ស្វាមី​ស្ត្រី​ដែល​ស្លាប់​ពេល​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ជប៉ុន​ទទូច​ឲ្យ​តុលាការ​បើកសវនាការ

ដោយ មាន ឫទ្ធិ
2017.12.03
ជូ ភារ៉ា ប្ដី​ស្ត្រី​ស្លាប់ សម្រាល​កូន ៦២២ លោក ជូ ភារ៉ា ផ្ដល់​បទ​សម្ភាសន៍ នៅ​គេហដ្ឋាន​របស់​លោក ស្ថិត​នៅ​ភូមិ​ត្រពាំងស្វាយ ឃុំ​ក្រាំងម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១៧។
RFA

ស្វាមី​របស់​ស្ត្រី​ដែល​ស្លាប់​ពេល​សម្រាល​កូន នៅ​មន្ទីរពេទ្យ​ស្រលាញ់​ទារក ឬ​ពេទ្យ​ជប៉ុន ទទូច​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​លើ​បណ្ដឹង​របស់​លោក ដែល​បាន​ប្ដឹង​អ្នកដឹកនាំ​មន្ទីរពេទ្យ​ជប៉ុន​ឲ្យ​បាន​ឆាប់។

លោក ជូ ភារ៉ា អះអាង​ថា ចាប់​តាំងពី​លោក​ដាក់​ពាក្យ​បណ្ដឹង ក្រោយ​ពេល​ប្រពន្ធ និង​កូន​ស្លាប់ ជាង​កន្លះ​ឆ្នាំ​មកនេះ សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​បាន​បើកសវនាការ​នោះ​ទេ។ លោក​ទាមទារ​ឲ្យ​សាលាដំបូង​ក្រុងភ្នំពេញ កោះហៅ​ចុងចោទ​តទល់​គ្នា​ជាមួយ​លោក នៅ​ក្នុង​សវនាការ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រពន្ធ និង​កូនស្រី ដែល​ស្លាប់​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ព្រោះតែ​ការ​ធ្វេស​ប្រហែល​របស់​ក្រុម​គ្រូពេទ្យ និង​ភាព​មិន​ទទួលខុសត្រូវ​របស់​អ្នកដឹកនាំ​នៃ​មន្ទីរពេទ្យ​ជប៉ុន។ «»

កម្មការិនី​រោងចក្រ​កាត់ដេរ ឈ្មោះ ឈា សារិន ហៅ​ស្រីមុំ បាន​ស្លាប់​នៅ​ពេល​សម្រាល​កូនស្រី​ដែល​ជា​កូន​ទី​៣ កាលពី​ព្រលប់​ថ្ងៃ​ទី​២៨ ខែ​ឧសភា នៅ​បន្ទប់​សម្រាលកូន នៃ​មន្ទីរពេទ្យ​ស្រលាញ់​ទារក ឬ​ហៅ​ពេទ្យ​ជប៉ុន។ ស្វាមី​សព គឺ លោក ជូ ភារ៉ា អះអាង​ថា លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា មាន​គ្រូពេទ្យ​ម្នាក់​បាន​លូកដៃ​បង្កើត​កូនលោក តែ​បែរជា​ប្រពន្ធ​របស់​លោក​ធ្លាក់ឈាម ហើយ ៥​នាទី​ក្រោយ​មក ប្រពន្ធ​លោក​បាន​ស្លាប់​នៅ​លើ​គ្រែ​សម្រាល​ទាំង​មិន​ទាន់​បាន​សម្រាលកូន។

លោក ជូ ភារ៉ា រំលឹក​ថា នៅ​ពេល​ប្រពន្ធ និង​កូន​លោក​ស្លាប់ ក្រុម​គ្រូពេទ្យ​នាំគ្នា​ផ្អើល​ឆោឡោ ដោយ ស្ត្រី​ជា​គ្រូពេទ្យ​ម្នាក់ ដែល​បាន​ប្រើ​ពាក្យ​អសុរោះ​ពេល​បង្កើត​កូន​ឲ្យ​ប្រពន្ធ​លោក បាន​រត់គេច​នៅ​ពេល​ឆោឡោ​នោះ ខណៈ​លោក​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​ឱប​សព​ប្រពន្ធ ហើយ​ស្រែកយំ​នោះ​ទេ។ ក្រុម​គ្រូពេទ្យ​ក្មេងៗ បាន​រុញ​សព​ប្រពន្ធ​លោក​ទៅ​បន្ទប់សង្គ្រោះបន្ទាន់ ហើយ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក ទើប​មាន​វេជ្ជបណ្ឌិត​មក​ពិនិត្យ​សព​ប្រពន្ធ​លោក និង​បាន​ប្រាប់​លោក​ថា ប្រពន្ធ និង​កូន​ស្លាប់​ហើយ រួច​វេជ្ជបណ្ឌិត​ម្នាក់​នោះ​ក៏បាន​ដើរ​ចេញទៅ។ លោក​ថា លោក​ទន់​ដៃ​ទន់ជើង តក់​ស្លុក មិន​អាច​ធ្វើ​អ្វី​បាន ក្រៅពី​យំ​ឱប​សព​ប្រពន្ធ​ស្លាប់​ទាំង​ពោះ​ធំ​កាន់​តែ​ខ្លាំង​ទៅៗ។ ក្រោយ​មក ខាង​មន្ទីរពេទ្យ​គ្រាន់​ប្រាប់​លោក​ថា ប្រពន្ធ​លោក​មាន​ជំងឺ​ម្យ៉ាង​ដែល​មិន​អាច​សង្គ្រោះ​បាន ទោះជា​នៅ​អាមេរិក ក៏​មិន​អាច​សង្គ្រោះ​បាន​ដែរ។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ ដោយ​អះអាង​ថា ករណី​នោះ ជា​ឧបទ្ទវហេតុ ដែល​ក្រុម​គ្រូពេទ្យ​បាន​ជួយសង្គ្រោះ​អស់ពី​សមត្ថភាព​របស់​គ្រូពេទ្យ។ ប៉ុន្តែ​ស្វាមី​សព ដែល​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់ បដិសេធ​មិន​ទទួលយក​សេចក្ដី​បំភ្លឺ​របស់​ក្រសួងសុខាភិបាល និង​បាន​ហៅ​សេចក្ដី​បំភ្លឺ​នោះ​ថា គ្រាន់​ជា​លេស​យក​រួចខ្លួន ដើម្បី​គេច​វេស​ពី​ភាព​មិន​ទទួលខុសត្រូវ និង​ការ​ខ្ជីខ្ជា​របស់​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ជប៉ុន។

នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា មន្ទីរពេទ្យ​ជប៉ុន ជា​មន្ទីរពេទ្យ​លំដាប់​នៅ​កម្ពុជា ដូច្នេះ​ថ្នាក់ដឹកនាំ និង​ក្រុម​គ្រូពេទ្យ​ដែល​ចូលរួម​បង្កើត​កូន​ឲ្យ​កម្មការិនី ឈា សារិន គួរតែ​ចេញមុខ​បកស្រាយ និង​ព្យាយាម​ពន្យល់​ពី​បច្ចេកទេស​ដល់​ក្រុម​គ្រួសារ​សព បើ​ទោះ​ជា​គ្រូពេទ្យ​អាច​យល់​ថា ចំណេះដឹង​របស់​ពលរដ្ឋ​មិនសូវ​យល់​ពី​បច្ចេកទេស​សុខាភិបាល​ក៏ដោយ។ អ្នកស្រី រស់ សុភាព បញ្ជាក់​ថា ទាំង​អ្នកស្រី និង​ពលរដ្ឋ សុទ្ធតែ​មើល​ឃើញ​ថា អ្នក​ក្រីក្រ​មិនសូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ដិតដល់ ពី​មន្ទីរពេទ្យ​រដ្ឋ​នោះ​ទេ ហើយ​ចំណុច​ខ្វះខាត​ខ្លាំង គឺ​គ្រូពេទ្យ​ខ្លះ​ច្រើនតែ​នាំគ្នា​បិទបាំង​បន្ថែម​ទៀត ទើប​ធ្វើ​ឲ្យ​ករណី​ស្លាប់​អ្នកជំងឺ​នៅតែ​កើតមាន។ «»

ចំណែក​នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ យល់ថា ករណី​នេះ ដើម្បី​កុំ​ឲ្យ​បន្ត​ខូច​ឈ្មោះ របស់​មន្ទីរពេទ្យ ឬ​គ្រូពេទ្យ​នោះ អ្នក​ទទួលខុសត្រូវ​នៃ​មន្ទីរពេទ្យ គួរតែ​ចេញមុខ​ពន្យល់​ឲ្យ​ក្រុម​គ្រួសារ​អស់ចិត្ត។ «»

ស្វាមី​របស់​សព​កម្មការិនី​រងគ្រោះ​អះអាង​ថា ក្រុម​គ្រួសារ​នៅតែ​រង់ចាំ​ការ​ជជែក​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​ជប៉ុន ដើម្បី​ទទួល​បាន​ហេតុផល​ដ៏​សមស្រប​មួយ ដែល​ស្វាមី និង​ក្រុម​គ្រួសារ​អាច​ទទួលយក​បាន​។ ប៉ុន្តែ រហូតមកដល់​ថ្ងៃនេះ ពួកគេ​ហាក់​អស់សង្ឃឹម​នឹង​ភាព​ទទួលខុសត្រូវ​របស់​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ជប៉ុន ដោយសារ គ្មាន​ថ្នាក់ដឹកនាំ​ណា​ម្នាក់ ចេញ​មុន​ពន្យល់​ក្រុម​គ្រួសារ​សព​នោះ​ទេ គឺ​មានតែ​យករួចខ្លួន បើ​ទោះ​ជា​ប្រពន្ធ និង​កូន​ត្រូវ​ស្លាប់ យ៉ាង​អាណោចអាធ័ម។ ស្វាមី​សព លោក ជូ ភារ៉ា ថា មក​ដល់​ថ្ងៃនេះ លោក​សង្ឃឹម​តែ​ទៅលើ​តុលាការ​ក្រុងភ្នំពេញ​តែប៉ុណ្ណោះ ក្នុង​ការ​រក​យុត្តិធម៌​ឲ្យ​លោក និង​ក្រុម​គ្រួសារ ប៉ុន្តែ​លោក​ថា ជាង​កន្លះ​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ មិន​ឃើញ​តុលាការ​កោះ​ហៅ​លោក​សោះ។ លោក​ថា រាល់ថ្ងៃ លោក​ចាប់ផ្ដើម​សម្រក់​ទឹកភ្នែក នៅ​ពេល​ដែល​កូនប្រុស​តូចៗ​ទាំងពីរ សួរ​រក​ម្ដាយ​វា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។