តុលាការ​សម្រេច​បន្ត​នីតិវិធី​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​ និង​មន្ត្រី​ គ.ជ.ប ៦​ខែ​ទៀត

ដោយ រ៉ាន់ សំណាង
2017.04.27
អាដហុក ២០១៧ ៨៥៥ មន្ត្រី​សមាគម​អាដហុក (ADHOC) ៣​រូប (ពី​ឆ្វេង​ក្នុង​ឯកសណ្ឋាន​ពណ៌​ទឹកក្រូច) គឺ​លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត ពេល​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា សម្រេច​​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ក្នុង​ម្នាក់ៗ ៦​ខែ​បន្ថែម​ទៀត ក្រោយ​ពី​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​អស់​រយៈពេល ១​ឆ្នាំ​មក​ហើយ​នោះ។ មេធាវី​ការពារ​ក្ដី​អ្នក​ជាប់​ឃុំ​ទាំង​៥ ថា​នេះ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ក្នុង​ថ្ងៃ​ដដែល​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​៥ ផង​ដែរ។

ការ​បន្ត​​ឃុំ​ខ្លួន​មន្ត្រី​សមាគម​អាហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប ១​រូប លើក​ចុង​ក្រោយ​បន្ថែម ៦​ខែ​ទៀត​នេះ គឺ​ធ្វើ​ឡើង​ក្នុង​សវនាការ​មុន​អង្គ​សេចក្ដី ដោយ​ចៅក្រម​ស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ សំអាង​ថា ដើម្បី​សាកសួរ​សាក្សី និង​ស្វែង​រក​ភស្តុតាង​បន្ថែម​ទៀត​ ខណៈ​ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា ​សំណុំ​រឿង​នេះ​ជា​រឿង​នយោបាយ។

ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ និង​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​គុក​ព្រៃ​ស​វិញ ប្រធាន​ស៊ើប​អង្កេត​ផែ្នក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា ​ថ្លែង​ថា លោក​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​សម្រេច​នេះ​ទេ ព្រោះ​លោក​ដឹង​ថា នេះ​ជា​រឿង​នយោបាយ«ហ្នឹង​គ្រាន់​តែ​ជា​ការ​បំពេញ​នីតិវិធី​ក្នុង​ការ​ឃុំ​ខ្លួន​បន្ត​ទេ ហើយ​យើង​មិន​បាច់​យល់​អី​ច្រើន​ទេ តុលាការ​ស្រុក​ខ្មែរ​គ្មាន​ម្ចាស់​ខ្លួន​ឯង​ទេ។ នេះ​ជា​ការ​សម្រេច​មួយ​តាម​តេឡេ​កុម្ម៉ង់។ វា​អត់​មាន​អី​ចម្លែក»

​កូន​ប្រុស​របស់​លោក នី សុខា គឺ​យុវជន នី ចាន់សេដ្ឋា យល់​ឃើញ​ដូច​ឪពុក​របស់​គេ​ថា គ្មាន​អ្វី​ចម្លែក​ទេ និង​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ថា​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ឪពុក​របស់​គេ​បាន«តុលាការ​ស្រុក​ខ្មែរ​រឿង​បន្ត​ឃុំ​ខ្លួន ព្រោះ ៦​ខែ​មុន និង ៦​ខែ​នេះ វា​អត់​មាន​អី​ខុស​គ្នា​ទេ កូពី (copy) ពី​អា​មុន ហើយ​ផាស (paste) មក​ឥឡូវ​ទេ។ វា​គ្រាន់​តែ​ដូរ​ថ្ងៃ​ខែ​ពី ៦​ខែ​មុន​មក ៦​ខែ​នេះ​ទេ។ អ៊ីចឹង វា​អត់​មាន​អី​ចម្លែក​ទេ​បង។ យើង​នៅ​តែ​មាន​អារម្មណ៍​ថា សោកស្ដាយ​ដែរ ប៉ុន្តែ​គ្រាន់​ថា​យើង​អត់​បាន​ជួយ​អី​បាន​ចឹង​ណា៎! មាន​តែ​ចាំ​មើល ៦​ខែ​ទៀត​តែ​ប៉ុណ្ណឹង»

