មន្ត្រីអ្នកនាំពាក្យនៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឱម ច័ន្ទតារា មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១៨ ខែមីនា ថា ខ្លឹមសារសេចក្ដីព្រាងច្បាប់សុំឲ្យធ្វើវិសោធនកម្មលើមាត្រាមួយចំនួន ត្រូវបានក្រុមអ្នកច្បាប់នៅទីស្ដីការគណៈរដ្ឋមន្រ្តី ពិនិត្យ និងសម្រេចហើយ កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅ។
ខ្លឹមសារសំខាន់ដែលចង់ធ្វើវិសោធនកម្មនោះ គឺដើម្បីឲ្យចៅក្រមតុលាការអាចចាត់ចែងទៅលើវត្ថុតាងនានា ដែលរឹបអូសបានហើយមិនមានអត្តសញ្ញាណម្ចាស់កម្មសិទ្ធិ ក្រោយពេលសាលក្រមតុលាការចូលជាស្ថាពរហើយ។
លោក ឱម ច័ន្ទតារា ប្រធាននាយកដ្ឋានសារគមនាគមន៍នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា មាត្រាមួយចំនួនក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដែលត្រូវធ្វើវិសោធនកម្មនោះ រួមមានមាត្រា ២៤៧ មាត្រា ៣៦៨ មាត្រា ៣៧២ និងមាត្រា ៣៨២។
លោក ឱម ច័ន្ទតារា៖ «ការធ្វើវិសោធនកម្ម គឺផ្ដើមចេញពីកាលមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ គឺលោកបានដាក់បញ្ជាឲ្យបង្ក្រាបបទល្មើសព្រៃឈើ ហើយអាជ្ញាធរបានបង្ក្រាបដោយជោគជ័យជាច្រើនករណី។ អ្វីដែលនៅមានបញ្ហា គឺយើងមិនអាចរឹបអូសទ្រព្យសម្បត្តិ ដូចជារថយន្ត និងមធ្យោបាយរបស់ឈ្មួញ និងពួកខិលខូចទាំងនោះបាន ដោយសារយើងនៅខ្វះនីតិវិធីច្បាប់។ អ៊ីចឹងយោងតាមការណែនាំរបស់សម្ដេចក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី កាលពីចុងខែធ្នូ ឆ្នាំ២០១២ កន្លងទៅ គឺឲ្យក្រសួងយុត្តិធម៌ ធ្វើការតាក់តែងវិសោធនកម្មមាត្រាមួយចំនួនក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបើកច្រកឲ្យចៅក្រមមានសិទ្ធិក្នុងការអនុវត្តនីតិវិធីក្នុងការរឹបអូសទ្រព្យសម្បត្តិ និងអចលនទ្រព្យដែលឈ្មួញប្រើក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើនេះ»។
មាត្រា ២៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌមានចែងអំពីដីកាដំណោះស្រាយ។ ខ្លឹមសារសំខាន់នៅក្នុងមាត្រានេះ គឺចៅក្រមស៊ើបសួរបិទការស៊ើបសួរតាមដីកាដំណោះស្រាយ។ ដីកានេះអាចជាដីកាបញ្ជូនទៅជំនុំជម្រះ ឬដីកាលើកលែងការចោទប្រកាន់។ ចំណែកមាត្រា ៣៦៨ ចែងរយៈពេលសម្រាប់ធ្វើបណ្ដឹងទាស់។ ខ្លឹមសារសំខាន់នៅក្នុងមាត្រានេះ គឺនិយាយអំពីរយៈពេលធ្វើបណ្ដឹងទាស់ គឺមានចំនួន ១៥ថ្ងៃ។ ចំពោះមាត្រា ៣៧២ មានចែងអំពីបណ្ដឹងទាស់ដែលធ្វើឡើងដោយដើមបណ្ដឹងរដ្ឋប្បវេណី ឬអ្នកទទួលខុសត្រូវរដ្ឋប្បវេណី និងមាត្រា ៣៨២ ចែងអំពីរយៈពេលប្ដឹងឧទ្ធរណ៍របស់ពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី។
