តុលាការផ្អាកសវនាការជំនុំជម្រះក្ដីសំណុំរឿងមន្ត្រីនិងសកម្មជនបក្សប្រឆាំង១១នាក់
2015.03.27
មេធាវីការពារក្តីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ សម្ដែងការមិនសប្បាយចិត្ត បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសផ្អាកសវនាការជំនុំជម្រះសំណុំរឿងកូនក្តីរបស់ពួកគេ ហើយលើកទៅធ្វើបន្តនៅថ្ងៃទី២០ ខែមេសា ខាងមុខ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ មីនា បានបើកសវនាការពេញមួយថ្ងៃ ជំនុំជម្រះទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ១១រូប ក្នុងនោះក៏មាន លោក មាជ សុវណ្ណារ៉ា ផងដែរ។ ប៉ុន្តែនៅទីបំផុត មានតែចុងចោទ ១រូបប៉ុណ្ណោះ ដែលត្រូវតុលាការសាកសួរចប់សព្វគ្រប់។
មេធាវីការពារក្តីឲ្យសកម្មជនបក្សប្រឆាំងយល់ឃើញថា ការអូសបន្លាយពេលវេលាសវនាការយូរពេក វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពកូនក្តីរបស់ពួកគេ។
មេធាវីការពារក្តីឲ្យ លោក មាជ សុវណ្ណារ៉ា លោក ចាន់ ចេន បានថ្លែងដោយងឿងឆ្ងល់ នៅបន្ទាប់ពីអង្គសវនាការថា ការអូសបន្លាយពេលវេលាជំនុំជម្រះទៅលើកូនក្តីរបស់លោកមួយលើកជាពីរលើកដូចនេះ មិនដឹងថាតុលាការមានចេតនាយ៉ាងណានោះទេ។ ប៉ុន្តែលោកថា បើទោះជាតុលាការមានអាថ៌កំបាំងយ៉ាងណាក្តី អ្នកដែលរងផលប៉ះពាល់នោះ គឺកូនក្តីរបស់លោកដែលកំពុងឋិតនៅក្នុងពន្ធនាគារ៖ «ខ្ញុំគិតថាវាប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់កូនក្តី ពីព្រោះកូនក្តីខ្ញុំគាត់មិនមែននៅក្នុងពន្ធនាគារ។ ដូច្នេះការពន្យារពេលរហូតដល់ចូលឆ្នាំចប់ ហើយមិនដឹងថាក្រោយថ្ងៃទី២០ មេសា តុលាការនឹងពន្យារពេលដល់ពេលណាទៀតនោះទេ»។
ក្នុងសវនាការពេញមួយថ្ងៃកាលពីថ្ងៃទី២៧ មីនា តុលាការបានចំណាយអស់ពេលមួយព្រឹក ដើម្បីជំនុំជម្រះទៅលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនបក្សសង្រ្គោះជាតិ ពីររូប គឺលោក អ៊ុក ពេជ្រសំណាង និងលោក ទេព ណារិន។ យ៉ាងណាក៏ដោយ ចៅក្រមបានសម្រេចភ្លាមៗមិនឲ្យលោកទាំងពីរនាក់បាននៅក្រៅឃុំឡើយ។
ចំណែកនៅពេលរសៀលវិញ តុលាការបានបើកការជំនុំជម្រះបានតែទៅលើមនុស្ស ២នាក់ប៉ុណ្ណោះ គឺលើ លោក អឿ ណារិទ្ធ ដែលជាជំនួយការរបស់ អ្នកស្រី មូរ សុខហួរ និងលោក ឃិន ចំរឿន ប្រធានយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំក្រុងភ្នំពេញ។ តែទោះយ៉ាងណា សវនាការលើ លោក ឃិន ចំរឿន ធ្វើឡើងបានតែពាក់កណ្ដាលប៉ុណ្ណោះ ព្រោះតុលាការដល់ម៉ោងសម្រាក។ ពេលនោះ ចៅក្រមក៏បានសម្រេចផ្អាកសវនាការរហូតដល់ពេលចូលឆ្នាំខ្មែររួច។
មន្ត្រីគ្រប់គ្រងបច្ចេកទេសការិយាល័យឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត ដែលបានចូលរួមឃ្លាំមើលការកាត់ក្តីដែរនោះ កត់សម្គាល់ថា ការផ្អាកសវនាការរយៈពេលយូរវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ចុងចោទនោះទេ ប៉ុន្តែវាធ្វើឲ្យការទន្ទឹងរង់ចាំយុត្តិធម៌របស់ពួកគេ ត្រូវអូសបន្លាយកាន់តែយូរ៖ «ធ្វើឲ្យប៉ះពាល់សិទ្ធិ ប៉ះពាល់សុខភាពរបស់ពួកគាត់រស់នៅក្នុងពន្ធនាគារ ហើយការប្រាស្រ័យទាក់ទងពីក្រុមគ្រួសារទៅពួកគាត់ ត្រូវចំណាយពេលវេលា និងថវិកាច្រើនតទៅទៀត»។
សកម្មជនគណបក្សសង្រ្គោះជាតិ ទាំង ១១នាក់ ត្រូវបានអាជ្ញាធរចោទប្រកាន់ពីបទដឹកនាំកុប្បកម្ម និងចូលរួមក្នុងចលនាកុប្បកម្ម ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ។ ក្នុងនោះ លោក មាជ សុវណ្ណារ៉ា និងសកម្មជន ៤នាក់ផ្សេងទៀត ត្រូវបានតុលាការឃុំខ្លួន ខណៈសកម្មជន ៦រូបទៀត ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
មួយថ្ងៃមុនការការជំនុំជម្រះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានអំពាវនាវឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់បទចោទប្រកាន់ប្រឆាំងទៅនឹងសកម្មជនបក្សប្រឆាំងទាំងអស់នោះ ព្រោះ យូមែន រ៉ៃត៍ វ៉ច្ឆ យល់ថា ការចោទប្រកាន់របស់រដ្ឋាភិបាល គ្មានមូលដ្ឋាន ហើយវាពាក់ព័ន្ធនឹងរឿងនយោបាយ។
អំពើហិង្សានៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យរវាងកងសន្តិសុខរដ្ឋាភិបាល និងអ្នកគាំទ្របក្សប្រឆាំង បានបណ្ដាលឲ្យកងសន្តិសុខ និងក្រុមបាតុកររងរបួសទាំងសងខាង។ យ៉ាងណាក៏ដោយ យូមែន រ៉ៃត៍ វ៉ច្ឆ សម្ដែងការខកចិត្តនៅពេលដែលអាជ្ញាធរចាប់ខ្លួនតែទៅលើសកម្មជនបក្សប្រឆាំង ប៉ុន្តែមិនបានបើកការស៊ើបអង្កេតទៅលើកម្លាំងសន្តិសុខដែលបានបង្ករបួសស្នាមដល់ពលរដ្ឋ៕