លោក​មេធាវី សំ សុគង់ ថ្លែង​ថា ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​កូន​ក្ដី​លោក ៦​ខែ​ហើយ​៦​ខែ​ទៀត​នេះ គឺ​រំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ​ត្រង់​មាត្រា​១៤ ក្នុង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ចែង​ថា​ ជន​ត្រូវ​ចោទ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​គ្មាន​បង្អង់​ពេល។ មេធាវី​​ការពារ​ក្ដី​លោក នី ចរិយា រូប​នេះ​ពន្យល់​ថា ការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​អាច​ធ្វើ​ទៅ​បាន លុះ​ត្រាតែ​សំណុំរឿង​នោះ​មាន​ភាព​ស្មុគស្មាញ​ច្រើន ​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ និង​មាន​ឧបសគ្គ​ច្រើន​ដែល​រាំង​ស្ទះ​ក្នុង​ការ​ស៊ើបអង្កេត​រក​ភស្តុតាង។ ចំណែក​រឿង​ដែល​តុលាការ​ចោទ​អ្នក​ទាំង ៥​រូប ​ថា​សម​គំនិត និង​សូក​ប៉ាន​សាក្សី​នេះ លោក​ សំ សុគង់ យល់​ថា គ្មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ស្វែង​ភស្តុតាង​នោះ​ទេ«ក្រុម​មេធាវី​យល់​ឃើញ​ថា ការ​បន្ត​ឃុំ​ខ្លួន​របស់​លោក នី ចរិយា ដូចជា​មន្ត្រី​អាដហុក ៤​រូប​ទៀត​ហ្នឹង ដូចជា​មិន​ការ​ចាំបាច់​ទេ ដោយសារ​រយៈពេល​ឃុំ​ខ្លួន​ពួក​គាត់​រយៈពេល ១២​ខែ​ពេញ ១​ឆ្នាំ​ហើយ។ ការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ គ្រាន់​តែ​សម្រាប់​សវនាការ មិន​មែន​ជា​រឿង​មួយ​ល្អ​ដែរ វា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ការ​រំលោភ​សិទ្ធិ​របស់​ជន​ជាប់​ចោទ ជាពិសេស​គឺ​សិទ្ធិ​របស់​ជន​ជាប់​ចោទ គឺ​ត្រូវ​បាន​ទទួល​ការ​កាត់​ក្ដី​មួយ​ឲ្យ​បាន​ឆាប់​រហ័ស មិន​អាច​យក​មនុស្ស​មក​ឃុំ​ដើម្បី​តែ​សវនាការ​នោះ​ទេ»

ចំណែក​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក ៤​រូប​វិញ គឺ​លោក ឡោ ជុនធី ថ្លែង​ថា លោក​មិន​ទាន់​ដឹង​ថា តើ​នីតិវិធី​របស់​តុលាការ​អាច​នឹង​បិទ​បញ្ចប់​ការ​ឃុំ​ខ្លួន​ក្នុង​ពេល​ណា​នោះ​ទេ«គេ​នៅ​តែ​បន្ត​នីតិវិធី​ពាក់ព័ន្ធ​សាក្សី​មួយ​ចំនួន​ដែរ​ថា មិន​បាន​សួរ​មិន​បាន​ចប់​សព្វគ្រប់ ប៉ុន្តែ​គំនិត​របស់​លោក​ចៅក្រម ថា​អាច​នឹង​ឈាន​ទៅ​ដល់​ការ​បិទ​ហើយ។ បិទ​បាន​ន័យ​ថា បិទ​បញ្ចប់​ការ​ស៊ើបសួរ។ គាត់​ថា​អាច​រក​ពេលវេលា​រក​នីតិវិធី​ហ្នឹង វា​អត់​បាន​គ្រប់គ្រាន់។ និយាយ​ឲ្យ​ចំ វា​ពាក់ព័ន្ធ​នឹង​ដីកា​ដំណោះស្រាយ​ទេ។ វា​មាន​ផ្លូវ​ពីរ។ ផ្លូវ​ទី​១ វា​អាច​ថា​លើកលែង​ចោទ​ប្រកាន់។ ផ្លូវ​ទី​២ អាច​បញ្ជូន​ទៅ​ជំនុំ​ជម្រះ ហើយ​មក​ដល់​ពេល​នេះ យើង​អត់​ដឹង​ថា​ជំហរ​យ៉ាង​ម៉េច​ទេ»