មន្ត្រីអ្នកនាំពាក្យនៅទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ក្រោយពីក្រុមអ្នកជំនាញច្បាប់នៅទីស្ដីការគណៈរដ្ឋមន្ត្រី ពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងវិសោធនកម្មច្បាប់នោះហើយ ជំហានបន្ទាប់គឺអង្គប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី នឹងពិនិត្យសម្រេចលើសេចក្ដីព្រាងច្បាប់នោះរួចហើយ បានបញ្ជូនទៅឲ្យសមាជិកសភាពិនិត្យសម្រេចជាបន្តទៀត។
ទាក់ទងជាមួយគម្រោងធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនេះ លោក សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា គាំទ្រសកម្មភាពនេះ ប៉ុន្តែលោកសុំឲ្យរដ្ឋាភិបាល និងសមាជិករដ្ឋសភា មេត្តាពិនិត្យ និងចែងនិយមន័យឲ្យបានច្បាស់លាស់លើពាក្យថា វត្ថុខុសច្បាប់ និងមធ្យោបាយប្រព្រឹត្តបទល្មើស។ ពីព្រោះមានមធ្យោបាយប្រព្រឹត្តបទល្មើសខ្លះជនល្មើសបានជួល ឬខ្ចីពីប្រជាពលរដ្ឋស្លូតត្រង់យកមកប្រព្រឹត្តបទល្មើស ហើយម្ចាស់យានយន្ត ឬម្ចាស់មធ្យោបាយប្រព្រឹត្តបទល្មើសនោះ អាចត្រូវអាជ្ញាធរមានសមត្ថកិច្ចចោទប្រកាន់ពីបទសមគំនិតប្រព្រឹត្តបទល្មើសទៀតផង។
លោក សុក សំអឿន៖ «ត្រូវគោរពសិទ្ធិម្ចាស់កម្មសិទ្ធិរបស់គេ។ ទី១ បើវត្ថុនោះខុសច្បាប់រឹបអូសយកចុះ។ ទី២ វាទាក់ទងជាមួយមធ្យោបាយប្រព្រឹត្តបទល្មើស។ ដូច្នេះត្រូវរកឲ្យឃើញថា វត្ថុនោះទាក់ទិនជាមួយបទល្មើស។ តែច្បាប់ត្រូវសរសេរឲ្យច្បាស់ទាក់ទងជាមួយសិទ្ធិប្រជាពលរដ្ឋដែរ»។
ទាក់ទងការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនេះដែរ ប្រធានក្រុមអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា មានប្រសាសន៍ថា ការធ្វើវិសោធនកម្មមាត្រានានានេះ គេត្រូវប្រុងប្រយ័ត្នកុំឲ្យមានការភាន់ច្រឡំ ចៀសវាងចៅក្រមតុលាការចាត់ចែងវត្ថុតាងមុនពេលសំណុំរឿងបញ្ចប់ ហើយមានសាលក្រមស្ថាពរ។
លោក នី ចរិយា៖ «តុលាការមានសិទ្ធិចាត់ចែងទ្រព្យសម្បត្តិទាំងអស់នោះ។ នៅពេលដែលខ្លួនសម្រេចសេចក្ដី ឧទាហរណ៍ នៅពេលដែលចាប់ឈើបាន នៅពេលសម្រេចសេចក្ដី តុលាការអាចមានសិទ្ធិចាត់យកវត្ថុនោះជាសម្បត្តិរដ្ឋ ហើយអាចយកទៅចាត់ចែងដេញថ្លៃបានដូចតែគ្នាហ្នឹង។ ផ្ទុយទៅវិញ បើយើងធ្វើវិសោធនកម្មមាត្រាទាំងអស់នេះហើយ ហើយចៅក្រម ព្រះរាជអាជ្ញា ចាត់ចែងវត្ថុទាំងអស់នេះមុនការសម្រេចសេចក្ដី គឺជាការធ្វើឲ្យបាត់ភស្តុតាង ដោយសារតុលាការនោះឯង វាអាចធ្វើឲ្យជនសង្ស័យពាក់ព័ន្ធរឿងនេះបាត់ដានទៅវិញ»។
ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មានចំនួន ៦១២មាត្រា។ ក្រមនេះត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៧ ហើយព្រឹទ្ធសភាបានអនុម័តយល់ព្រមកាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០០៧។ ក្រមនីតិវិធីព្រហ្មទណ្ឌនេះ ជាលទ្ធផលការងារអស់រយៈពេលជិត ១០ឆ្នាំ របស់ក្រសួងយុត្តិធម៌ ដោយមានជំនួយសហប្រតិបត្តិការពីប្រទេសបារាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។