សាលា​ឧទ្ធរណ៍​រក្សា​ការ​ឃុំ​ខ្លួន​អតីត​ព្រះសង្ឃ​បង្ហោះ​ហ្វេសប៊ុក​កាន់​កាំភ្លើង​ជ័រ​បន្ត​ទៀត

ដោយ យ៉ង ចាន់តារា
2017-08-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​មេធាវី ជូង ជូងី ថ្លែង​នៅ​មុខ​សាលាឧទ្ធរណ៍ ពេល​ការពារ​សំណុំ​រឿង​អតីត​ព្រះសង្ឃ ហន សុផាន្នី នៅ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៧។
លោក​មេធាវី ជូង ជូងី ថ្លែង​នៅ​មុខ​សាលាឧទ្ធរណ៍ ពេល​ការពារ​សំណុំ​រឿង​អតីត​ព្រះសង្ឃ ហន សុផាន្នី នៅ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Yang Chandara

សាលា​ឧទ្ធរណ៍​រក្សា​ការ​ឃុំ​ខ្លួន​អតីត​ព្រះសង្ឃ ហន សុផាន្នី ជា​បន្ត​ទៅ​ទៀត ដោយ​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី ជូង ជូងី។ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ ធ្វើ​ឡើង​ក្នុង​សវនាការ​អសាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា។

មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​ព្រះសង្ឃ ហន សុផាន្នី លោក ជូង ជូងី ថ្លែង​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ថា ការ​មិន​ដោះលែង​ឲ្យ​កូន​ក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​នេះ គឺ​ដោយសារ​សាលា​ឧទ្ធរណ៍​ខ្លាច​បង្ក​ការ​លំបាក​ដល់​ការ​ស៊ើប​អង្កេត និង​ដើម្បី​រក្សា​កូន​ក្តី​របស់​លោក ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី។

លោក​មេធាវី ជូង ជូងី សោកស្តាយ​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ព្រោះ​លោក​បាន​លើក​អំណះអំណាង​ជាច្រើន​ដើម្បី​បញ្ជាក់​ថា កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ តែ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​នៅ​តែ​មិន​ព្រម​ដោះលែង​កូន​ក្តី​របស់​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​ដដែល៖ «ការ​សម្រេច​បែប​នេះ គឺ​ផ្តល់​ភាព​អយុត្តិធម៌​ខ្លាំង​ដល់​លោក ហន សុផាន្នី ហើយ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណាត់ការ​មិន​ល្អ​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ស្រុក​ខ្មែរ​យើង ពីព្រោះ​ការ​កាន់​អាវុធ​ជ័រ ច្បាប់​មិន​បាន​ហាមឃាត់​ទេ។ ហើយ​ចំពោះ​ដាវ និង​កាំបិត​ដែល​លោក​កាន់​ឈរ​ថត​នោះ ក៏​មិន​មែន​ជា​បទល្មើស​ដែរ ព្រោះ​ច្បាប់​អត់​មាន​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាន់​ដាវ​ឯណា

លោក​សង្កត់​ធ្ងន់​ថា ច្បាប់​មិន​បាន​ហាមឃាត់​ការ​កាន់​កាំភ្លើង​ជ័រ និង​ដាវ​នោះ​ទេ ដូច្នេះ​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក គឺ​ជា​ការ​អនុវត្ត​ច្បាប់ និង​ប្រើប្រាស់​អំណាច​តុលាការ​ទាំង​បំពាន។

អតីត​ព្រះសង្ឃ ហន សុផាន្នី ដែល​ជា​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ចាប់​ផ្សឹក​ដោយ​ប្រញាប់ប្រញាល់​កាល​ពី​អំឡុង​ខែ​មិថុនា កន្លង​ទៅ ដោយ​ចោទ​ព្រះអង្គ​ថា​បាន​លាក់​ទុក​អាវុធ​ខុស​ច្បាប់។

អតីត​ព្រះសង្ឃ​អង្គ​នេះ​ត្រូវ​បាន​តុលាការ​ខេត្ត​បាត់ដំបង បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ពីរ​ករណី គឺ​ទី​១ ពី​បទ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ទី​២ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩០ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ​ខេត្ត​បាត់ដំបង នេះ ត្រូវ​បាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន។