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​មេធាវី​ការ​ពារ​ក្ដី​ឲ្យ​អ្នក​ទាំង ៥​រូប​ថា នឹង​ប្ដឹង​ទាស់​ការ​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​របស់​សាលាដំបូង​នេះ​លើក​ចុង​ក្រោយ​នេះ​ទៅ​សាលាឧទ្ធរណ៍​ ដោយ​ចាត់​ទុក​ថា​ ជា​ការ​អនុវត្ត​ខុស​នីតិវិធី។

គិត​មក​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​មេសា មន្ត្រី​សមាគម​អាដហុក ៤​រូប គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី រួម​នឹង​មន្ត្រី​ គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល ​១​ឆ្នាំ​​ហើយ។

ក្នុង​ថ្ងៃ​ដដែល​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​៥។ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំង​៥ ថា ជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង បំភ័យ និង​បំបិទ​មាត់​អ្នក​ការពារ​សិទ្ធិមនុស្ស។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា តុលាការ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ដើម្បី​គាប​សង្កត់​សង្គម​ស៊ីវិល។ លោក​ថា លុយ​រាប់​លាន​ដុល្លារ​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​កម្ពុជា សម្រាប់​បម្រើ​ដល់​ការ​បណ្ដុះបណ្ដាល ប៉ុន្តែ​វា​ជា​ការ​ឥតប្រយោជន៍​ដោយសារ​ថា តុលាការ​នៅ​តែ​ជា​ឧបករណ៍​នៃ​ភាព​អយុត្តិធម៌។

លោក ប្រ៊ែដ អាដាម អំពាវនាវ​ដល់​ប្រទេស​ម្ចាស់​ជំនួយ​ទាំង​អស់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​អ្នក​ជាប់​ឃុំ​ទាំង​៥។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ អ្នក​ទាំង ៥​រូប ត្រូវ​បាន​ជ្រើស​រើស​ជាប់​ជា​បេក្ខជន​ផ្ដាច់ព្រ័ត្រ​សម្រាប់​ទទួល​ពាន​រង្វាន់​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០១៧ ឈ្មោះ​ថា ពាន​រង្វាន់ ម៉ាទីន អេណលស៍ (Martin Ennals) ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ផ្ដល់​ពាន​រង្វាន់​ជា​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន ១០ ក្នុង​ពិភពលោក។ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ថ្លែង​សាទរ​ចំពោះ​ព័ត៌មាន​នេះ ហើយ​មាន​សុទិដ្ឋិនិយម​ថា មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ទាំង ៥​រូប​នេះ នឹង​ទទួល​បាន​ពាន​រង្វាន់​នេះ។

ពាន​រង្វាន់​ធំ​នៃ​ចលនា​សិទ្ធិមនុស្ស​អន្តរជាតិ គឺ​ពាន​រង្វាន់ ម៉ាទីន អ៊ែនណល ដែល​ជា​កិច្ច​សហប្រតិបត្តិការ​ដោយ​ឡែក​មួយ​ក្នុង​ចំណោម​អង្គការ​សិទ្ធិមនុស្ស​ឈាន​មុខ​នៅ​លើ​ពិភពលោក​ចំនួន ១០ ដើម្បី​ផ្ដល់​ការ​ការពារ​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក។

ពិធី​ប្រគល់​ពានរង្វាន់ ម៉ាទីន អ៊ែនណល នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស ​ស្វីស។ គណៈវិនិច្ឆ័យ​សម្រាប់​ការ​ប្រគល់​ពាន​រង្វាន់​នេះ រួម​មាន​សមាសភាព​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ដូចជា អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) អង្គការ​សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) និង​អង្គការ​ប្រឆាំង​ទារុណកម្ម​ពិភពលោក​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។