មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ថា​នឹង​ចាត់​វិធានការ​ទៅ​លើ CCHR ករណី​របាយការណ៍​វិភាគ​ផ្លូវ​ច្បាប់

ដោយ ប្រាជ្ញ ចេវ
2016.06.23
ផៃ ស៊ីផាន ២០១៦ ៨៥៥ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​បញ្ចេញ​របាយការណ៍​វិភាគ​ផ្លូវ​ច្បាប់​មួយ​បង្ហាញ​ថា តុលាការ​ខេត្ត​កោះកុង គ្មាន​ភស្តុតាង​ស៊ី​សង្វាក់​ក្នុង​ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន ៣​រូប​នៃ​អង្គការ​មាតា​ធម្មជាតិ​ដែល​កំពុង​ជាប់​ឃុំ និង​ការ​ចោទ​ប្រកាន់​ស្ថាបនិក​នៃ​អង្គការ​នេះ​ដែល​កំពុង​នៅ​ក្រៅ​ស្រុក។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ការ​រក​ឃើញ​នេះ និង​ព្រមាន​ចាត់​វិធានការ​លើ​អង្គការ​សង្គម​ស៊ីវិល​មួយ​នេះ។

គិត​មក​ទល់​ពេល​នេះ ១០​ខែ​ហើយ​ដែល​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង ត្រូវ​ជាប់​ឃុំ​បណ្ដោះអាសន្ន​ដោយ​មិន​ទាន់​បាន​ជំនុំ​ជម្រះ។

ពួក​គេ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥។ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា តុលាការ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​ពួក​គេ។ សាលា​ដំបូង​ខេត្ត​កោះកុង នឹង​ជំនុំ​ជម្រះ​ក្តី​អ្នក​ទាំង​បី​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ខាង​មុខ។

លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ថា​ការ​ចោទ​ប្រកាន់​នេះ​ជា​បទ​មជ្ឈិម។ ដូច្នេះ តុលាការ​អាច​ឃុំ​ជន​ជាប់​ចោទ​បណ្ដោះអាសន្ន​យ៉ាង​យូរ​បំផុត​រយៈពេល ៨​ខែ៖ «ឃុំ​ខ្លួន​ម្ដង​៤ ម្ដង ៤​ខែ​ទៀត ប៉ុន្តែ​តុលាការ​ត្រូវ​រក​ឲ្យ​ឃើញ​ថា ខ្លួន​ជាប់​ជំពាក់ជំពិន​ស្មុគស្មាញ​ដល់​ខ្លួន​រួច ប៉ុន្តែ​គ្មាន​ហេតុ លិខិត​ស្នាម​បញ្ជាក់​ត្រឹមត្រូវ​ទេ តុលាការ​ធ្វើ​ខុស​នីតិវិធី​ហើយ»

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចុះ​ផ្សាយ​ថ្ងៃ​ទី​២១ ខែ​មិថុនា បង្ហាញ​ថា សកម្មជន​ទាំង​បី​រូប​មិន​បាន​បង្ក​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ គំរាម​កំហែង ថា​នឹង​ដុត​សាឡង់​បូម​ខ្សាច់​ទេ។

តុលាការ​ខេត្ត​កោះកុង ចោទ​សកម្មជន​ការពារ​បរិស្ថាន​ទាំង​បី​រូប​ពី​បទ​គំរាម​កំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

ចំណែក​ស្ថាបនិក​នៃ​អង្គការ​នេះ គឺ​លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែល​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន បណ្ដេញ​ចេញ​មិន​ឲ្យ​នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នោះ ក៏​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ថា ជា​អ្នក​ផ្សំ​គំនិត​ទាក់ទង​ការ​ប្រព្រឹត្ត​របស់​ក្រុម​យុវជន។

