គណបក្សប្រជាជនកម្ពុជាប្ដឹងលោក អ៊ូ វីរៈ ចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ
2016.04.25
គណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់ពាក្យប្ដឹងអ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោកបានវិភាគថា យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក ពាក់ព័ន្ធនឹងសំណុំរឿងស្នេហាអាស្រូវជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
សង្គមស៊ីវិលមួយចំនួនយល់ថា ចំណាត់ការរបស់គណបក្សកាន់អំណាចលើអ្នកវិភាគឯករាជ្យ គឺកាន់តែនាំឲ្យខូចឈ្មោះកាន់តែខ្លាំង។ ពួកគេថា គណបក្សកាន់អំណាចគួរតែចេញមុខបកស្រាយ មិនគួរចេញមុខប្ដឹងផ្ដល់នោះទេ ព្រោះជាការរំលោភលើសិទ្ធិបញ្ចេញមតិ និងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។
ក្រោយពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតាមទំព័រហ្វេសប៊ុក (Facebook) ហើយនោះ នៅល្ងាចថ្ងៃទី២៥ ខែមេសា គណបក្សប្រជាជនកម្ពុជា បានសម្រេចប្ដឹងប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នៅក្នុងពាក្យបណ្ដឹងនោះ ទាមទារឲ្យតុលាការផ្ដន្ទាទោស និងទាមទារសំណងជំងឺចិត្តចំនួន ៤០០លានរៀល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា ការប្ដឹងលោក អ៊ូ វីរៈ នៅពេលនេះ គឺបន្ទាប់ពីលោកបានវិភាគនៅក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរី ថា "យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក"។ ការលើកឡើងរបស់លោក អ៊ូ វីរៈ ដែលបំភ្លៃរឿងរ៉ាវស្នេហាឯកជនរបស់លោក កឹម សុខា និងនាង ខុម ចាត់តារាទី ថា ជាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចគឺបំផ្លើស និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងជាការបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជា៖ «គណបក្សប្រជាជន អត់បានធ្វើអីផង ហើយគាត់ថា យើងរៀបចំផែនការឲ្យ កឹម សុខា និយាយរឿងអាស្រូវផ្លូវភេទអី។ រឿងគាត់កើតឡើងដោយខ្លួនឯង ហើយមកនិយាយដូច្នេះ ម៉េចនឹងត្រូវរឿង? អានេះ វាផ្ទុយពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិហើយ»។
អង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស គឺគណបក្សនយោបាយមិនអាចគេចផុតពីការរិះគន់បានទេ ហើយជាពិសេស គឺគណបក្សកាន់អំណាចត្រូវមានការអត់ធ្មត់ និងអត់ឱនខ្លាំង។
នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា លើកឡើងថា ការវិភាគ ឬការរិះគន់ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនោះ គឺគណបក្សកាន់អំណាចមិនគួរប្រកាន់ខឹង និងប្ដឹងផ្ដល់ឡើយ ព្រោះនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ ព្រមទាំងរំលោភលើសិទ្ធិបញ្ចេញមតិ៖ «យើងលែងជាសង្គមប្រជាធិបតេយ្យសេរីពហុបក្សហើយ ឲ្យតែគេទិតៀនប៉ះកិត្តិយស យើងប្ដឹងគេ ចោទប្រកាន់គេ ដាក់ទោសដាក់ទណ្ឌអី យើងលែងមានភាពចាស់ទុំហើយ គណបក្សនយោបាយ អ្នកនយោបាយណាដែលធ្វើអ៊ីចឹង។ ខ្ញុំមើលទៅដូចជាគណបក្សសង្គ្រោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គេវាយប្រហារគាត់ គាត់អត់ប្ដឹងអីផងទេ គឺនៅធម្មតា យើងត្រូវរៀនអត់ធ្មត់អ៊ីចឹង ហើយគណបក្សកាន់អំណាច រឹតតែអត់ឱន អត់ធ្មត់ខ្លាំងជាងគេទៀត»។
កាលពីព្រឹកថ្ងៃទី២៥ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក របស់ខ្លួន ថា មិនអត់ឱនឲ្យអ្នកណាដែលមួលបង្កាច់បង្ខូចកិត្តិយសគណបក្សប្រជាជនកម្ពុជា ទៀតឡើយ។ ប្រធានបក្សកាន់អំណាចរូបនេះ បន្តថា គណបក្សគោរពសិទ្ធិបញ្ចេញមតិ ប៉ុន្តែប្រឆាំងដាច់ខាតចំពោះអ្នកមូលបង្កាច់បង្ខូចកិត្តិយស និងសេចក្ដីថ្លៃថ្នូរគណបក្ស។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន អំពាវនាវឲ្យសមាជិកសមាជិកា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់រៀបចំមេធាវីដើម្បីត្រៀមប្ដឹងទៅកាន់តុលាការ ក្នុងករណីមានការមួលបង្កាច់រំលោភសិទ្ធិដោយបុគ្គលណាមួយមកលើគណបក្សលោក។
