ​២០១៥។

មិន​តែ​ប៉ុណ្ណោះ បណ្ដឹង​រដ្ឋបាល និង​បណ្ដឹង​រដ្ឋប្បវេណី ដែល​លោក​បាន​ប្ដឹង​ទៅ​ឧត្តម​ក្រុមប្រឹក្សា​ធម្ម​អគ្គព្រះរាជអាជ្ញា​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ និង​ក្រសួង​យុត្តិធម៌ មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ផង បែរ​ជា​សំណុំ​រឿង​ពី​បទ​បរិហារ​កេរ្តិ៍​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ មុន​នីតិវិធី​ដែល​បាន​ស្នើសុំ​ឲ្យ​ស្ថាប័ន​កំពូល​ទាំង​បី​នេះ​ពិនិត្យ​ទៅ​ទៀត។ ករណី​នេះ ត្រូវ​បាន​លោក នី ចរិយា ចាត់​ទុក​ថា គឺ​ជា​ការ​អនុវត្ត​រំលោភ​លើ​គោលការណ៍​ច្បាប់​ទាំង​បំពាន។

មាត្រា​៣៨ កថាខណ្ឌ​ទី​៦ នៃ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​ចែង​ថា វិមតិសង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ។

លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នី ចរិយា យល់​ឃើញ​ថា សេចក្ដី​សម្រេច​នេះ​ពិត​ណាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូន​ក្ដី​របស់​លោក​ជា​ខ្លាំង។ ម្យ៉ាង​វិញ​ទៀត បទ​ចោទ​នេះ តុលាការ​ត្រូវ​ចោទ​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​វិញ ព្រោះ​ការ​ប្ដឹង​ផ្ដល់​នេះ​ធ្វើ​ឡើង​តាម​ការ​យល់​ឃើញ​ពី​ការ​ចុះ​ផ្សាយ​របស់​កាសែត​ប៉ុណ្ណោះ។ លោក​បន្ត​ថា «គួរ​តែ​យើង​យក​ច្បាប់​សារព័ត៌មាន​ដែល​ជា​ច្បាប់​ពិសេស​យក​មក​អនុវត្ត មិន​មែន​យក​ច្បាប់​ព្រហ្មទណ្ឌ​មក​អនុវត្ត​ហើយ កាលណា​យក​ច្បាប់​ព្រហ្មទណ្ឌ​មក​អនុវត្ត វា​ហាក់​ដូចជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​និយាយ​ស្តី ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ក៏ដូចជា​កតិកាសញ្ញា​ជាតិ និង​អន្តរជាតិ​ហ្នឹង ត្រូវ​បាន​គេ​រឹតត្បិត និង​ត្រូវ​បាន​រំលោភ»

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) មាន​ប្រសាសន៍​ថា ប្រសិន​បើ​តុលាការ​ដំណើរ​ការ​ដោយ​មិន​ឈរ​លើ​អគតិ ៤​យ៉ាង និង​តម្កល់​ឆន្ទៈ​លើ​វិជ្ជាជីវៈ លោក នី ចរិយា អាច​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។