អ្នក​សម្របសម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ឈុន លី បញ្ជាក់​បន្ថែម​លើ​ការ​វិភាគ​នេះ​ថា ការ​វិភាគ​នេះ​មិន​មែន​ជា​ការ​ជ្រៀតជ្រែក​លើ​កិច្ចការ​តុលាការ​ទេ។ ប៉ុន្តែ​ជា​ការ​សិក្សា​ស្រាវជ្រាវ​ទាំង​អង្គ​ហេតុ និង​អង្គ​ច្បាប់​នៃ​ការ​ប្រព្រឹត្ត​របស់​សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ ហើយ​បាន​រក​ឃើញ​ការ​ចោទ​របស់​តុលាការ​មិន​ត្រឹមត្រូវ។ អ្នកស្រី​រំពឹង​ថា តុលាការ និង​អ្នក​ពាក់ព័ន្ធ នឹង​ពិចារណា​ឡើង​វិញ​លើ​ការ​សម្រេច​របស់​ខ្លួន បន្ទាប់​ពី​បាន​ឃើញ​ការ​វិភាគ​នេះ៖ «ចំពោះ​យើង​នេះ​មិន​មែន​ជា​ការ​ជ្រៀតជ្រែក​លើ​កិច្ចការ​តុលាការ​ទេ សំខាន់​រឿង​នេះ​ជា​បញ្ហា​សិទ្ធិមនុស្ស ចង់​និយាយ​ថា ការ​ចោទ​ប្រកាន់​នេះ​មិន​សមស្រប​ទេ ដូច្នេះ​ទើប​យើង​វិភាគ​ឲ្យ​ដឹង​ថា រឿង​ហ្នឹង​ហើយ និង​បទ​ចោទ​នោះ​យ៉ាង​ម៉េច?»

ទោះ​បី​ជា​យ៉ាង​ណា​ក្តី អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា​ការ​វិភាគ​នេះ​ជា​ការ​រំលោភ​ច្បាប់។ លោក​ព្រមាន​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ក្នុង​ពេល​ណា​មួយ​ទៅ​លើ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា៖
«មិនមែន​យក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ជា​ផ្លាក ជា​មួក​មក​ពាក់ ហើយ​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​បាន​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ខន្តី ទុក​ឲ្យ​គេ​រៀន ទុក​គេ​យល់​ច្បាស់​ពី​ច្បាប់​ខ្មែរ ថ្ងៃ​ណា​មួយ​យើង​នឹង​ចាត់​វិធានការ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ព្រះរាជអាជ្ញា ឬ​ចៅក្រម​តុលាការ​ខេត្ត​កោះកុង ដែល​កាន់​សំណុំ​រឿង​នេះ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់ និង​ការ​ឃុំ​ខ្លួន​សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សង្កេត​ឃើញ​ថា លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង តែង​តែ​សម្របសម្រួល​ពលរដ្ឋ​ដែល​ប្រឆាំង​ការ​បូម​ខ្សាច់​មិន​ឲ្យ​ផ្ទុះ​ហិង្សា។ ចំណែក​លោក អាឡិកហាន់ដ្រូ ពេល​មាន​ការ​តវ៉ា លោក​ក៏​តែង​តែ​សរសេរ​នៅ​ហ្វេសប៊ុក (Facebook) ឲ្យ​អ្នក​ទាំង​នោះ​ដោះស្រាយ​ដោយ​រក្សា​ជំហរ​សន្តិវិធី។

ផ្ទុយ​ទៅ​វិញ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សង្កេត​ឃើញ​ថា ក្រុមហ៊ុន​បូម​ខ្សាច់ បាន​ជួល​មនុស្ស​មួយ​ក្រុម​ផ្សេង បន្លំ​ធ្វើ​អ្នក​ភូមិ​មក​តវ៉ា ដែល​បង្ក​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​បូម​ខ្សាច់។