លោក គល់ បញ្ញា លើកឡើងថា គណបក្ស និងអ្នកនយោបាយ មិនអាចមានកិត្តិយសសេចក្តីថ្លៃថ្នូរគ្រប់កាលៈទេសៈបានទេ គឺតែងតែប្រឈមនឹងការរិះគន់ ការបង្អាប់បង្អោន និងការលើកសរសើរដើម្បីកែលម្អការដឹកនាំរបស់ខ្លួន៖ «គណបក្ស កាន់អំណាច មានប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍អីច្រើនផង ម្ល៉ោះហើយគាត់អាចបកស្រាយបាន ពន្យល់ប្រាប់គេវិញទៅថា ទេ! អត់មានធ្វើអ៊ីចឹងទេ!»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា លោកមិនចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះទេ៖ «ទុកអោយតុលាការដោះស្រាយតាមផ្លូវច្បាប់ ទៅ ព្រោះយើងខិតខំទាំងអស់គ្នាដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុ បក្ស ហើយនឹងខិតខំកសាងនីតិរដ្ឋ ម្ល៉ោះហើយគ្មានអ្វីក្រៅពីរកផ្លូវច្បាប់ទេ»។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានសរសេរនៅលើហ្វេសប៊ុក ថា លោកចូលចិត្តការវិភាគរបស់លោក អ៊ូ វីរៈ ពីព្រោះលោកចូលចិត្តនិយាយត្រង់នូវអ្វីដែលយល់ឃើញ ដោយមិនមាននិន្នាការលំអៀងជ្រុលទៅខាងភាគីណាទេ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត កែម ឡី លើកឡើងថា ការដែលនាំឲ្យមានការវិភាគ ឬសន្និដ្ឋានថា ករណីស្នេហាអាស្រូវរវាងលោក កឹម សុខា ជាមួយអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ អាចជាការរៀបចំដោយគណបក្សកាន់អំណាចនោះ ព្រោះមានបទពិសោធន៍ និងរូបភាពស្រដៀងគ្នាច្រើនដែលបន្សល់ទុកពីមុនៗមក។
លោក កែម ឡី បញ្ជាក់ថា ការវិភាគគឺគ្រាន់តែជាត្រីវិស័យមួយសម្រាប់ឲ្យអ្នកនយោបាយ និងសាធារណជនពិចារណា ថាប្រសិនបើមានចំណុចណាត្រឹមត្រូវគួរយកទៅអនុវត្តកែលម្អ៖ «ខ្ញុំគិតថា បើគាត់ប្ដឹងគឺមិនចំណេញទេ ព្រោះអ្នកវិភាគ គោលបំណងគេផ្ដល់ព័ត៌មានដល់អ្នកនយោបាយឲ្យមានការប្រុងប្រយ័ត្ន ឲ្យមានការពិចារណាផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋវែកញែកខុស ឬត្រូវ។ អ្នកវិភាគ គ្រាន់តែជាអ្នកឈរមើល គ្រាន់តែជាអ្នកបញ្ចេញមតិនៅពេលអ្នកសម្ដែងល្អ ឬមិនល្អ។ ខ្ញុំគិតថា គួរតែលើកទឹកចិត្ត និងផ្ដល់រង្វាន់»។
លោក កែម ឡី បន្ថែមថា ការប្ដឹងនេះ មិនធ្វើអោយលោកមានការព្រួយបារម្ភទេ៖ «យើងត្រូវតែ បន្តសកម្មភាពដោយសន្តិវិធី ហើយយើងបន្តសកម្មភាពសម្រាប់ប្រជាពលរដ្ឋ បើយើងព្រួយបារម្ភពីព្យុះពីភ្លៀងពីរលកកម្លៅទាំងហ្នឹង គឺអត់មានឱកាសផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋទេ»។
អង្គការសង្គមស៊ីវិល និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងថា សេរីភាពនៃការបញ្ចេញមតិគឺជាធាតុផ្សំដ៏សំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យ ដូច្នេះរដ្ឋាភិបាលមានកាតព្វកិច្ចការពារ និងលើកស្ទួយសិទ្ធិសេរីភាពដ៏សំខាន់នេះ។ រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលនៃប្រទេស ក៏ធានាការពារនូវសិទ្ធិសេរីភាពក្នុងការសំដែងមតិយោបល់ដែរ។
ស្ថានទូតអាមេរិកនៅកម្ពុជាគាំទ្រការងារសង្គមស៊ីវិលនៅកម្ពុជា
ទាក់ទងនឹងការប្ដឹងលោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យពីបទបរិហារកេរ្តិ៍នេះដែរ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា អះអាងថា សហរដ្ឋអាមេរិក គាំទ្រយ៉ាងខ្លាំងចំពោះការងាររបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។
ក្នុងទំព័រហ្វេសប៊ុក (Facebook) របស់ស្ថានទូតអាមេរិក ចុះកាលពីថ្ងៃទី២៥ ខែមេសា បញ្ជាក់ថា អង្គការសង្គមស៊ីវិលមានតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយសិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងសិទ្ធិសេរីភាពជាសកល។ កម្ពុជា មានសំណាងដោយមានអង្គការសង្គមស៊ីវិលរឹងប៉ឹង និងរស់រវើក ដែលដឹកនាំដោយប្រធានអង្គការមួយចំនួន ដូចជាប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ និងប្រធានអង្គការមួយចំនួន។
លោក អ៊ូ វីរៈ ជាមេដឹកនាំមួយក្នុងចំណោមមេដឹកនាំអង្គការសង្គមស៊ីវិលជាច្រើន ដែលបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ចន ឃែរី (John Kerry) ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា កាលពីខែមករា ឆ្នាំ២០១៦៕