កិច្ច​ពិភាក្សា​នៅ​ព្រៃវែង​អំពី​នីតិវិធី​សួរ​ចម្លើយ​ជន​សង្ស័យ​ជៀសវាង​ប្រើ​ហិង្សា

ដោយ ហ៊ុំ ចំរើន
2014.08.09
វេទិកា​ច្បាប់ ព្រៃវែង ៦២០ វេទិកា​តុ​មូល​រៀប​ចំ​ដោយ​អង្គការ​ស្ពាន​យុត្តិធម៌​អន្តរជាតិ​ស្ដីពី​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ និង​ក្រម​ព្រហ្មទណ្ឌ នា​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។
RFA/Hum Chamroeun

អង្គការ​ស្ពាន​យុត្តិធម៌​អន្តរជាតិ រៀបចំ​កិច្ច​ពិភាក្សា​តុ​មូល អំពី​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ និង​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​អាជ្ញាធរ​ធ្វើ​ការងារ​ពាក់ព័ន្ធ និង​វិស័យ​យុត្តិធម៌ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃវែង ចូលរួម​នា​ព្រឹក​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៤។

កម្មវិធី​នេះ មាន​គោល​បំណង​រក​ដំណោះស្រាយ​រួម​មួយ ជៀសវាង​ការ​ធ្វើ​ទារុណកម្ម​ណា​មួយ ដើម្បី​បាន​ចម្លើយ​ពី​ជន​សង្ស័យ និង​បញ្ចៀស​ដាក់​ទោស​លើ​ជន​សង្ស័យ​ដែល​គ្មាន​កំហុស។

ក្នុង​វេទិកា​ដែល​រៀបចំ​ឡើង​ប្រមាណ​ជាង ៣​ម៉ោង​នោះ អ្នក​សម្រប​សម្រួល​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​លើក​ជា​បញ្ហា​ក្នុង​អង្គ​ពិធី ដាក់​ឲ្យ​វាគ្មិន​បកស្រាយ ពន្យល់​អំពី​នីតិវិធី​រក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់។

អ្នក​ចូលរួម​ជា​មេធាវី​នៅ​ខេត្ត​ព្រៃវែង ម្នាក់ គឺ​លោក ប្រាក់ ភិន លើក​ឡើង​ក្នុង​ពិធី​នោះ​ថា មាន​ករណី​មួយ​បាន​កើត​ឡើង​ក្នុង​ខេត្ត​ព្រៃវែង កាល​ពី​ពេល​កន្លង​ទៅ ដែល​កាល​ណោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​រាយការណ៍​ថា មាន​ជម្លោះ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​នៅ​ស្រុក​កំពង់រោទិ៍ ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទៅ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់។ លោក​ថា ភ្លាម​នោះ​អាជ្ញាធរ​ប៉ូលិស​បញ្ជូន​កម្លាំង​ជំនាញ​ជាច្រើន​នាក់ ចុះ​ដល់​កន្លែង​កើត​ហេតុ ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ ហើយ​ពេល​នោះ អាជ្ញាធរ​ចាប់​មនុស្ស​ច្រឡំ​ដោយ​ថា ជន​រងគ្រោះ​ជា​ជន​សង្ស័យ យក​ទៅ​សួរ​ចម្លើយ រហូត​ក្លាយ​ទៅ​ជា​អ្នក​ទោស។ ចំណែក​ឯ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស រត់​រួច​ខ្លួន​បាត់។ លោក​សួរ​ថា តើ​គួរ​ដោះស្រាយ​យ៉ាង​ណា​ទៅ​លើ​បញ្ហា​ដែល​កើត​ឡើង​នោះ?៖ «អង្គ​ហេតុ​ដែល​ស្រាវជ្រាវ​រក​ឃើញ​ក៏​វា​ស៊ី​ចង្វាក់​គ្នា ដូច​គ្នា​លោក​ចៅក្រម​ស្រាវជ្រាវ ប៉ុន្តែ​យើង​ដោះស្រាយ​យ៉ាង​ម៉េច ដោះស្រាយ​ម៉េច​រួច បើ​គាត់​ថា​នៅ​ស្មុគស្មាញៗ។ ប៉ុន្តែ​ជាក់ស្ដែង ដឹង​អា​មួយ​ដេក​ស្រវឹង មាន​សាក្សី​បំភ្លឺ​ម៉ែឪ​គេ​ប្រពន្ធ​កូន​គេ ហើយ​អា​អ្នក​ផឹក​ជាមួយ​នៅ​នឹង​ផ្ទះ​ណោះ ក៏​ទៅ​ចាប់​ដោយ​អា​នោះ​ដែរ»