របាយការណ៍​ដដែល​មិន​បាន​បង្ហាញ​ឈ្មោះ​សាក្សី​ទេ ប៉ុន្តែ​បញ្ជាក់​ថា សាក្សី​ភាគ​ច្រើន​និយាយ​ក្នុង​ពេល​ផ្ទុះ​ការ​ទាមទារ​ខ្លាំង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា និង​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥ អ្នក​ទាំង​បី​រូប​មិន​បាន​នៅ​ជុំ​គ្នា​នៅ​កន្លែង​កើត​ហេតុ​ទេ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន យល់​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល ឬ​អង្គការ​សង្គម ព្រោះ​ជន​ណា​ក៏​អាច​ធ្វើ​ការ​វិភាគ​លើ​ផ្លូវ​ច្បាប់​បាន​ដែរ។ ប៉ុន្តែ​លោក​ថា មាន​តែ​តុលាការ​ទេ​ដែល​ជា​អ្នក​មាន​សិទ្ធិ​សម្រេច៖​ «មាន​តែ​តុលាការ​ទេ ដែល​អាច​សម្រេច​ថា អ្នក​ណា​មាន​ទោស ឬ​ក៏​មិន​មាន ហើយ​ត្រូវ​ចោទ​ឬ​ក៏​មិន​ត្រូវ​ចោទ។ មូលដ្ឋាន​នៃ​ការ​ស្រាវជ្រាវ​របស់​គាត់​ហ្នឹង គឺ​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​តុលាការ​ទេ»

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន យល់​ថា ប្រសិន​បើ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា វិភាគ​ឃើញ​ថា សកម្មភាព​ការពារ​បរិស្ថាន​គ្មាន​ទោស គួរ​តែ​រក​មេធាវី​ការពារ​ក្តី​យក​ការ​វិភាគ​នេះ​ទុក​ប្រើ​តតាំង​ក្នុង​ដំណើរ​ក្តី​សំណុំ​រឿង​នេះ​ទើប​ជា​ការ​ល្អ។

ភរិយា​របស់​លោក ស៊ីម សំណាង គឺ​លោកស្រី ថា សុភា ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា ពេល​នេះ​លោកស្រី​កំពុង​ជួប​ការ​លំបាក​នៅ​ពេល​ស្វាមី​របស់​លោកស្រី​ជាប់​ឃុំ​ដូច​នេះ។ លោកស្រី​នៅ​តែ​អះអាង​ថា សកម្មភាព​ស្វាមី​របស់​លោកស្រី​ហាមឃាត់​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ មិន​មែន​ជា​សកម្មភាព​ល្មើស​ច្បាប់​ទេ ប៉ុន្តែ​ការ​ឃុំ​ខ្លួន​ស្វាមី​លោកស្រី​រយៈពេល ១០​ខែ មិន​ជំនុំ​ជម្រះ ទើប​ជា​ការ​អនុវត្ត​ខុស​នីតិវិធី៖ «ជួប​បញ្ហា​លំបាក​ ដោយសារ​តែ​គ្មាន​អ្នក​បង្គោល​ក្នុង​គ្រួសារ ព្រោះ​ស្វាមី​ខ្ញុំ​ជា​អ្នក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ហើយ​ម៉្យាង​ទៀត​ម្ដាយ​ខ្ញុំ​ពិការ។ នៅ​ពេល​អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​កាន់​តែ​លំបាក»

ស្ថិតិ​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ បាន​កើន​ឡើង​ពី ២៥% ទៅ ៣០%។ អ្នក​សង្កេតការណ៍​អន្តរជាតិ​កត់​សម្គាល់​ឃើញ​ថា អ្នក​ដែល​រង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈពេល​វែង ភាគ​ច្រើន​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

ការ​វិភាគ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ទៅ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​ទៅ​លើ​សកម្មជន​ទាំង​នោះ និង​ដោះ​លែង​ឲ្យ​មាន​សេរីភាព។ ភរិយា​របស់​លោក ស៊ីម សំណាង គឺ​លោកស្រី ថា សុភា បន្ត​ថា នៅ​ពេល​ស្វាមី​លោកស្រី​មាន​សេរីភាព​ឡើង​វិញ លោកស្រី​នៅ​តែ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ស្វាមី​លោកស្រី ទោះ​ស្វាមី​បន្ត​ធ្វើ​ការងារ​សង្គម​ដដែល ឬ​ប្រកប​ការងារ​ធម្មតា​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។