តុលាការ​ក្រុង​ភ្នំពេញ​សាកសួរ​អ្នកស្រី ទេព វន្នី បន្ថែម​ករណី​ហិង្សា​កាល​ពី​ឆ្នាំ​២០១៣

ដោយ ប្រាជ្ញ ចេវ
2016.09.08
ទេព វន្នី ២០១៦ ៨៥៥ តំណាង​សហគមន៍​​បឹងកក់ អ្នកស្រី ទេព វន្នី ពេល​សមត្ថកិច្ច​បញ្ជូន​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​រថយន្ត​ទៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

តុលាការ​ក្រុង​ភ្នំពេញ សាកសួរ​សកម្មជន​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី បន្ថែម​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កញ្ញា ទាក់ទង​ករណី​ហិង្សា​នៅ​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣។ ចំណែក​អ្នកស្រី ទេព វន្នី និយាយ​ក្រោយ​ការ​សាកសួរ​របស់​ចៅក្រម​ស៊ើបសួរ​ថា ព្រះរាជអាជ្ញា​ស្នើ​ឲ្យ​ចៅក្រម​ឃុំ​ខ្លួន​អ្នកស្រី។

ការ​សាកសួរ​របស់​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ពេល​នេះ​ទៅ​លើ​សំណុំ​រឿង​មួយ​ក្នុង​ចំណោម​បទ​ចោទ​ចំនួន​ពីរ ដែល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី។

ក្រោយ​ចប់​ការ​សាកសួរ ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) របស់​លោក​ថា ចៅក្រម​ស៊ើបសួរ​លោក នូ វាសនា បាន​សាកសួរ​បន្ថែម​ទៅ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ទេព វន្នី ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​កាល​ពី​ឆ្នាំ​២០១៣ តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ។

ចំណែក​មេធាវី​ការពារ​ក្តី​អ្នកស្រី ទេព វន្នី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ។

ក្នុង​សម្លៀកបំពាក់​ពណ៌​ស្លា​ទុំ សកម្មជន​ដីធ្លី​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​តំបន់​បឹងកក់ ក្រុង​ភ្នំពេញ អ្នកស្រី ទេព វន្នី ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ពី​ពន្ធនាគារ​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ម៉ោង​ជាង ៧​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កញ្ញា។

អ្នកស្រី ទេព វន្នី និយាយ​ថា ព្រះរាជអាជ្ញា​ស្នើ​ឲ្យ​ចៅក្រម​ឃុំ​ខ្លួន​អ្នកស្រី៖ «អត់​មាន​រឿង​អី​ទេ ព្រះរាជអាជ្ញា​គ្រាន់​តែ​ទៅ​ដល់​សុំ​ឲ្យ​ចៅក្រម​ឃុំ​ខ្លួន»

សកម្មជន​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​កាន់​បដា​តវ៉ា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Rann Samnang
សកម្មជន​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​កាន់​បដា​តវ៉ា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

ក្រោយ​ចប់​ការ​សាកសួរ សមត្ថកិច្ច​បាន​បញ្ជូន​អ្នកស្រី ទេព វន្នី ទៅ​ឃុំ​ខ្លួន​បន្ត​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​កន្លែង​ដែល​អ្នកស្រី​បាន​ជាប់​ឃុំ​ចំនួន ២៥​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​តុលាការ​បាន​ចោទ​ប្រកាន់​អ្នកស្រី​ចំនួន​ពីរ​ករណី គឺ​បទ​ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

ចំណែក​នៅ​ខាង​មុខ​របង​នៃ​តុលាការ​ក្រុង មាន​សកម្មជន​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ ២០​នាក់​នាំ​គ្នា​កាន់​បដា​ស្រែក​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី។

ស្ត្រី​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​របស់​លោក​ឡើង​វិញ ករណី​ផ្ទុះ​ហិង្សា​កាល​ពី​ឆ្នាំ​២០១៣។ កញ្ញា​បន្ត​ថា ករណី​ហិង្សា​នៅ​ពេល​នោះ ក្រុម​សមត្ថកិច្ច និង​សន្តិសុខ​របស់​ក្រុង​ជា​អ្នក​បង្ក​ហិង្សា​ទេ។ កញ្ញា​យល់​ថា ការ​សើរើ​រឿង​នេះ​ឡើង​វិញ ជា​ការ​ដាក់​គំនាប​របស់​អាជ្ញាធរ​មិន​ឲ្យ​ក្រុម​សហគមន៍​បឹងកក់ ទាមទារ​រឿង​ដីធ្លី និង​ទាមទារ​រក​យុត្តិធម៌​រឿង​ផ្សេង​ទៀត៖ «ខ្ញុំ​សង្ឃឹម​ថា សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គាត់​មិន​ឈរ​ឱប​ដៃ​មើល​នូវ​ភាព​អយុត្តិធម៌​ដែល​បុរស​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី ហើយ​បែរ​ជា​កាឡៃ​ចោទ​ប្រកាន់​លាប​ពណ៌​ស្ត្រី​ជា​អ្នក​បង្ក​ហិង្សា​ទៅ​វិញ។ ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​មើល​មន្ត្រី​គាត់​ឡើង​វិញ»

សំណុំ​រឿង​ហិង្សា​ទៅ​លើ​អាជ្ញាធរ​សាធារណៈ​នេះ​ដែរ ក្រុម​ស្ត្រី​បឹងកក់​ពីរ​រូប គឺ​លោកស្រី បូ ឆវី និង​អ្នកស្រី គង់ ចន្ថា នឹង​ឡើង​ទៅ​បំភ្លឺ​តុលាការ​ឲ្យ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ខាង​មុខ។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ជាមួយ​អ្នកស្រី បូវ សោភា ជា​សកម្មជន​ដីធ្លី​ដូច​គ្នា​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា នៅ​ពេល​ដឹកនាំ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ក្នុង​សហគមន៍​បឹងកក់។ ប៉ុន្តែ​អ្នកស្រី បូវ សោភា ត្រូវ​បាន​ដោះលែង​វិញ​បន្ទាប់​ពី​ត្រូវ​ឃុំ​ខ្លួន​មួយ​រយៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។