ទាក់ទង​នឹង​បញ្ហា​នេះ វាគ្មិន​ក្នុង​អង្គ​ពិធី រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក ហ៊ី សោភា មាន​ប្រសាសន៍​បញ្ជាក់​ថា បញ្ហា​នេះ​លោក​ពុំ​បាន​ចង្អុល​បង្ហាញ​ថា ជា​កំហុស​របស់​អង្គភាព​ណា​មួយ​នោះ​ទេ ដោយ​ពន្យល់​ថា បញ្ហា​សំខាន់​ថា​យ៉ាង​នោះ ត្រូវ​ស៊ើប​អង្កេត​រក​មុខ​សញ្ញា​នៃ​បទល្មើស តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​បុគ្គល៖ «ដូច្នេះ យើង​ត្រូវ​មើល​ថា ហេតុការណ៍​ហ្នឹង​កើត​ឡើង​វា​មាន​សញ្ញា​ហ្នឹង​ដែរ​អត់? បើ​វា​មាន​សញ្ញា​ហ្នឹង ទើប​គេ​ចាប់​ផ្ដើម​ធ្វើ​ការ​ស្រាវជ្រាវ ដោយ​ធ្វើ​ការ​ប្រមូល​នូវ​ភស្តុតាង។ ជាទូទៅ បទល្មើស​មួយ​ដែល​កើត​ឡើង​នៅ​ពេល​ដែល​អាជ្ញាធរ​ធ្វើ​កិច្ចការ​របស់​ខ្លួន ដោយ​វាយ​តម្លៃ​ទៅ​លើ​អង្គ​ហេតុ​មួយ​នោះ ថា​វា​មាន​សញ្ញា​បទល្មើស បទល្មើស​ហ្នឹង​ក្លាយ​ទៅ​ជា​បទល្មើស​ហេតុការណ៍​ដែល​កើត​ពី​អតីត​កាល»

វេទិកា​តុ​មូល​នេះ ក្នុង​បំណង​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​មន្ត្រី​អ្នក​អនុវត្តន៍​ច្បាប់​ខ្វះ​ចន្លោះ ឬ​មិន​ទាន់​យល់​ពី​អត្ថន័យ​ច្បាស់ ពាក់ព័ន្ធ​ទៅ​នឹង​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ និង​ក្រម​ព្រហ្មទណ្ឌ។

ប្រធាន​អង្គការ​ស្ពាន​យុត្តិធម៌​អន្តរជាតិ លោក អ៊ុក វណ្ណដេត មាន​ប្រសាសន៍​ថា ការ​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​លុប​បំបាត់​ការ​ធ្វើ​ទារុណកម្ម​យក​ចម្លើយ​ដោយ​បង្ខំ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ទៅ​លើ​ជន​សង្ស័យ​ដែល​តែង​កើត​មាន​ក្នុង​សង្គម​បច្ចុប្បន្ន៖ «បញ្ហា គឺ​ជា​បញ្ហា​ទូទៅ យើង​ឃើញ​ថា នៅ​ក្នុង​តុលាការ តុលាការ​តែង​យក​ចម្លើយ​សារភាព​ដែល​បាន​មក​ខាង​មន្ត្រី​នគរបាល​ធ្វើ​ជា​ភស្តុតាង ក្នុង​ការ​សម្រេច​សេចក្ដី។ ទាំង​នេះ​ហើយ ដែល​ជា​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​ស្វែងរក​យុទ្ធសាស្ត្រ ឬ​ក៏​ផែនការ​ណា​មួយ ដើម្បី​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​មន្ត្រី​នគរបាល​ឈប់​ប្រើប្រាស់​វិធានការ​បង្ខិតបង្ខំ​យក​ចម្លើយ»

លោក​បន្ត​ថា តាម​ការស្រាវជ្រាវ​កន្លង​មក​បង្ហាញ​ថា មន្ត្រី​ពាក់ព័ន្ធ​បន្ទាប់​ពី​ចូលរួម​ក្នុង​វេទិកា​តុ​មូល ហើយ​បាន​យល់​អំពី​គោល​នយោបាយ​ពី​ការ​សួរ​ចម្លើយ​លើ​ជន​សង្ស័យ ហើយ​ងាក​មក​សិក្សា​រិះរក​វិធី​ដោះស្រាយ​ដោយ​សន្តិ។

កម្មវិធី​បែប​នេះ រៀបចំ​ឡើង​នៅ​៩​ខេត្ត ដែល​រក​ឃើញ​ថា​មាន​បញ្ហា​ពី​ការ​ធ្វើ​ទារុណកម្ម​យក​ចម្លើយ​ជន​សង្ស័យ​ច្រើន​ជាង​គេ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។