លោក ហ៊ុន សែន មិន​ខ្វល់​ពី​ប្រតិកម្ម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំពោះ​ច្បាប់​បោះ​ឆ្នោត​ថ្មី

ដោយ ទីន ហ្សាការីយ៉ា
2015.03.10
ហ៊ុន សែន ៦២០ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១៤។
RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ចំអក​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ថា​មាន​ជំងឺ​តួឯក ដែល​តាំង​ខ្លួន​ឯង​ថា​ជា​មនុស្ស​សំខាន់ ដែល​ធ្វើ​ពហិការ​មិន​ចូលរួម​សិក្ខា​សាលា​ស្ដីពី​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​សេចក្តី​ព្រាង​ច្បាប់​កែ​ទម្រង់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

លោក ហ៊ុន សែន មាន​ប្រតិកម្ម​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា ដូច្នេះ ដោយសារ​តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​ការងារ​បោះ​ឆ្នោត​កន្លង​មក មិន​ចូលរួម​ក្នុង​សិក្ខា​សាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ដែល​រៀបចំ​ដោយ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​៩ មីនា នៅ​វិមាន​រដ្ឋសភា ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា រដ្ឋសភា​នឹង​មិន​អញ្ជើញ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ក្នុង​សិក្ខា​សាលា ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​ទៀត​ទេ ទោះ​បី​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នេះ មិន​ចូលរួម​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ នឹង​មិន​គាំង​ទេ បើ​សិន​ជា​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ​ចេញ​មិន​រួច ក៏​នៅ​មាន​ច្បាប់​ចាស់ និង គ.ជ.ប ដែល​មាន​ជា​ធរមាន អាច​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ដែរ ដោយ​យោង​លើ​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា នោះ៖ «ម្សិលមិញ​សិក្ខា​សាលា​អំពី​ច្បាប់​បោះ​ឆ្នោត​ដែល​មាន​ការ​សម្រប​សម្រួល​ដោយ​គណបក្ស​ទាំង​ពីរ ដោយសារ​តែ​លង់​ដោយ​ជំងឺ​តួឯក ហើយ​មាន​អង្គការ​ខ្លះ​គេ​ធ្វើ​ពហិការ ស្មាន​ថា​ធ្វើ​ពហិការ​ហ្នឹង​គេ​ងាប់​អី ធ្វើ​ទៅ? ឥឡូវ​ឮ​ថា បើ​អញ្ជើញ​លើក​ក្រោយ​គេ​នឹង​ទៅ គ្មាន​ពេល​ទេ ទៅ​ឬ​មិន​ទៅ​ជា​រឿង​របស់​លោក​ឯង​ទេ គ្មាន​នរណា​គេ​តម្រូវ​ចិត្ត​របស់​លោក​ឯង​ប៉ុន្មាន​នាក់​នោះ​ទេ?»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​វិភាគ​ចាត់​ទុក​ការ​សិក្ខា​សាលា​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នោះ គ្រាន់​តែ​ជា​ល្ខោន​ឲ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ។ ហើយ​បញ្ជាក់​ថា ពួក​គាត់​មិន​ទៅ​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះ ដោយសារ​តែ​មិន​ចង់​ទៅ​ប្រថាប់​ត្រា​ក្នុង​សិក្ខា​សាលា​នេះ។

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និង​តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា (ERA) មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មិន​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះ ដោយសារ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ មិន​បាន​ផ្ដល់​របៀបវារៈ​ជា​មុន។ លោក គល់ បញ្ញា បាន​ហៅ​សិក្ខា​សាលា​នេះ​ថា គ្រាន់​តែ​ជា​ការ​ប្រជុំ​មួយ​ធម្មតា​ប៉ុណ្ណោះ។

ក្រោយ​ពី​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បាន​ធ្វើ​សិក្ខា​សាលា​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៩ មីនា នោះ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ភ្លាមៗ មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី និង​សេចក្ដី​ព្រាង​ច្បាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ឡើយ ដោយ​ពួក​គេ​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ ថា​គ្មាន​គុណភាព​ច្បាប់ និង​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល។ល។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មិន​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះ​ជា​កាយវិការ​ត្រឹមត្រូវ ព្រោះ​សិក្ខា​សាលា​នេះ​ជា​សិក្ខា​សាលា​ប្រថាប់​ត្រា មិន​មែន​ពិគ្រោះ​យោបល់​នោះ​ទេ៖ «រៀបចំ​ឡើង​ប្រថាប់​ត្រា​ហ្នឹង រំលោភ​រដ្ឋធម្មនុញ្ញ ខ្ញុំ​គាំទ្រ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​ចូលរួម​រដ្ឋាភិបាល​មិន​ស្ដាប់ អ៊ិន.ជី.អូ (NGO) ហ្នឹង គឺ​មិន​ស្ដាប់​យូរ​មក​ហើយ តែ​កន្លែង​ខ្លះ​ក៏​គេ​ទទួល​យក​ទេ មិន​សំខាន់​ទេ បរិបទ​នេះ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន»

មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​គណបក្ស​ទាំង​ពីរ​នឹង​រៀបចំ​សិក្ខា​សាលា​ទៀត ឬ​យ៉ាង​ណា? ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ ឲ្យ​ដឹង​នៅ​ក្នុង​សិក្ខា​សាលា​ថា គេ​ទុក​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ជា​អ្នក​សម្រេច។ ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​សារ​មិន​ខ្វល់​ពី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ច្បាប់​នេះ ឬ​មិន​គាំទ្រ​នោះ ហាក់​ដូចជា​លោក​មិន​ចង់​ឲ្យ​មាន​សិក្ខា​សាលា​បន្ត​ទៀត ព្រោះ​លោក​សំអាង​លើ គ.ជ.ប ថ្មី មិន​ត្រូវ​បាន​បង្កើត​ឡើង ក៏​នៅ​មាន គ.ជ.ប ចាស់ នៅ​មាន​ជា​ធរមាន​ដែរ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អះអាង​ថា ការ​ធ្វើ​ច្បាប់​ថ្មី​ទាំង​ពីរ​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​បើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​បាន​ដាក់​ឲ្យ​ពិគ្រោះ​យោបល់ និង​ទទួល​យក​អនុសាសន៍​យ៉ាង​ទូលំទូលាយ​ទេ​នោះ ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ នៅ​តែ​មិន​ត្រឹមត្រូវ ឯករាជ្យ សេរី និង​យុត្តិធម៌​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។