អ្នក​កាសែត​និង​បុគ្គលិក​អង្គការ​បរិស្ថាន​​ត្រូវ​ឃាត់​ខ្លួន​រឿង​តាមដាន​ការ​កាប់​​ព្រៃឈើ

0:00 / 0:00

ប៉ូលិស​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​ចាប់​ខ្លួន​អ្នក​កាសែត "ឆន្ទៈ​កូន​ខ្មែរ" ម្នាក់ និង​បុគ្គលិក​របស់​អង្គការ​អភិរក្ស​ជលផល ការពារ​បរិស្ថាន និង​សត្វព្រៃ​ម្នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​ឧសភា។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា កន្លង​ទៅ ប៉ូលិស​ស្រុក​គូលែន បាន​ឃាត់​ខ្លួន​អ្នក​កាសែត ៧​នាក់​ទៅ​សាកសួរ​ពី​បទ​តាម​ទារ​លុយ​ពី​ពលរដ្ឋ​បរ​រទេះគោ​ដឹក​ឈើ ព្រមទាំង​ចាប់​ខ្លួន​អ្នក​កាសែត "កម្ពុជា​មែន" ម្នាក់​ទៅ​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ម្ដង​មក​ហើយ។

អ្នក​គ្រប់គ្រង​សារព័ត៌មាន "ឆន្ទៈ​កូន​ខ្មែរ" អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​យក​ព័ត៌មាន​របស់​គេ​ម្នាក់ ព្រម​ទាំង​បុគ្គលិក​អង្គការ​អភិរក្ស​ជលផល បរិស្ថាន និង​សត្វព្រៃ​ម្នាក់​ទៀត ដែល​សមត្ថកិច្ច​កំពុង​ចាប់​ឃាត់​ខ្លួន​នៅ​ឯ​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន។

ការ​អំពាវនាវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត "ឆន្ទៈ​កូន​ខ្មែរ" ម្នាក់ ឈ្មោះ គង់ គីម និង​បុគ្គលិក​អង្គការ​អភិរក្ស​ជលផល បរិស្ថាន និង​សត្វព្រៃ​ម្នាក់ ឈ្មោះ កែវ អ៊ីម ត្រូវ​មនុស្ស​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​កូម៉ូលី ចាប់​ខ្លួន​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ចាត់ការ​បន្ត​មក។

ចាងហ្វាង​ការ​ផ្សាយ​នៃ​សារព័ត៌មាន "ឆន្ទៈ​កូន​ខ្មែរ" គឺ​លោក កន ដារ៉ាហ៊ុល។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​ឧសភា ថា បុគ្គលិក​របស់​លោក​ម្នាក់ និង​បុគ្គលិក​អង្គការ​អភិរក្ស​ជលផល បរិស្ថាន និង​សត្វព្រៃ​ម្នាក់​នោះ បាន​ចូល​ទៅ​តំបន់​ព្រៃ​សហគមន៍​ឃុំ​គូលែន ខាង​ជើង ដើម្បី​ពិនិត្យ​មើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ កូម៉ូលី ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ។ ពេល​ទៅ​ដល់​ទី​នោះ អ្នក​យក​ព័ត៌មាន​របស់​លោក ព្រមទាំង​បុគ្គលិក​អង្គការ​អភិរក្ស​ជលផល​ជា​ច្រើន​នាក់ បាន​ឃើញ​រថយន្ត​ធំៗ របស់​ក្រុមហ៊ុន កូម៉ូលី កាប់​និង​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​ធំៗ​យក​ចេញ​ពី​ព្រៃ។ ក្រុម​របស់​លោក​ក៏​ជិះ​តាម​ឡាន​ដឹក​ឈើ​នោះ ដើម្បី​រក​កន្លែង​ដែល​ក្រុមហ៊ុន​ស្ដុក​ឈើ៖ «ពេល​ចូល​មក​ដល់​កន្លែង​ក្រុមហ៊ុន កូម៉ូលី ក៏​មក​ថត​ពី​ខាង​ក្រៅ​ក្រុមហ៊ុន ហើយ​ក៏​ពួក​ក្រុមហ៊ុន​ព័ទ្ធ​ចាប់ ២​នាក់​ហ្នឹង ដក​កាមេរ៉ា ដក​ទូរស័ព្ទ​អី​អស់»

លោក រ៉ាហ៊ុល បញ្ជាក់​ថា មនុស្ស​របស់​ក្រុមហ៊ុន កូម៉ូលី បាន​ចាប់​ខ្លួន​អ្នក​យក​ព័ត៌មាន​របស់​លោក​ទុក​ជា​ច្រើន​ម៉ោង តាំង​ពី​ម៉ោង​ជាង ៥​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ឧសភា រហូត​ដល់​ម៉ោង​ជាង ៨​យប់ ទើប​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​គូលែន។

ទោះជា​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​នគរបាល​ស្រុក​គូលែន លោក ឡាញ់លី សៀវឡេង ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ផ្ទួនៗ នៅ​តំបន់​នោះ​បាន​ថា យ៉ាង​ណា​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា កន្លង​ទៅ អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន បាន​ឃាត់​ខ្លួន​អ្នក​កាសែត ៧​នាក់​ទៅ​សាកសួរ​ពី​បទ​គំរាម​ទារ​ប្រាក់​ពី​ពលរដ្ឋ​តាម​រទេះ​ដឹក​ឈើ ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឱ្យ​តុលាការ​ខេត្ត​កំពង់ឆ្នាំង។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ម្នាក់ និង​គលិក​អង្គការ​អភិរក្ស​ម្នាក់ ដោយសារ​តែ​ការ​តាម​ថត​សកម្មភាព​កាប់​ឈើ​នោះ។ លោក​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឯកជន​១ មិន​មាន​សិទ្ធិ​ចាប់​ខ្លួន​អ្នក​កាសែត​ដែល​កំពុង​បំពេញ​ការងារ​ការពារ​ព្រៃឈើ​ទេ៖ «អ្នក​កាសែត​គាត់​គ្រាន់តែ​បាន​ថត ហើយ​ក្រុម​ឯកជន​មួយ​មក​ចាប់​ឃាត់​ខ្លួន​អ្នក​កាសែត យើង​មិន​អាច​ទទួល​យក​បាន​ទេ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ក៏​ព្រួយ​បារម្ភ​ចំពោះ​ករណី​គំរាមកំហែង​ទៅ​លើ​អ្នក​កាសែត​ដែល​តាម​ថត​រូបភាព​បទល្មើស​ព្រៃឈើ​កាន់​តែ​ច្រើន​ឡើងៗ​នោះ​ដែរ។

ក្លឹប​អ្នក​កាសែត​កម្ពុជា ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៦ នេះ ការ​គំរាមកំហែង និង​ចាប់​ខ្លួន​អ្នក​កាសែត​បាន​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ។ របាយការណ៍​បង្ហាញ​ថា ក្នុង​រយៈពេល ១​ឆ្នាំ គឺ​មាន​ការ​ចាប់​ខ្លួន​អ្នក​កាសែត ១៩​ករណី ការ​ប្ដឹង​អ្នក​កាសែត ៤​ករណី និង​ការ​គំរាមកំហែង​ទៅ​លើ​អ្នក​កាសែត​ចំនួន ២០​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។