ពេល​នោះ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​ដឹកនាំ​សមាជិក​របស់​ព្រះអង្គ​ប្រមាណ ៣០​អង្គ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​បាត់ដំបង ដោះលែង​ព្រះសង្ឃ ហន សុផាន្នី វិញ។

ការ​ចាប់​ឃុំ​ខ្លួន​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដោយ​ក្រុម​អាជ្ញាធរ​នេះ គឺ​ដោយសារ​តែ​អតីត​ព្រះសង្ឃ ហន សុផាន្នី បាន​បង្ហោះ​រូប​កាន់​កាំភ្លើង​ជ័រ និង​ដាវ​ក្នុង​ហ្វេសប៊ុក (facebook) រួម​នឹង​សំណេរ​ថា ហាត់​បាញ់​កាំភ្លើង​ដើម្បី​រក្សា​លទ្ធផល​បោះឆ្នោត។

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ណុប វន្នី ដែល​បាន​តាមដាន​ករណី​នេះ មាន​ព្រះ​ថេរ​ដីកា​ថា ការ​ចាប់​ឃុំ​ខ្លួន​អតីត​ព្រះសង្ឃ ហន សុផាន្នី គឺ​ការ​អនុវត្ត​ខុស​នីតិវិធី និង​ជា​រឿង​អយុត្តិធម៌។

ព្រះអង្គ​បន្ត​ថា ទង្វើ​របស់​អតីត​ព្រះសង្ឃ ហន សុផាន្នី អាច​ត្រឹម​ជា​ការ​សារភាព​កំហុស​នៅ​ចំពោះ​មុខ​មន្ត្រី​សង្ឃ​ប៉ុណ្ណោះ មិន​មែន​ត្រូវ​ចាប់​ផ្សឹក និង​ដាក់​ពន្ធនាគារ​បែប​នេះ​ឡើយ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា តុលាការ​គួរ​តែ​ដោះលែង​អតីត​ព្រះសង្ឃ ហន សុផាន្នី ឲ្យ​មាន​សេរីភាព​វិញ៖ «ប្រហែល​ជា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើន​ជាង ព្រោះ​អាច​គេ​ចង់​បំបាក់​កម្លាំង​ព្រះសង្ឃ​កុំ​ឲ្យ​ចូលរួម​សង្កេតការណ៍​ឃោសនា​បោះឆ្នោត ២០១៨ ក៏​មិន​ដឹង! ព្រោះ​កាល​លោក​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន ព្រះអង្គ​គឺ​ជា​ក្រុម​ការងារ​សម្របសម្រួល​ការ​បោះឆ្នោត​នៅ​សង្កាត់​អូរចារ។ បើ​គេ​ចាប់​លោក​រឿង​លេង​កាំភ្លើង​ជ័រ គឺ​ចប់​ហើយ​ហ្នឹង ចប់​តាំង​ពី​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​មុន​បោះឆ្នោត ដោយ​ព្រះអង្គ​ត្រូវ​បាន​ហៅ​ទៅ​ព្រមាន​នៅ​មុខ​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត ដោយ​មាន​កិច្ចសន្យា​រួច​ស្រេច​ទៅ​ហើយ មិន​មាន​ពាក់ព័ន្ធ​រឿង​ហ្នឹង​ទៀត​ទេ»

អតីត​ព្រះសង្ឃ ហន សុផាន្នី មាន​ព្រះជន្ម ២៤​វស្សា មាន​ស្រុក​កំណើត​នៅ​ខេត្ត​ក្រចេះ និង​សាង​ផ្នួស​បាន​ជិត ១០​វស្សា។ មុន​ការ​ចាប់​ផ្សឹក និង​បញ្ជូន​ទៅ​ពន្ធនាគារ ព្រះសង្ឃ ហន សុផាន្នី កំពុង​គង់​នៅ​វត្ត​ដំរីស ក្នុង​ក្រុង​បាត់ដំបង ដើម្បី​សិក្សា​រៀនសូត្រ។

មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​ព្រះសង្ឃ ហន សុផាន្នី លោក ជូង ជូងី បញ្ជាក់​ថា លោក​នឹង​រៀបចំ​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ជា​បន្ត​ទៀត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល